ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ ទៅដឹកអ្នកជំងឺ៣នាក់ ពីលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ទាន់ពេល
ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) បានបន្តបញ្ជូនអូប័រពេទ្យក្រុមហ៊ុន របស់លោក ឲ្យទៅដឹកជនរងគ្រោះ ចំនួន ៣នាក់ នៅលើដីកោះ នៃក្រុងកោះរ៉ុង បញ្ជូនមកសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យនាខេត្តព្រះសីហនុ ដោយសុវត្ថិភាព។
លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុផងនោះ មានប្រសាសន៍ថា សកម្មភាពសង្គ្រោះជនរងគ្រោះ ខាងលើនេះ ធ្វើឡើងក្នុង ២ករណីផ្សេងគ្នា គឺនៅយប់ថ្ងៃទី១៧ និងព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ដោយក្រុមការងារ របស់លោក បានបញ្ជូនអ្នកជំងឺ មកសង្គ្រោះនៅមន្ទីរពេទ្យ បានទាន់ពេលវេលា។
លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ករណីទាំង២នេះ គឺទី១ កើតឡើងនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ទទួលយកស្រ្តីជនជាតិខ្មែរម្នាក់ ឈ្មោះ សំ ដាវី អាយុ ៥២ឆ្នាំ មានជំងឺពោះវៀនដុះខ្នែង។ ករណីទី២ នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ទទួលយកបុរសម្នាក់ ឈ្មោះ ណាង ទក អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានជំងឺបេះដូង ហើយជនរងគ្រោះម្នាក់ទៀត ជាភ្ញៀវទេសចរបរទេស មកពីភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម គឺមានអាការៈមិនស្រួលខ្លួន ក៏បានស្នើសុំជិះអូប័រ ដើម្បីទៅឲ្យគ្រូពេទ្យពិនិត្យព្យាបាល ជាមួយគ្នាដែរ។
បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ បានបញ្ជូនតាមអូប័រពេទ្យក្រុមហ៊ុន ជី.ធី.វី.ស៊ី មកដល់ផែលើដីគោក រួចបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យ ដោយសុវត្ថិភាព៕