សមត្ថកិច្ច​ មិនទាន់ឃាត់ខ្លួន មេបញ្ជាការប៉េអឹមស្រុកស្រែអំបិល ករណីបើកឡានបុកជនជាតិឥណ្ឌា​ស្លាប់ មកផ្តន្ទាទោសនៅឡើយ

ខេត្តកោះកុង ៖ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សប្រចាំខេត្តកោះកុង បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃចន្ទ ទី​០៩ ខែមករា ឆ្នាំ​២០២៣នេះ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល មិនទាន់ឃាត់ខ្លួន ឈ្មោះ ហន រស្មី មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល ខេត្តកោះកុង លើករណីបើករថយន្តលឿនដូចព្យុះ ជ្រុលទៅបុកបុរសជនជាតិ​ឥណ្ឌាម្នាក់ស្លាប់ នៅ​កន្លែងកើតហេតុ តាមផ្លូវត្រង់ចំណុចទល់មុខផ្ទះលោក យី ទី លក់គ្រឿងសំណង់ ​កាលពី០៧ និង៤០នាទី យប់ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២៣ ដើម្បីនាំខ្លួនជនសង្ស័យរូបនេះ ទៅកាន់សាលាដំបូងខេត្តកោះកុង ផ្តន្ទាទោសនៅឡើយទេ។

ទាក់ទិនករណីនេះ គេហទំព័រ «កម្ពុជាថ្ងៃនេះ» បានផ្ញើសំណួរតាមបណ្តាញសង្គម Messenger ទៅ លោក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល ដើម្បីស្នើ​សុំបញ្ជាក់បន្ថែម លើករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ ប៉ុន្តែលោកអធិការ បានត្រឹមបើកមើលសំណួរ តែមិន​ឆ្លើយតបសំណួរ​នោះទេ ​នៅរសៀល​ថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ​២០២៣នេះ។

យ៉ាងណាតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ផ្ញើជូន ​អយ្យការ​អមសាលា​ដំបូង​ខេត្តកោះកុង បានបញ្ជាក់ថា នៅម៉ោង ៧ និង៤០នាទីយប់ ​ថ្ងៃ​ទី០៦ ខែមករា ធ្ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់​ចរាចរណ៍ ០១លើក រវាងរថយន្ត និងម៉តូ ក្នុងទិសដៅបញ្ច្រាស​គ្នាពីជើងទៅត្បូង ​នៅ​លើផ្លូវលេខ១៤៨៣ ចំណុចទល់មុខផ្ទះ លោក យី ទី លក់គ្រឿងសំណង់ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង  បណ្ដាលឲ្យស្លាប់បុរសជនជាតិឥណ្ឌាម្នាក់។

របាយការណ៍​បញ្ជាក់ថា ម៉ូតូជនរងគ្រោះ​ ម៉ាកហុងដាសេ ១២៥ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ម៉ា​ ហិ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិឥណ្ឌា បានស្លាប់​នៅកន្លែងកើតហេតុ។ រីឯអ្នកបើកបររថយន្តឈ្មោះ ហន រស្មី ភេទប្រុស អាយុ ៤៤ឆ្នាំ មានតួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល។ ​រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍​នេះ ម៉ាកលុចសុីស Lx 470 ពណ៌ទឹកប្រាក់ បានបើក​គេចខ្លួនភ្លាមៗ ពីកន្លែងកើតហេតុ ដោយបន្សល់ទុក​វត្ថុតាងបំណែករថយន្តមាន ដូចជា៖ កាងក្រោយរថយន្ត អំពូលកាត់អ័ព្ទនិងកំទេចកំទីតូចៗជាច្រើនទៀត។

របាយការណ៍ដដែលនេះ សរសេរថា បច្ចុប្បន្ន ផ្នែកជំនាញកំពុងស្រាវជ្រាវស្វែងរករថយន្តបង្ក ដើម្បីនាំយកមកដោះស្រាយតាមនីតិវីធីច្បាប់។ ចំពោះសាកសព ផ្នែកជំនាញ ក៏បានប្រគល់ជូនសាច់ញាតិបងប្អូន នាំយកទៅបូជា ធ្វើបុណ្យនៅវត្តមាគាគីរីស្រែអំបិល។ ចំណែកម៉ូតូជនរងគ្រោះ ​បាននាំ​មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីរង់ចាំរកដំណោះស្រាយតាមនីតិវិធីច្បាប់។

ចំពោះមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ របាយការណ៍ របស់អធិការដ្ឋានគរបាលស្រុកស្រែអំបិល បញ្ជាក់ថា បណ្តាលមកពី អ្នកបើកបររថយន្ត​ប្រើប្រាស់ល្បឿនលឿន ហើយរេចង្កូតទៅបុកជាមួយ ម៉ូតូ ក្នុងទិសដៅបញ្ច្រាស់គ្នា។

យ៉ាងណា​ក្រោយ សមត្ថកិច្ច ជំនាញ​បើកការស្រាវជ្រាវប្រើពេល ៤៨ម៉ោងរួចមក សមត្ថកិច្ច​ ក៏បានរកឃើញអ្នកបើកបរ និងរថយន្តបង្ក​ ម៉ាកលុច​សុីស Lx470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកោះកុង 2C 1777  និងបាន​ដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ហន រស្មី​ ​មានតួនាទីជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្រែអំបិល របាយការណ៍ របស់នគរបាលស្រុកស្រែ​ បានរត់គេចខ្លួនបាត់ស្រមោល។​

​ទាក់ទិនបញ្ហានេះដែរ លោក​ រស់​ សារាំ ព្រះរាជអាជ្ញា នៃអយ្យការ​អមសាលារដំបូង ខេត្តកោះកុង​ មានប្រសាសន៍នៅថ្ងៃចន្ទ ទី​០៩ ខែមករា ឆ្នាំ​២០២៣នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ​ខាងមន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកស្រែអំបិល កំពុង​កសាង​សំណុំរឿង មកកាន់តុលាការខេត្តកោះកុង ដើម្បីបន្តនីតិវិធី។​ លោក​ថា ករណី​នេះ ខាងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង បានទទួលសេចក្ដីរាយការណ៍​បឋម​រួច​ហើយៗ កំពុងរង់ចាំការកសាងសំណុំរឿងពី អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ឲ្យបានជាក់ច្បាស់​ មុននឹង​​អនុវត្តនីតិវិធីជាបន្តទៀត។

​យ៉ាងណាក៏ដោយចុះ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍​​ស្លាប់មនុស្សខាងលើនេះ ខាងភាគីជនបង្ក និងភាគីគ្រួសារជនរងគ្រោះ បានជួបគ្នាសម្របសម្រួល​ដោះ​ស្រាយសំណង ក្រៅប្រព័ន្ធច្បាប់រួចហើយ ដោយខាងភាគី លោក ហន រស្មី បានបង់សំណងជូនគ្រួសារជនរងគ្រោះ​ចំនួន ៤ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងប្តឹងផ្តល់។

ទោះជាបែបនេះក្តី ក្រុមអ្នកច្បាប់ ក៏ដូចជា​យោងតាមច្បាប់មាត្រា ៨៥ ​បានបញ្ជាក់ថា តាមទិដ្ឋភាពច្បាប់​ ការបើកបរដោយធ្វេសប្រហែស​ ឈានទៅបុកអ្នកដទៃ​​ស្លាប់ រួចយកលុយសងជាសំណងជូន​គ្រួសារជនរងគ្រោះ គឺមិនអាចរំលត់ទោសទណ្ឌ ឬអាចគេចផុតពីភាពទទួលខុសត្រូវ ចំពោះមុខ​ច្បាប់បាន​ទេ​។

យ៉ាងនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង ​​លោក ហន រស្មី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល ដែលជាអ្នកបើក​បរ​រថយន្ត ឡិចស៊ីស ៤៧០ ​បុកជនជាតិឥណ្ឌា​ស្លាប់ ដើម្បីបំភ្លឺជុំវិញគ្រោះថ្នាក់ចរាចរណ៍ខាងលើបានទេ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២៣នេះ។​

​ពាក់ព័ន្ធ​ករណី​នេះដែរ លោក ហួរ អ៉ីន អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំ​ខេត្តកោះកុង  មានប្រសាសន៍ថា ផ្អែកតាម​ទិដ្ឋភាពច្បាប់ ជនណាបើកបរដោយធ្វេសប្រហែស បណ្ដាលឲ្យអ្នកដទៃស្លាប់ ទោះ​បានផ្តល់សំណងរដ្ឋប្បវេណីជូន​ជនរងគ្រោះក្តី ក៏ប៉ុន្តែ​ជនបង្ក ឬអ្នក​បើកបររូបនោះ ត្រូវ​តែ​មានកាតព្វកិច្ចទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន គឺមិនអាចសងត្រឹមសំណង​រដ្ឋប្បវេណី ហើយអាចរំលត់ទោសទណ្ឌ ​របស់ខ្លួន ឬអាចរួចខ្លួន​ពីសំណាញ់ច្បាប់បានទេ។ ហើយថា សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែឃាត់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍រូបនោះ ដើម្បីរង់ចាំធ្វើការដោះស្រាយ​​​។

ចំពោះ​​បញ្ហានេះ​​ ប្អូនប្រុសជនរងគ្រោះ បានឲ្យដឹង​ថា ​លោកបានទទួល​លុយចំនួន ៤​ពាន់ដុល្លារ ពីភរិយា លោក ហន រស្មី ដែលសំណងនេះ រូបគាត់ បានព្រមព្រៀងគ្នា នៅក្រៅប្រព័ន្ធតុលាការ កាលពីល្ងាច​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣​។ ប៉ុន្តែលោកថា សំណងនេះ មិនស្រប​តាមការទាមទារ របស់លោក ចំនួន ៧ពាន់ដុល្លារ​នោះទេ។

យ៉ាងណាក៏ដោយចុះ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន បានអះអាងថា នឹងឃ្លាំចាំមើលចំណាត់ការផ្លូវច្បាប់ របស់សាលាដំបូងខេត្តកោះកុង លើ​ករណីគ្រោះថ្នាក់ចរាចរណ៍​ បង្កឡើងដោយឈ្មោះ ហន រស្មី មានតួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល ដែល​បណ្តាលឲ្យស្លាប់បុរសជនជាតិឥណ្ឌាម្នាក់ កាលពីថ្ងៃទី​០៦ ខែមករា​ ឆ្នាំ​២០២៣​ ថា តើតុលាការ នឹងមានចំណាត់ការ​​ទទួលបានលទ្ធផលផ្លែផ្កាត្រឹមកំរិតណា..៕

អត្ថបទដែលជាប់ទាក់ទង