អាជា្ញធររាជធានីភ្នំពេញ ចាប់ផ្ដើមបើកខ្សែរថយន្តក្រុងពិសេស ដើម្បីដឹកមហាជននិងភ្ញៀវមកទស្សនា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំខ្សែរត់ពិសេស នៃរថយន្តក្រុងសាធារណៈ (Express Bus) របស់រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សម្រាប់បម្រើដល់ការធ្វើដំណើរ របស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅចូលរួមទស្សនា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ខ្សែរត់យន្តក្រុងពិសេសនេះ ចាប់អនុវត្តពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់។

សេចក្ដីជូនដំណឹង ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) ខ្សែទី១៖ ចេញដំណើរពីចំណតរង់ចាំ រថយន្តក្រុងកោះពេជ តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់ នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ទីតាំងប្រកួតសណ្ឋាគារណាហ្គាវើលដ៍ទី១ និងទី២ រួចបន្តដំណើរលើភីរវិថី ព្រះស៊ីសុវត្ថិ ឈប់នៅស្ថានីយចំណតរង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួត នៃកីឡដ្ឋានកងយោធពលខេមរ ភូមិន្ទ (ស្តាតចាស់) បន្ទាប់មកឆ្លងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយឈប់នៅទីតាំងប្រកួត ដាយណូស័រអឹឡាយហ្វ ទីតាំង ប្រកួតមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍ OCIC ទីតាំងប្រកួត ក្នុងបុរីរុងរឿង និងទីតាំងប្រកួតសហភាពសហព័ន្ធយុវជន កម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) រួចបន្តដំណើរតាមផ្លូវជាតិលេខ៦អា, ឈប់នៅទីតាំងប្រកួត វាយកូនហ្គោលហ្គាឌិន ស៊ីធី ហើយធ្វើដំណើរឆ្ពោះមក ចំណតរង់ចាំរថយន្តក្រុង នៃពំហុកីឡដ្ឋានជាតិមរតកតេជោ។

ខ្សែទី២ រត់ពិសេសរថយន្តក្រុងសាធារណៈ (Epress Bus) ខ្សែទី២៖ ចេញដំណើរពីចំណតរង់ចាំ រថយន្តក្រុងពហុកីឡដ្ឋាន ជាតិអូឡាំពិក តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី បន្តមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុង នៃ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់នៅទីតាំងសំខាន់ៗមួយចំនួន ដូចជា៖ ឈប់នៅស្ថានីយចំណតរង់ចាំ  រង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួតកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) រួចបន្តដំណើរមក វិថីឧកញ៉ាឃ្លាំងមឿង កាត់តាមតំបន់អភិវឌ្ឍន៍កាំកូស៊ីធី, ឈប់នៅទីតាំងប្រកួតក្លឹបបាល់ទាត់ភ្នំពេញក្រោន និងឈប់ នៅទីតាំងប្រកួតកីឡដ្ឋានព្រីនស៍ និងបន្តដំណើរតាមមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅកាន់ចំណតរង់ចាំ រថយន្តក្រុង នៃពហុកីឡដ្ឋាន ជាតិមរតកតេជោ ៕

អត្ថបទដែលជាប់ទាក់ទង