បទល្មើសឈើប្រណិត បន្តដឹកឆ្លងដែន ទៅវៀតណាម តាមច្រករបៀងប៉ុស្តិ៍កូនជ្រូក ចំណុះវិរៈ៦១៥ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក..

ខេត្តត្បូងឃ្មុំ ៖ បទល្មើសកាប់ឈើ និងនាំឈើប្រណិត ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម បានបន្តកើតឡើងជាបន្តបន្ទាប់ នៅពេលយប់ស្ងាត់ តាមច្រករបៀង ប៉ុស្តិ៍កូនជ្រូក ចំណុះវិរៈ ៦១៥ ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈសមត្ថកិច្ច ប្រចាំការនៅតាមប្រករបៀងព្រំដែននេះ ហាក់សំងំស្ងាត់ឈឹង។

ជាក់ស្តែង ក្រុមមន្ត្រីឧទ្យានុរក្ស ប្រចាំការនៅទីស្នាក់ការ តំបន់ប្រើប្រាស់ច្រើនយ៉ាង ពញាក្រែកនៅយប់រំលងអាត្រាត នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានចុះល្បាតការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ប្រើប្រាស់ច្រើនយ៉ាង ពញាក្រែក ក៏ប្រទះឃើញរថយន្តកែឆ្នៃ ១គ្រឿង កំពុងធ្វើសកម្មភាពដឹកឈើហ៊ុបបំណងឆ្លងចូលទៅ ប្រទេសវៀតណាម ក៏ឃាតមករក្សាទុក បន្ទាប់ពីម្ចាស់រថយន្ត បានរត់បាត់ស្រមោល ។

ប្រភពព័ត៌មានពី មន្ត្រីឧទ្យានុរក្ស បានឳ្យដឹងថា ពេលក្រុមការងារចុះល្បាតមកដល់ចំណុចនិយាមការលេខ X 609832 និង Y 1295359 ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏បានជួបប្រទះរថយន្តកែច្នៃមួយគ្រឿង គ្មានស្លាកលេខ ដឹកជញ្ជូនឈើហ៊ុបមូលប្រភេទលេខ២ (ឈើទាល) ចំនួន ១០កំណាត់ស្មើនឹង ៨,៣៥២ម៉ែត្រត្រីគុណ (ប្រាំបីម៉ែត្រត្រីគុណបីរយហាសិបពីរ) ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូង តាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម។

ខណៈពេលសមត្ថកិច្ចឃាត់រថយន្តឲ្យឈប់ ដើម្បីសួរនាំ និងត្រួតពិនិត្យ ស្រាប់តែអ្នកបើកបររថយន្ត បានលោតចុះពីលើរថយន្ត ហើយរត់គេចខ្លួនបាត់។

ដោយពិនិត្យឃើញថា ការដឹកជញ្ជូនឈើហ៊ុបមូលខាងលើ ជាអំពើល្មើសច្បាប់ និងគ្មានអ្នកទទួលខុសត្រូវ  ក្រុមការងារបាននាំយកវត្ថុតាងល្មើស (រថយន្ត និងឈើ) មករក្សាទុកនៅទីស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ដើម្បីចងក្រងសំណុំរឿង បទល្មើសបញ្ជូនទៅមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី

ប្រភពដដែល បន្តឲ្យដឹងទៀតថា ដោយម្ចាស់មិនចូលខ្លួនមកដោះស្រាយ រហូតថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ មន្ត្រីឧទ្យានុរក្ស បានបញ្ជូនរថដឹកឈើខាងលើទៅតុលាការ ចាត់ការបន្តតាមច្បាប់ ។

ប្រភពព័ត៌មានច្បាស់ការមួយ បានឲ្យដឹងថា រថយន្តដឹកឈើមួយចំនួន បានធ្វើសកម្មភាពដឹកឈើឆ្លងកាត់ មន្ត្រីមានសមត្ថកិច្ចជាច្រើនកន្លែង បំណងឆ្លងចូលទៅប្រទេសវៀតណាម តាមច្រករបៀង ប៉ុស្តិ៍កូនជ្រូក ចំណុះវិរៈ ៦១៥ ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈនៅយប់ថ្ងៃទី២៦ ឆ្លងចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ គឺមានរថយន្តល្មើសចំនួន ២គ្រឿង ដោយ ១គ្រឿង បានដឹកឈើឆ្លងចូលទៅប្រទេសវៀតណាម ដោយសុវត្ថិភាព តាមច្រករបៀង ប៉ុស្តិ៍កូនជ្រូក ចំណុះវិរៈ ៦១៥ នេះ៕

អត្ថបទដែលជាប់ទាក់ទង