សមត្ថកិច្ចខេត្តព្រះសីហនុ រកឃើញជនបរទេស៤៩៥នាក់ និងកំណត់បទល្មើស ៦ផ្សេងៗគ្នា

ខេត្តព្រះសីហនុ ៖ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីប្រកាសរកឃើញជនបរទេសសរុប ៤៩៥នាក់ និងបានកំណត់បទល្មើសចំនួន ៦ផ្សេងៗគ្នា ក្នុងយុទ្ធនាការចុះឆែកឆេរអគារពាណិជ្ជកម្ម របស់អ្នកវិនិយោគចិនមួយកន្លែង នៅក្រុងព្រះសីហនុ ក្នុងប៉ុន្មានថ្ងៃ កន្លងមកនេះ។

សេចក្តីប្រកាសនេះ បានកើតឡើង ក្រោយចុះពិនិត្យអាគារពាណិជ្ជកម្មមួយឈ្មោះ ស៊ីង សាន ទីង (ហៅ ឆាងឆឹង) ក្នុងក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ជនបរទេស ដែលសមត្ថកិច្ច ឃាត់ខ្លួនទាំង ៤៩៥នាក់ គឺមានស្រី ចំនួន ៥១នាក់ និងមាន ៤សញ្ជាតិ។ ក្នុងនោះ មានជនបរទេស ចូលមកក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់អន្តោប្រវេសន៍ មានចំនួន ១៤១នាក់ រួមមាន៖ ជនជាតិចិនចំនួន ១៣០នាក់ និងជនជាតិវៀតណាមចំនួន ១១នាក់ ហើយពេលនេះ សមត្ថកិច្ចកម្ពុជា បានរៀបចំឯកសារត្រៀម បណ្តេញចេញពីកម្ពុជារួចហើយដែរ។

សមត្ថកិច្ច បន្តថា ប្រតិបត្តិការខាងលើ កម្លាំងជំនាញ ក៏បានរកឃើញជនបរទេសចំនួន ២៦២នាក់ ចូលមកធ្វើការងារ ក្នុងប្រទេសកម្ពុជា ដោយគ្មានបណ្ណការងារ ហើយអាជ្ញាធរ ក៏បានផាកពិន័យតាមផ្លូវច្បាប់ សរុបបានចំនួន ១៣១,០០០,០០០រៀល និង ៧៨ ៨៤០ដុល្លារអាមេរិក។

សេចក្តីប្រកាស របស់រដ្ឋបាលខេត្តព្រះសីហនុ ឲ្យដឹងដូច្នេះ រួចបញ្ជាក់បន្ថែមថា មន្ទីរការងារខេត្តនេះ ក៏បានផាកពិន័យ ចំពោះសហគ្រាស ដែលអនុញ្ញាតដល់ជនបរទេសធ្វើការដោយគ្មានច្បាប់ ទទួលបានទឹកប្រាក់ចំនួន  ៦,៧២០,០០០រៀលផងដែរ។

សេចក្តីប្រកាស បញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការចុះឆែកឆេរ ក្នុងរយៈពេល ៥ថ្ងៃ គឺកម្លាំងចម្រុះបានរកឃើញបទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសបង្ខាំងនិងធ្វើទារុណកម្មមនុស្សខុសច្បាប់ បទល្មើសកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ បទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស ហើយឃាត់ខ្លួនជនបរទេសចំនួន ២៧នាក់ (ជនសង្ស័យ ១២នាក់ ជនរងគ្រោះ ០៥នាក់ និងនារីបម្រើសេវាផ្លូវភេទ ១០នាក់) ព្រមទាំងដកហូត វត្ថុតាងមួយចំនួន ដូចជា៖ អាវុធខ្លី- ៤ដើម – ទូរស័ព្ទដៃសរុប ៨ ៧៧៦គ្រឿង-  កុំព្យូទ័រលើតុ ៨០៤គ្រឿង- កុំព្យូទ័រយួរដៃ ១៦គ្រឿង- លិខិតឆ្លងដែន ៣៦ក្បាល- ឧបករណ៍ផ្ទុកទិន្នន័យ ១២គ្រឿង- ខ្នោះដៃ ៤គូ- ដំបងឆក់ ៨ដើម – ពិលឆក់ ២ដើម រួមទាំងសម្ភារៈ ឯកសារ និងប្រាក់មួយចំនួនទៀត។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ទីតាំងអាគារពាណិជ្ជកម្មឈ្មោះ ស៊ីង សាន ទីង (ហៅឆាងឆឹង) ស្ថិតនៅដីឡូតិ៍ ក្នុងមូលដ្ឋានក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានចំនួន ៣អគារ (អគារ A មាន ៣ជាន់, អគារ B មាន ២ជាន់ និងអគារ C មាន៣ជាន់) មានបន្ទប់សរុប ៣៣២បន្ទប់ បន្ទប់ស្នាក់នៅមានចំនួន ២៦៧បន្ទប់ បន្ទប់ធ្វើការមានចំនួន ៥១បន្ទប់ អាហារដ្ឋានមានចំនួន ១១ហាង Mart ១ ហាងលក់ផ្លែឈើ១ ហាងអ៊ុតសក់១ និងកន្លែងលេងកម្សាន្ត១។

បច្ចុប្បន្ន អាគារដ៏ធំខាងលើនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង សម្រេចឱ្យបិទអាជីវកម្ម និងបិទអាគារទាំងមូល ដើម្បីបន្តស៊ើបអង្កេត ជាបន្តទៀត។

ក្រៅពីនេះសមត្ថកិច្ច ក៏បន្តស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់ និងរក្សាទុកអាវុធខុសច្បាប់ និងបន្តស្រាវជ្រាវ តាមចាប់ខ្លួនមេខ្លោងម្នាក់ ដែលកំពុងរត់គេចខ្លួន៕

អត្ថបទដែលជាប់ទាក់ទង