ព្រះរាជអាជ្ញារងខេត្តព្រះសីហនុ ឈ្មោះ អុីវ ត្រាយ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវលេខ១៤៨ ត្រង់គីឡូម៉ែត្រ១៦-១៧
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅលើដងផ្លូវលេខ១៤៨ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦-១៧ ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបណ្តាលឱ្យអ្នកបើកបររថយន្តម្នាក់ រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្តម៉ាក ATOS ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2Q&-3706 បើកបរដោយ ឈ្មោះ លឹម វណ្ណលាភ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាអ្នកលក់ម្ហូបចល័ត មានទីលំនៅ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បើកបរក្នុងទិសដៅចេញពី ស្រុកស្ទឹងហាវ ឆ្ពោះទៅ ក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ ដោយមានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យផ្លូវរអិល ក៏បានបុកជាមួយ រថយន្ត ០១គ្រឿងទៀត ម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ BC-3654 ដែលបើកក្នុងទិសដៅពី ខេត្តព្រះសីហនុ មកស្រុកស្ទឹងហាវ (ទិសដៅបញ្ច្រាសគ្នា) បើកបរដោយព្រះរាជអាជ្ញារង ខេត្តព្រះសីហនុឈ្មោះ អុីវ ត្រាយ ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិ០២ ឃុំទំនប់រលក។
គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យអ្នកបើកបររថយន្តម៉ាក ATOS ឈ្មោះ លឹម វណ្ណលាភ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ ខេត្តព្រះសីហនុ។
ចំពោះ វត្ថុតាង(រថយន្ត) ត្រូវសមត្ថកិច្ច ស្ទូចយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕