ករណីបង្កៃគ្រាប់បំផ្ទុះក្នុងបរិវេណ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បណ្តាលឱ្យមន្ត្រីកងរាជអាវុធហត្ថម្នាក់ រងរបួសធ្ងន់ហាក់ស្ងប់ស្ងាត់..

ខេត្តព្រះសីហនុ ៖ សាធារណៈជន កំពុងទន្ទឹងរង់ចាំមើល ចំណាត់ការ និងការចេញរបាយការណ៍ផ្លូវការ លើករណីបង្កៃគ្រាប់បែកឆ្នៃបំផ្ទុះ បណ្តាលឱ្យ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ម្នាក់រងរបួសធ្ងន់ នៅក្នុងបន្ទប់ធ្វើការងារ នាបរិវេណទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដែលកើតឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

ករណីខាងលើនេះ សារធារណៈជន មួយចំនួន លើកឡើងថា មិនទាន់ឃើញមានការបញ្ជាក់ជាផ្លូវការពី ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ក៏ដូចជា អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ផ្សព្វផ្សាយឱ្យដឹងជាសារធារៈនៅឡើយទេ ពោលគឺហាក់មានសភាពស្ងាត់ឈឹង..។

ករណីបំផ្ទុះគ្រាប់កែឆ្នៃ បណ្តាលឱ្យ មន្ត្រីកងរាជអាវុធម្នាក់ គឺលោក អ៊ិត ជីវី រងរបួសធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក៏មិនទាន់អាច សុំការបញ្ជាក់បន្ថែម តាមប្រព័ន្ធ Telegram ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ ខេត្តព្រះសីហនុ បាននៅឡើយដែរ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

យ៉ាងណា ប្រភពពីសាច់ញាតិ ជនរងគ្រោះ បញ្ជាក់ថា ជនដៃដល់ ឬសង្ស័យ ឈ្មោះ អូម អ៊ន ជាមន្ត្រីកងរាជអាវុធហត្ថចូលនិវត្តន៍ ដែលជាអ្នកបង្កៃគ្រាប់កែឆ្នៃបំផ្ទុះនោះ ត្រូវបាន កម្លាំងកង​រាជអាវុធហត្ថ ខេត្តព្រះសីហនុ ចាប់ខ្លួនបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស និងបានបញ្ជូនទៅដាក់ក្នុងពន្ធនាគាររួចហើយដែរ។

រីឯជនរងគ្រោះ លោក អ៊ិត ជីវី គឺកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ខណៈព័ត៌មានបឋម បានឱ្យដឹងថា កែវភ្នែកទាំងគូ របស់ជនរងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យវះកាត់យកចេញ មិនអាចមើលឃើញអ្វីទៀតទេ។  ហើយបច្ចុប្បន្ននេះ ស្ថានភាពជនរងគ្រោះ មានសភាពសភាពធ្ងន់ធ្ងរ បានបញ្ជូនទៅព្យាបាល នៅក្រៅប្រទេស ហើយកំពុងខ្វះខាតថវិកា សម្រាប់ចំណាយទៅលើការព្យាបាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង