គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំពៅលូន របួសធ្ងន់មនុស្សម្នាក់ ឃាត់ខ្លួនជនជាតិចិន៤នាក់ យកទៅសាកសួរ
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទំនើប បុកប៉ះជាមួយរថយន្តកែច្នៃដឹកទឹកសុទ្ធ មួយគ្រឿង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បណ្តាលឱ្យរបួសធ្ងន់មនុស្សម្នាក់។ ហើយ គ្រោះថ្នាក់នេះ កើតឡើងក្នុងមូលដ្ឋាន ភូមិកូនភ្នំខាងជើង ឃុំសាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង
សមត្ថកិច្ច បញ្ជាក់ថា រថយន្តបង្ក បើកបរដោយជនជាតិចិន មានគ្នាចំនួន ៤នាក់ នៅក្នុងរថយន្ត ហើយបើកបរក្នុងទិសដៅ ពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង ។
សាក្សីនៅកន្លែងកើតហេតុបញ្ជាក់ថា រថយន្ត ដែលបើកបរដោយជនជាតិចិន គឺមានល្បឿនលឿនបំផុត។ លុះមកដល់ចំណុចកែង ៣២ ក៏បានជ្រុលចង្កូតទៅបុករថយន្តកាមរីហើមកាត់គូទ បើកបរក្នុងគោលដៅពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង បញ្ច្រាសទិសគ្នា (ដឹកទឹកសុទ្ធ) យ៉ាងពេញទំហឹង បណ្ដាលឲឱ្យអ្នកបើករថយន្តច្នៃដឹកទឹកសុទ្ធបាក់ជើង ហើយបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យបង្អែកសំពៅភ្លាមៗ។
ចំណែកជនជាតិចិនទាំង ៤នាក់ ដែលជិះក្នុងរថយន្តបង្ក ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បញ្ជូនមកកាន់អធិការ ដើម្បីធ្វើការសាកសួរ និងឈានទៅបន្តនីតិវិធី។
ប្រភពពីកន្លែងកើតហេតុ បញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងដោយសាររថយន្តជនជាតិចិន បើកបរក្នុងល្បឿនលឿន..៕