លោក កឹម សុខា ផ្ញើសារជូនពរពលរដ្ឋ នាឱកាសឆ្លងឆ្នាំសកល ២០២៣

រាជធានីភ្នំពេញ ៖ នៅមុនពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២២-២០២៣ ចូលមកដល់ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះសារ កាលពីថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២
ចូលអបអរសាទរ ទិវាបុណ្យឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មីឆ្នាំសកល (ដាច់ឆ្នាំចាស់២០២២ ចូលឆ្នាំថ្មី ២០២៣)។

ខាងក្រោមនេះ ជាខ្លឹមសារ ទាំងស្រុង របស់ លោក កឹម សុខា ៖ ” សូមក្រាបថ្វាយបង្គំ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់ និងសូមគោរពបងប្អូនជនរួមជាតិ ជាទីគោរពរាប់អាន។

ក្នុងទិវាបុណ្យឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី ប្រពៃណីសកលនេះ ខ្ញុំព្រះករុណា ខ្ញុំ កឹម សុខា សូមផ្ញើ នូវសេចក្តីនឹករលឹក ប្រគេន និងជូនចំពោះបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅក្នុង និងក្រៅប្រទេសទាំងអស់ ដោយមនោសញ្ចេតនាប្រកបដោយភាតរភាព និងដោយក្តីស្រឡាញ់។

ឆ្លៀតឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំ ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិ ដែលតែងតែគោរពរាប់អាន តាមដាន លើក ទឹកចិត្តខ្ញុំដោយទទួលស្គាល់ និងផ្តល់តម្លៃ នូវ គោលជំហរអហិង្សា មិនយកខ្មែរណាជាសត្រូវ ការអត់ធ្មត់ ភាពស្អាតស្អំ និងការស្មោះត្រង់ របស់ខ្ញុំ ចំពោះជាតិមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។

ក្នុងឱកាស ដ៏វិសេសវិសាលនេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រៃ បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រទានពរជ័យ ជូនដល់បងប្អូនជនរួមជាតិខ្មែរ គ្រប់ស្រទាប់ជាន់ថ្នាក់ គ្រប់និន្នាការ ក៏ដូចជាមនុស្សលោកគ្រប់ជាតិសាសន៍ទាំងអស់ សូមឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ដោយចៀសផុតពីវិនាសកម្មនានា សង្គ្រាមបង្ហូរឈាម ការរំលោភបំពាន ជំងឺរាតត្បាត និងគ្រោះមហន្តរាយទាំងឡាយ ទោះបីគ្រោះនោះ បង្កដោយមនុស្ស ឬដោយធម្មជាតិក្តី។

ទន្ទឹមនឹងការចូលរួម អបអរសាទរទិវាឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មីនេះដែរ ក្នុងនាមជាខ្មែរ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែង នូវការអបអរសាទរ ដោយមោទនភាព ចំពោះអ្វីៗទាំងឡាយ វិស័យនានា ដែល «ខ្មែរធ្វើបាន» ជាវិជ្ជមាន ជាប្រយោជន៍ និងជាកិត្តិយសសម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ក្នុងឆ្នាំចាស់កន្លងមកនេះ។ ក៏ប៉ុន្តែអ្វីដែល «ខ្មែរធ្វើបាន» តែជាអវិជ្ជមាន ធ្វើឲ្យប៉ះពាល់ដល់ផល ប្រយោជន៍ និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋខ្មែរឈឺចាប់ និងបែកបាក់គ្នា ដូចជា៖
– ការយកខ្មែរដូចគ្នាជាសត្រូវ ដោយបង្កជម្លោះ ឈ្លោះគ្នាមិនចេះចប់ រហូតដល់កំចាត់គ្នា តាមរយៈការបណ្តុះ នូវវប្បធម៌ «មានឯងអត់អញ មានអញអត់ឯង» និង
– ការចោទប្រកាន់គ្នា ដោយមួលបង្កាច់ ជេរប្រមាថ យ៉ាងអយុត្តិធម៌ និងអសីលធម៌ តាមរយៈការបណ្តុះនូវវប្បធម៌ «លាបពណ៌គ្នា» ជាដើមនោះ សូមឲ្យលុបបំបាត់ បញ្ចប់ត្រឹមឆ្នាំចាស់ ឆ្លងផុតនេះទៅ កុំបន្សល់មរតកអាក្រក់នេះ ទុកឲ្យអ្នកជំនាន់ក្រោយបន្តវេនគុំកួនសងសឹកគ្នាតទៅទៀត។

សូមឆ្នាំថ្មី២០២៣ នាំមកនូវ សិរីសួស្តី សិទ្ធិសេរីភាព សាមគ្គីភាព សម្រាប់ខ្មែរគ្រប់គ្នា៕

អត្ថបទដែលជាប់ទាក់ទង