​ឧកញ៉ា ទៀ វិចិត្រ បន្តលែង​អណ្តើកសមុទ្រធំមួយក្បាលទៀត ​ក្នុងផែនការ​អភិរក្សសត្វកម្រនៅកម្ពុជា

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ មានប្រសាសន៍ថា កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រូបលោក បានទទួលសត្វអណ្តើកសមុទ្រធំ ​( ល្មិច ឬក្រាស់) មួយក្បាលទៀត ពីប្រជាពលរដ្ឋ ដើម្បីឲ្យរូបលោក នាំយកទៅ​លែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ ស្របតាមផែនការអភិរក្សសត្វកម្រ របស់លោក ដែលបានអនុវត្តជាបន្តបន្ទាប់មកនេះ។ លោកបន្តថា ការព្រលែងសត្វ​អណ្តើក​សមុទ្រ(ក្រាស់) នៅពេលនេះ គឺជាលើកទី១៣៤ របស់លោកហើយ។

លោកឧកញ៉ា បន្តថា គ្រប់ពេលដែលរូបលោកនាំយកអណ្តើកសមុទ្រ លែងចូលក្នុងសមុទ្រម្តងៗ គឺតែងបាន​កឹបសៀលតាមបច្ចេកទេស សម្រាប់សម្គាល់សត្វ​អណ្តើក​សមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រ ជាអន្តរជាតិ។ ហើយថា សៀល ដែលកឹបលើសត្វអណ្តើកសមុទ្រ​(ក្រាស់) មួយក្បាលនេះ គឺ KH 0801។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា កន្លងមក សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលលោកឧកញ៉ា ទទួលបានភាគច្រើនពីអ្នកនេសាទ​ គឺមិនទាន់មានកឹប​សៀល​នោះទេ ទើបលោកឧកញ៉ា បានរៀបចំធ្វើការកឹបសៀល​ឲ្យបានត្រឹមត្រូវ មុន​ពេលនាំយកទៅលែងឲ្យរស់នៅក្នុងសមុទ្រ ឬព្រែកទឹកប្រៃ ជាលក្ខណៈធម្មជាតិវិញ។

លោកថា ការកិបសៀលសម្គាល់នេះ គឺវាមានសារៈសំខាន់ណាស់ ព្រោះប្រសិនបើមានការនេសាទ បានសត្វសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលអ្នកនេសាទ ឃើញមានកិបសៀលសម្គាល់ គឺអ្នកនេសាទទាំងនៅក្នុងប្រទេសកម្ពុជា ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹង​លែងសត្វអណ្តើកនោះ ចូលទៅក្នុងទឹកសមុទ្រវិញ  ដោយមិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មនោះទេ។

​លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី,ធី,វី,ស៊ី ផងនោះ ​​បានថ្លែងអំណរគុណ​ដល់ស្មារតីសហការ របស់បងប្អូនប្រជានេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល នៅកម្ពុជា ជាមួយរូបលោក ក៏ដូចជា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់មកនេះ៕

អត្ថបទដែលជាប់ទាក់ទង