អភិបាលរងស្រុកអូររាំងម្នាក់ រងការចោទប្រើប្រាស់អាវុធអនាធិបតេយ្យ
ខេត្តមណ្ឌលគិរី ៖ អភិបាលរងស្រុកអូររាំងមួយរូប និងជាប្រធានលេខាធិការដ្ឋានបង្ត្រាបបទល្មើស រង់ការចោទថា ក្នុងអំឡុងពេល ចុះធ្វើការនៅតាមដងផ្លូវសាធារណៈ ហើយទំនងសង្ស័យមានអការៈស្រវឹងផង ទើបលែងស្គាល់គ្នីគ្នា រហូតឈានដល់ដកកាំភ្លើង ប្រុងផ្ទុះអាវុធដាក់ មេយោធា និងមេប៉ូលិសស្រុកអូររាំង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទាំងកណ្តាលអាធ្រាត។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបាន លោកអភិបាលរងស្រុកអូររាំង ឈ្មោះ សុខ សុវណ្ណារិទ្ធ ច្រានចោល ដោយបញ្ជាក់ថា ករណីនេះ គ្រាន់តែជាការយល់ច្រឡំ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១១យប់ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខសាលាឃុំ សែនមនោរម្យ ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
ទាក់ទិនបញ្ហានេះ លោក ខាត់ សាក់ មេបញ្ជាការយោធាស្រុកអូររាំង បានបញ្ជាក់ថា អភិបាលរងស្រុកអូរាំងខាងលើ មានឈ្មោះ សុខ សុវណ្ណារិទ្ធ បានបើកឡានដេញពីក្រោយ រថយន្ត របស់លោក រួចបានហៅឲ្យគាត់ឈប់ រួចក៏ដកកាំភ្លើងខ្លីភ្ជង់មកលើគាត់ ហើយបានប្រើពាក្យសម្តីប្រមាថមកលើរូបលោក ថែមទៀតផង។
ប្រភពបន្តថា ក្រោយកើតមានហេតុការណ៍ខាងលើនេះ លោកអធិការស្រុកអូររាំង ក៏បានចុះមកអន្តរាគមន៍ សម្របសម្រួល ប៉ុន្តែក៏ត្រូវ លោកសុខ សុវណ្ណារិទ្ធ រេកាណុងកាំភ្លើងភ្ជង់ លោកអធិការស្រុកអូររាំងថែមទៀត។ ហើយបង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅតំបន់នោះ។
ឆ្លើយតបបញ្ហានេះ លោក សុខ សុវណ្ណារិទ្ធ បានឲ្យដឹងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ថា ករណីខាងលើនេះ គឺជាការយល់ច្រឡំ ហើយក៏គ្មានការផ្ទុះអាវុធ ឬក៏មានការដកកាំភ្លើងភ្ជង់អ្វីទេ ព្រោះសុទ្ធតែគ្នាឯង។ លោកបន្តថា ខាងខ្ញុំ ក៏មានកាំភ្លើង និងភាគីម្ខាងទៀត ក៏មានកាំភ្លើង។ ហើយក្នុងហេតុការណ៍នេះ កម្លាំងនគរបាលស្រុកអូររាំង ក៏បានស្នើសុំដកយកកាំភ្លើង របស់លោក ដើម្បីយកទៅរក្សាទុកសិន។ ហើយរឿងនេះ ក៏បានដោះស្រាយ សម្របសម្រួលគ្នា រួចរាល់ហើយដែរ។
ទោះជាបែបនេះក្តី ហេតុការណ៍ខាងលើនេះ មតិមហាជន បានសំណូមពរដល់ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយបញ្ជូនមន្ត្រីជំនាញ ចុះអង្កេតតាមដាន ទៅលើសកម្មភាពចុះអនុវត្តការងារ ឬក៏ក្រមសីលធម៌ របស់មន្ត្រីជាថ្នាក់ដឹកនាំមួយចំនួន នៃរដ្ឋបាលស្រុកអូររាំង ជាពិសេសចំពោះការប្រើប្រាស់អាវុធ អាណាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងប៉ះពាល់ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ ខណៈពាក្យ «អរគុណសន្តិភាព» ត្រូវបានដាក់តាំង ឬក៏លើកជាបដា នៅតាមទីសាធារណៈនានា និងនៅតាមគ្រប់បណ្តាក្រសួង មន្ត្រី អង្គភាព ឬស្ថាប័ននានា របស់រដ្ឋ ចាប់ពីថ្នាក់ជាតិ បន្តរហូតមកដល់ថ្នាក់ក្រោមជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕