សាកសពបុរសជនជាតិចិន ជាប់ពាក់ព័ន្ធ​ប្រតិបត្តិការឆបោក នៅខេត្តព្រះសីហនុ

រាជធានីភ្នំពេញ ៖ បុរសម្នាក់​ដែល​តាម​ចោទ​ថា ​ត្រូវ​បាន​ជនសង្ស័យ​ជនជាតិ​ចិន ​៤​នាក់​​​​សម្លាប់​ និង​ញាត់​ចូល​​វ៉ា​លិស​កាលពី​សប្តាហ៍​មុន ស្នាក់​នៅ​ទីតាំង​មួយ​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​​ភ្នំពេញ ជាទី​ដែល​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ម្នាក់​និយាយ​ថា៖ «មនុស្ស​ចូល​ទៅបាន​​តែ​មិន​អាច​ចេញ​បាន​ទេ»

យោង​តាម​របាយការណ៍ ​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ ចុះ​ផ្សាយកាល​ពី​​ថ្ងៃ​ទី១០ ខែ​មិថុនា ថា យី មីង ដាលី (Yi Ming Dali) ជាជនជាតិ​ចិន អាយុ ២៥ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ កាល​ពី​​ថ្ងៃ​ទី៣ ខែ​មិថុនា នៅ​ស្រុក​ពញាឮ ខេត្ត​កណ្តាល។ សាកសព របស់លោក​ ដាលី​ ត្រូវ​បាន​​គេប្រទះឃើញញាត់​ចូល ​ក្នុងវ៉ាលិសធំមួយ រួមជាមួយ​នឹងវ៉ាលិសមួយទៀត ដែលគេដាក់​របស់​របររបស់គាត់ ស្ថិត​នៅ​ចម្ងាយប្រហែល ៧០គីឡូម៉ែត្រពីខណ្ឌដង្កោ ជាកន្លែង​ដែល​គាត់​រស់នៅ។

យោង​តាម​របាយ​ការ​ណ៍​ដដែល ​​​បាន​ឱ្យដឹង​ថា ជនសង្ស័យ​ចំនួន ៤នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់នេះ​។ មាន​ ៣នាក់​ស្នាក់នៅ​ទីតាំង​ជាមួយគ្នា​ ក្នុង​ខណ្ឌ​ដង្កោ ដែល​គេហៅថា Chong Yuan និង​ជនសង្ស័យ​​ទី​៤ ស្នាក់នៅ​អគារ​ព្រីន នៅ​ក្នុង​​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន។ ជនសង្ស័យ​ទាំង៤នាក់ មាន​ឈ្មោះ Dai Mingxing, Hong Qi, Zhang Xi Yuan, និង Li Chen ។

ទីតាំង​​ដែល លោក ​មីង ដាលី រស់នៅ​គឺ ស្ថិតនៅ​​​សង្កាត់​ទៀន ខណ្ឌ​ដង្កោ។ អ្នកយកព័ត៌មាន​ បាន​ចុះ​ទៅ​ដល់​ទីតាំង​​នោះ​ នៅ​សប្តាហ៍នេះ ហើយបានរកឃើញថា ជញ្ជាំងមាន​បន្ថែម​​លួស​បន្លាពី​លើ​ និងមាន​រូបសំណាកដំរី នៅច្រកចូលអគារ ដែល​មាន​ស្លាក​សញ្ញាជាប់​នឹង​ភ្លុក ដែលសរសេរជា​ភាសា​ខ្មែរ​ថា «សូមស្វាគមន៍»

ក្លោងទ្វារ​​ធំ​មួយ ដែល​បិទ​​ផ្លូវ​ចូល​​មាន​សន្តិសុខ​ពីរបី​នាក់​ប្រចាំ​ការ​។ បង្អួច​នៅ​តាម​អគារ​មាន​របារដែក​​ពី​លើ​ ហើយ​រូបថត​នៅ​ក្នុង​របាយការណ៍ ​របស់​នគរ​បាល​​បង្ហាញ​​ពី​បរិវេណ​ខាង​ក្នុង ​ដែល​មាន​ភោជនីយដ្ឋាន ឬ​អ្នក​លក់​អាហារដែល​អាច​​មើល​ឃើញ​ក្នុង​រូបភាព​។

ក្លោងទ្វារចូលទៅកាន់បរិវេណនៃទីតាំង​ឆបោកមួយ​ក្នុងខេត្តកណ្តាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ Leila Goldstein)

សេចក្តី​រាយការណ៍ របស់​បណ្តាញ​ព័ត៌មាន ​ក្នុងស្រុក​ជាភាសាចិនមួយ​អំពីការស្លាប់ របស់លោក មីង ដាលី​ បង្ហាញរូបភាពទ្រព្យសម្បត្តិ របស់គាត់ រួមទាំងបណ្ណ​សម្គាល់​​ខ្លួន​ជា «ថ្នាក់​គ្រប់គ្រង​អចលន​ទ្រព្យ Jinbei 1» ។ Jinbei គឺជាក្រុមហ៊ុនកាស៊ីណូ ដែលមានមូលដ្ឋាន​នៅក្រុង​ព្រះសីហនុ ហើយជារឿយៗ ត្រូវបាន​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ​អះអាងថា ជាទីតាំង​មួយ​ដែលប្រតិ​បត្តិការឆបោកតាមអ៊ីនធឺណិត។ មាន​ក្រុម​ហ៊ុន ​ពីរ​ទទួល​បាន​អាជ្ញាបណ្ណ​កាស៊ីណូ​គឺក្រុម​ហ៊ុន​ Jin Bei Group និង Jin Bei ។

គេរកឃើញបណ្ណសម្គាល់​​ ដែល​មាន​លេ​​ខ​ចំនួនបីផ្សេងទៀត ជា​មួយ​សាកសព​ជន​រងគ្រោះ​ ដែល​បណ្ណ​មួយមកពីកាស៊ីណូ Bolai Casino និងបណ្ណ​ផ្សេង​ទៀតមកពីកាស៊ីណូ Atlantic Entertainment​ Casino។

ពលរដ្ឋ​ម្នាក់ដែលរស់នៅក្បែរទីតាំង​នោះ និង​សុំមិនបញ្ចេញឈ្មោះ ព្រោះខ្លាចមាន​បញ្ហា​ដោយ​សារ​ការ​និយាយជាមួយ​ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ទីតាំង​នេះ គឺជាកន្លែងសម្រាប់ «ហ្គេមអនឡាញ»

លោក​អះអាង​ថា មាន​ជនបរទេស​ច្រើន​សញ្ជាតិ ​ដែល​ធ្វើ​ការ​នៅ​ទីនោះ​រួម​មាន​បុគ្គលិក​​ចិន វៀតណាម ឥណ្ឌា និង​អាល្លឺម៉ង់។ លោក​បាន​បន្ត​ថា អ្នក​ភូមិ​ក្នុង​តំបន់​មួយ​ចំនួន​ធ្វើ​ការ​នៅ​ក្នុង​ទីតាំង​​នោះ ដោយ​ផ្តល់​សេវា​សម្អាត និង​សេវាកម្ម​ផ្សេង​ៗទៀត។

ប៉ុន្តែ ជាទូទៅគាត់ឃើញតែ «ថៅកែ» និងកម្មករខ្មែរចាកចេញប៉ុណ្ណោះ។

លោក​បាន​និយាយថា៖ «មនុស្ស​ចូល​ទៅ​ក្នុង​បាន ប៉ុន្តែពួកគេ​មិន​អាច​ចេញ​បានទេ»។

បើ​តាម​ប្រជាពលរដ្ឋដដែល ​​បាន​ឱ្យដឹង​ថា ដី​នោះ​ជា​របស់​មន្ត្រី​រដ្ឋាភិបាល ​ក្នុង​ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន​។ លោក​បាន​ឃើញ​នគរ​បាល​ និង​មន្ត្រី​ប្រ​មាណ ៥០​នាក់ ​មក​ទីតាំង​​នោះ​កាល​ពី​​ថ្ងៃ​ទី​១០ ខែ​មិថុនា ដើម្បី​ចាប់​ខ្លួនជនសង្ស័យ។

លោក​បាន​និយាយ​ថា៖ «អ្នក​រាល់​គ្នា [ក្នុង​សហគមន៍] មិន​ចង់​ឲ្យមាន​វា [ទីតាំង​] នៅ​​ទី​នេះ​ទេ។ ប៉ុន្តែ​យើង​មិន​អាច​ហាម​គេ​បាន​ទេ ព្រោះ​ពួក​គេ​មាន​ទំនាក់​ទំនង​ជាមួយ​ថ្នាក់​លើ»

លោក ស៊ុំ រិន ចៅសង្កាត់​ទៀន បាន​លើកឡើងថា ទីតាំង​​នេះ​ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ២០២២ ហើយ​ម្ចាស់​ដីគឺ​​ជា​មន្ត្រី​ខ្មែរ​ជាន់​ខ្ពស់​ ប៉ុន្តែ​មិន​បាន​ស្គាល់​ឈ្មោះ​គាត់​ទេ​។​

បន្ទាប់​ពី​បាន​ឮ​សេចក្តី​រាយការណ៍​អំពី​ការ​ឆបោក នៅ​ក្នុង​បរិវេណ​នោះ មេ​ឃុំ​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​បរិវេណ​នោះ ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត។ លោក​បាន​បន្ត​ថា មាន​តែ​ប៉ូលិស​ស្រុក និង​មន្ត្រី​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ម្ចាស់ [ដី] ខ្ញុំ​ទាយ​​ថា ​ជា​មន្ត្រី​រាជការថ្នាក់​ខ្ពស់​ព្រោះ​ពួក​គេ [មន្ត្រី] មិន​ឲ្យ​យើង​ស្គាល់​ឈ្មោះ​របស់​ពួក​គេទេ​។ វាមិនធម្មតាទេ»។

ប្រទេសកម្ពុជា មាន​ការកើន​ឡើង​ នៃទីតាំងឆ​បោកតាមប្រព័ន្ធអ៊ីនធឺណែតក្នុងរយៈពេល​បីឆ្នាំ​ចុង​ក្រោយនេះ ដែល​ដំបូងគេគិតថា មានតែនៅក្នុងទីក្រុងឆ្នេរសមុទ្រព្រះសីហនុប៉ុណ្ណោះ ប៉ុន្តែ​ចាប់តាំងពីពេលនោះមក មាន​ភស្តុតាងកាន់តែច្រើន​ឡើងបង្ហាញថា មាន​ទីតាំងច្រើនដែលប្រើ​ប្រាស់​ជនបរទេសរាប់ម៉ឺននាក់ ដូចជា៖ ​នៅបាវិត ប៉ោយប៉ែត កំពត ភ្នំពេញ​ និង ខេត្តពោធិ៍សាត់។

បន្ទាប់ពីមាន​សេចក្តី​រាយការណ៍ របស់​ប្រព័ន្ធផ្សព្វផ្សាយច្រើនខែ អំពី​ទីតាំង​ឆបោកក្នុងប្រទេស​កម្ពុជា រដ្ឋាភិបាល បានធ្វើ​ការបង្ក្រាបលើពលករបរទេស ដែលគ្មានឯក​សារកាលពីឆ្នាំមុន ហើយ​​បានបញ្ជាក់ថា ខ្លួន​កំពុងស៊ើបអង្កេតប្រតិបត្តិការឆបោក ដែលត្រូវបានចោទ​ប្រកាន់​នោះ។

នេះ​ទំនង​ជា ត្រូវ​បាន​​ជំរុញ​ដោយសារ​ប្រទេស​អាស៊ាន​ជិត ខាង​កម្ពុជា​ ដែល​រាយការណ៍​ពី​ការ​ជួញ​ដូរ​ពល​ករ​ចូល​ក្នុង​ប្រទេសនេះ​ និង​ការ​ស្នើ​សុំ​ឱ្យ​ជួយ​សង្គ្រោះ​ពលករ​​ពី​ទីតាំង​ទាំង​នោះ​។ តាម​ចម្លើយ​របស់​ជនរងគ្រោះបង្ហាញថា ពលករទាំងនោះ​ ត្រូវបានបង្ខំឱ្យឆបោកមនុស្សជុំវិញ​ពិភពលោក ដោយប្រើគម្រោងវិនិយោគ ឬរូបិយបណ្ណឌីជីថលផ្សេងៗ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា នៅក្នុង​របាយការណ៍ស្តីពីការជួញដូរមនុស្ស របស់ខ្លួន​កាលពីខែកក្កដាឆ្នាំមុន និងបានផ្តល់អនុសាសន៍​ឱ្យរដ្ឋាភិបាលកម្ពុជា បង្កើនកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ ដើម្បីបិទទីតាំង​ទាំង​នោះ​ និងនាំ​យក​​មន្ត្រីពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មទាំងនេះ មក​កាត់​ទោស​។

លោកស្រី ជូ ប៊ុនអេង មន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរមនុស្ស មានប្រសាសន៍ថា លោកស្រីកំពុងជាប់​ប្រជុំ ហើយមិនបាន​ឆ្លើយ​សំណួរអំពីករណីនេះទេ។ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បានឡើយ។

លោក ប្លង់​ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការ​នគរបាល​រាជធានីភ្នំពេញ និងលោក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ មិនអាចទាក់ទងសុំការបំភ្លឺជុំវិញស្ថានភាពជនសង្ស័យបានទេ។

លោក កែវ វណ្ណថន អ្នក​នាំពាក្យ​នាយកដ្ឋាន​អន្តោប្រវេសន៍​ នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា ​ប្រសិនបើ​ជនសង្ស័យ​ត្រូវ​បាន​រក​ឃើញ​​មាន​ពិរុទ្ធភាព​​នៅ​តុលាការ​នោះ​អាជ្ញាធរ​កម្ពុជា​ នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​ចិន ​និង​និរទេស​ជន​សង្ស័យទាំង​នោះ​ចេញ​។

ចំណែក​នៅ​ខេត្ត​កណ្តាល វ៉ាលិស​ទាំង​ពីរ​ ត្រូវ​បាន​រក​ឃើញ​នៅ​ឃុំ​កំពង់លួង ស្រុក​​ពញាឮ នៅ​ច្រាំង​ទន្លេ​សាប។

ផ្លូវឆ្ពោះ​ទៅច្រកចូលនៃទីតាំង​ឆបោកដែល​មាន​ការ​យាម​កាម​ក្នុង​ខេត្តកណ្តាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា​ / Leila Goldstein)

ប៊ន ចាន់ណាវី រស់នៅភូមិពាមជំនីក បាននិយាយថា អ្នក​ស្រី​បានឃើញវ៉ាលិសមួយនៅច្រាំង​ទន្លេសាប ខណៈពេល​អ្នក​ស្រី​ចេញទៅនេសាទនៅម៉ោងប្រហែល៨យប់ កាល​ពី​ថ្ងៃទី៣១ ខែឧសភា។ អ្នក​ស្រី​បានត្រឡប់មកវិញនៅថ្ងៃទី៣ ខែមិថុនា ហើយបានឃើញដង្កូវលើផ្ទៃជុំវិញ​វ៉ាលិស ដែលមាន​ក្លិនស្អុយ។ ពេលអ្នក​ស្រី​​បើក​វ៉ាលិស​​ឃើញសាក​​សពរបស់​ ​មីង ដាលី។

ក្បាលរបស់គាត់ត្រូវបានរុំដោយថង់ប្លាស្ទិក និងបង់​រុំ​។ អ្នក​ស្រី​​ក៏​បាន​រក​ឃើញ​សម្លៀក​បំពាក់​មាន​ប្រឡាក់​ឈាម បណ្ណ​សម្គាល់​ការងារមាន​រូប​ថត ​ដែល​សរសេរ​ជា​​ភាសា​ចិន និង​របស់​របរ​ផ្សេង​ទៀត។

អ្នក​ស្រី​និយាយទាំងញ័រដៃ​ថា៖ «ខ្ញុំ​នឹង​មិន​ទៅ​ទី​នោះ [បង់​​សំណាញ់​] ទៀត​ទេ។ ខ្ញុំ​មិន​ហ៊ាន​ជិះ​ម៉ូតូ​ក្បែរ​ទីនោះ​ទេ។ សូម្បី​តែ​លើក​មុន ខ្ញុំ​​ក៏ប្រញាប់​ត្រឡប់​ពី​ផ្សារមក​ផ្ទះ​វិញ​ដែរ ព្រោះ​ខ្ញុំ​ខ្លាច​មេឃ​ងងឹត»

លោក ផល មេភូមិពាមជំនីក បានឱ្យដឹងថា ក្រោយពីធ្វើកោសល្យវិច័្ចយរួច សាកសព ​និង​វត្ថុតាងផ្សេងទៀត ត្រូវបាននគរបាលក្រុងភ្នំពេញ យកទៅរក្សាទុក​។

លោក ផល បាន​និយាយ​ថា លោក​មិន​ដែល​រំពឹង​ថា ​មាន​រឿង​បែប​នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​ភូមិ​របស់​លោក​ឡើយ។

លោក​បានឱ្យដឹងថា៖ «គ្មាននរណាម្នាក់ចូលចិត្តករណីបែបនេះទេ​នៅក្នុងភូមិរបស់យើង»។ លោក​បន្ថែមថា៖ «វាជាអ្វីដែលយើងមិននឹកស្មានដល់។ ពួកគេ [ជនសង្ស័យ] មានបញ្ហា​នៅទីនោះ [នៅ​ទីតាំង​ក្នុងខណ្ឌ​ដង្កោ] ប៉ុន្តែពួកគេបានទម្លាក់ [សាកសព] នៅទីនេះ»៕ ប្រភព ៖ ខេមបូចា

អត្ថបទដែលជាប់ទាក់ទង