ក្រុមអ្នកសារព័ត៌មាន ស្នើសុំសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ករណីក្រុមកាងល្បែងស៊ីសង ព្រួតគ្នាវ៉ៃអ្នកយកព័ត៌មាន នៅខណ្ឌមានជ័យ
រាជធានីភ្នំពេញ ៖ ក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័ន បានស្នើសុំអន្តរាគមន៍ទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយពិនិត្យមើលករណីក្រុមបងធំ ដែលកាងល្បែងខុសច្បាប់ បានព្រួតគ្នាវ៉ៃទាត់ធាក់ ទៅលើអ្នកសារព័ត៌មាន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលគិតមកដល់ថ្ងៃទី២៦ ខែមេសានេះ ក្រុមជនដៃដល់ នៅមិនទាន់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននៅឡើយ ដោយបទល្មើសនេះ បានអូសបន្លាយពេលជិតមួយខែមទៅហើយនោះ។
សារអំពាវនាវនេះ បានកើតឡើងបន្ទាប់ពីសមត្ថកិច្ច ពាក់ព័ន្ធខណ្ឌមានជ័យ ហាក់ព្រងើយកន្តើយស្រាវជ្រាវចាប់ខ្លួន ក្រុមជនល្មើស ដែលជាបងធំកាងល្បែងស៊ីសងខុសច្បាប់ទាំងនោះ មកផ្តន្ទាទោសទេ។
យ៉ាងណា ក្រុមអ្នកសារព័ត៌មាន មានជំនឿថា សម្តេចប្រមុខដឹកនាំ នឹងអាចស្វែងរកយុត្តិធម៌ ជូនអ្នកសារព័ត៌មានមួយរូប ដែលរងការប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃពីសំណាក់ក្រុមកាងល្បែងស៊ីសង ដែលលួចធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ដោយគ្មានអាជ្ញាធរ បង្ក្រាបនោះឡើយ។
ទាក់ទិនបញ្ហានេះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចារបញ្ជាក់លើឯកថា “ជូនស្នងការមុខការ”។
ខណៈ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ខ្លីថា ករណីប្រើហិង្សាខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ៕