លោក កឹម សុខា ផ្ញើសារជូនពរពលរដ្ឋខ្មែរ និងមិត្តសហគមន៍អន្តរជាតិ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

រាជធានីភ្នំពេញ ៖ នៅថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់លោក ដោយបានថ្លែងអំណរគុណ ដល់បងប្អូនជនរួមជាតិខ្មែរ និងមិត្តសហគមន៍អន្តរជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នឹងចូលមកដល់ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ខាងក្រោមនេះ ជាខ្លឹមសារជូនពរ ទាំងស្រុង របស់លោក កឹម សុខា ៖《ខ្ញុំសូមថ្លែងអំណរគុណ ចំពោះបងប្អូនជនរួមជាតិខ្មែរ ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមិត្តសហគមន៍អន្តរជាតិផងដែរ ដែលតែងតែតាមដាន និងទាមទារនូវសិទ្ធិ សេរីភាពឲ្យខ្ញុំ ដែលទទួលរងនូវភាពអយុត្តិធម៌អស់រយៈពេលជាង ៥ឆ្នាំមកនេះ។ ជាពិសេសខ្ញុំសូមកោតសរសើរ និងសូមអរគុណជាអនេកចំពោះសហមេធាវីការពារក្តី សហការី អ្នកគាំទ្រខ្ញុំ និងប្រជាពលរដ្ឋខ្មែរដែលតែងតែជួយការពារ លើកទឹកចិត្ត និងផ្តល់យុត្តិធម៌ដល់ខ្ញុំ ដោយបានចូលរួមផ្ទាល់ក្នុងតុលាការនិងតាមដាន នៅខាងមុខតុលាការ ទោះបីសវនាការនេះ ត្រូវបានអូសបន្លាយរយៈពេលយ៉ាងយូរ រហូតដល់ទី៥៥ ហើយក៏ដោយ។

ខណៈនេះដែរ ក្នុងនាមជាអ្នកមានជំនឿលើព្រះពុទ្ធសាសនា មានព្រហ្មវិហារធម៌ ប្រកាន់យកនូវគោលការណ៍អហិង្សា និងក្នុងនាមជាអ្នកគោរពប្រពៃណី ទំនៀមទម្លាប់ជាតិខ្មែរ ដែលយើងតែងតែធ្វើអំពើជាកុសល ស្គាល់បុណ្យ និងបាប កតញ្ញូចំពោះមាតុភូមិកម្ពុជា បុព្វការីជន ញាតិសន្តាន ទោះបីសេរីភាពមិនមានពេញលេញក៏ដោយ ខ្ញុំនឹងទៅចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាមួយបងប្អូនជនរួមជាតិនៅតាមវត្តអារាមខ្លះ តាមសទ្ធានាពេលឆាប់ៗ ក្នុងសប្តាហ៍ខាងមុខនេះ។

ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលនឹងប្រារព្ធនៅពេលឆាប់ៗខាងមុខនេះ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស សូមទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

(ការសម្រេចដោយអគតិ គឺជាអំពើបាប), (ជួបជុំគ្នាធ្វើបុណ្យតាមទំនៀមទម្លាប់ខ្មែរ គឺអំពើជាកុសល)》៕

អត្ថបទដែលជាប់ទាក់ទង