ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ៥គ្រឿង ចូលរួមស្វែងរក ជនជាតិចិនលិចទូកក្នុងលម្ហសមុទ្រ ដោយពេលនេះ រកឃើញ៣៣នាក់(ស្លាប់៣នាក់) និងនៅបាត់ខ្លួន៨នាក់ទៀត
ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រចំនួន ០៥គ្រឿង និងក្រុមការងារសង្គ្រោះក្រុមហ៊ុន ជីធីវីស៊ី របស់លោកឧកញ៉ា ចូលរួមជាមួយ រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីស្វែងរកជនជាតិចិន ដែលបានបាត់ខ្លួនក្នុងឧបទ្ទវហេតុ លិចទូកក្នុងលម្ហសមុទ្រ នៅចំណុចនិយាមកាម១០.២៥N ១០៣.១៦E ចន្លោះពយសារឿង និងកោះតាង ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
ចំពោះករណីនេះ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារ របស់លោកឧកញ៉ា បានស្វែងរកឃើញសាកសព ជនរងគ្រោះចំនួន ០២នាក់រួចហើយៗ កំពុងបញ្ជូនក្រុមការងារសង្គ្រោះ បន្តស្វែងរុករកជនរងគ្រោះ ដែលនៅសេសល់ជាបន្តទៀត។
ដោយឡែក កម្លាំងនគរបាលការពារព្រំដែនទឹក មានមូលដ្ឋានៅខេត្តព្រះសីហនុ បានឲ្យដឹងថា មានជនរងគ្រោះជនជាតិចិនចំនួន ០៩នាក់ទៀត ដែលរងគ្រោះលិចទូកនៅចំណុចខាងលើ ត្រូវបានអាជ្ញាធរ ខាងប្រទេសវៀតណាម ជួយសង្គ្រោះ ហើយមានជីវិតនៅឡើយ ក្រោយអណ្តែតរសាត់ទៅដល់ដែនទឹកប្រទេសវៀតណាម។
មន្ត្រីនគរបាលដដែល បញ្ជាក់ថា បើគិតត្រឹមម៉ោង ០២រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះក្នុងករណីលិចទូក នៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ សរុបមានចំនួន ៤១នាក់ ត្រូវបានជួយសង្គ្រោះ និងស្វែងរកឃើញសរុបចំនួន ៣៣នាក់ (ស្លាប់០៣នាក់) និងនៅបាត់ខ្លួន ០៨នាក់ទៀត។
យ៉ាងនេះក្តី កម្លាំងសមត្ថកិច្ចជំនាញ និងក្រុមជួយសង្គ្រោះ របស់ក្រុមហ៊ុនជីធីវីស៊ី របស់លោកឧកញ៉ា ទៀ វិចិត្រ បានបន្តស្វែងរកជនរងគ្រោះដោយយកចិត្តទុកដាក់ ដោយប្រើប្រាស់អូប័រល្បឿនលឿនចំនួន ០៥គ្រឿង ឲ្យចូលរួមសហការជាមួយ រដ្ឋបាលខេត្តព្រះសីហនុ។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងដែរថា ក្នុងចំណោមជនរងគ្រោះទាំង ៣៣នាក់ ដែលរកឃើញ និងជួយសង្គ្រោះនោះ គឺខាងកម្ពុជា បានជួយសង្គ្រោះ និងស្វែងរកឃើញចំនួន ២៤នាក់ និងខាងវៀតណាម ជួយសង្គ្រោះបាន ០៩នាក់។
ក្នុងប្រតិបត្តិការនេះដែរ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខ កម្លាំងនគរបាលការពារព្រំដែនទឹក នៅអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក៏បានជំរុញដល់ក្រុមល្បាតនគរបាលព្រំដែនទឹក ត្រូវយកចិត្តទុកដាក់បន្តស្វែងរកជនរងគ្រោះ ដែលនៅបាត់ខ្លួន ដោយយកចិត្តទុកដាក់បំផុត។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកចំនួន ០១គ្រឿង និងមានជនជាតិចិនជិះនៅលើនោះសរុបចំនួន ៤១នាក់ ស្រី៣នាក់ នៅចំណុចនិយាមកាម១០.២៥N ១០៣.១៦E ចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ៕