អាណាព្យាបាល ស្វាគមន៍កម្លាំងចម្រុះ រដ្ឋបាលក្រុងព្រះសីហនុ ​ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ខេត្តព្រះសីហនុ ៖ អាណាព្យាបាល ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានស្វាគមន៍ចំពោះចំណាត់ការក្តៅ របស់អាជ្ញាធរចម្រុះ នៃរដ្ឋបាលក្រុងព្រះសីហនុ ដែលបានចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមចិញ្ចើមផ្លូវសាធារណៈ ឲ្យមានរបៀបរៀបរយ ខណៈមានអាជីវករ ក៏ដូចជាពលរដ្ឋមួយចំនួន បាននាំយក ចំណីអាហារ ផ្លែឈើ និងសម្ភារៈលក់ដូរផ្សេងទៀត យកទៅដាក់លក់លើចិញ្ចើមផ្លូវសាធារណៈ ឬលើផ្លូវក្រាលការ៉ូឡា ជាដើម នាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភ័ណភាព ក៏ដូចជាប៉ះពាល់ដល់ផ្លូវធ្វើដំណើរ ថ្មើរជើង របស់ពលរដ្ឋជាដើម..។

ការស្វាគមន៍ខាងលើនេះ បានកើតឡើងជាថ្មីទៀត បន្ទាប់ពី ប៉ុន្មានថ្ងៃបន្តបន្ទាប់ និងបន្តមកដល់រសៀលថ្ងៃចន្ទ ទី០៥​ ខែកញ្ញា​ ឆ្នាំ២០២២​ កម្លាំងចម្រុះ បានចុះអនុវត្តបទបញ្ជា របស់លោក​ សរ​ កក្កដា​ អភិបាល​កក្រុងព្រះសីហនុ ទើបចូលកាន់តំណែងថ្មី បានចាត់ឱ្យកម្លាំងចម្រុះ របស់រដ្ឋបាលក្រុង​ ចុះរៀបចំរបៀបរៀបរយ នៅតាមគោលដៅមួយចំនួន ក្នុងនោះមាន៖ ទីតាំងលក់ផ្លែឈេី​ ១កន្លែង​ នៅមុខផ្សារលេី​ក្រុងព្រះសីហនុ​ ដោយកន្លងមក ម្ចាស់ទីតាំងនេះ មិនព្រមអនុវត្តតាមការអប់រំណែនាំ របស់អាជ្ញាធរ​ក្រុងនោះទេ។

 

បន្ថែមលើនេះ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ ក៏បានបន្តចុះទៅអប់រំណែនាំ ប្រជាពលរដ្ឋ​ នៅទីតាំងផ្សេងៗទៀត ឲ្យចូលរួមសហការរក្សាសណ្តាប់ធ្នាប់​សាធារណៈ អនាម័យ បរិស្ថាន​ និងសោភ័ណភាពក្រុង​ទេសចរណ៍មួយនេះ ជាមួយអាជ្ញាធរក្រុង ឲ្យបានទាំងអស់គ្នា ប្រយោជន៍ ដើម្បីឈានទៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនា ខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀត នាថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង