ក្រសួងបរិស្ថាន ដុតកម្ទេចឧបករណ៍អាវុធកែច្នៃ និងអន្ទាក់គ្រប់ប្រភេទ ដើម្បីការពារ និងអភិរក្សសត្វព្រៃ

ខេត្តស្ទឹងត្រែង ៖ ក្រសួងបរិស្ថាន  បានដុតកម្ទេចចោល នូវ ឧបករណ៍អាវុធកែច្នៃ និង អន្ទាក់ គ្រប់ប្រភេទ ដើម្បីការពារ និងអភិរក្សសត្វព្រៃ នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។

យុទ្ធនាការនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពី លោក លោកស្រី ដែលជាគណៈប្រតិភូក្រសួងបរិស្ថាន គណៈអភិបាល ក្រុង-ស្រុក និង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់ បានចូលរួម។ ហើយពិធីនេះ បានប្រព្រឹត្តទៅ នៅភូមិសៀមបូក ឃុំ សៀមបូក ខេត្តស្ទឹងត្រែង។

លោក ស្រេន ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងថា វត្ថុតាងត្រូវកម្ទេចចោលនៅពេលនេះ រួមមាន៖

– កាំភ្លើងកែច្នៃ (ខ្យល់) ៣១ដើម
– កាំភ្លើងកែច្នៃ (កាបិន) ៦៤ដើម
– ស្នាតេះ ៦១ដើម
– ក្បាលឆក់ ៧១គ្រឿង
– ខ្សែអន្ទាក់ ៣.៣២៧ខែ្ស
– ម៉ងដាក់ស្វា ២៦ត្បូង
– ដាយ ៦០ម៉ែត្រ
– អង្គប់ ៥៨ អង្គប់។

មានប្រសាសន៍ ក្នុងឱកាសនោះដែរ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា យុទ្ធនាការនេះរៀបចំឡើង ដើម្បីផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ របស់ពលរដ្ឋពីការបរបាញ់សត្វ ឱ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោក្របី នឹង ចូលរួមអភិរក្សសត្វព្រៃ ព្រមទាំងឲ្យយល់ដឹងអំពីផលប៉ះពាល់ នៃការដាក់អន្ទាក់ ជាពិសេសពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារអភិរក្សធនធានធម្មជាតិ ឲ្យកាន់តែមានប្រសិទ្ធភាព។

លោក សាយ សំអាល់ បន្តថា វត្តមានអន្ទាក់ ដែលមាននៅក្នុងព្រៃ គឺកើតឡើងដោយសារតែមានតម្រូវ ការបរិភោគសត្វព្រៃ ទើបជំរុញឲ្យមានការកើនឡើង នូវការដាក់អន្ទាក់ និងបរបាញ់សត្វ។

លោកថា បញ្ហានេះ ក្រសួងបរិសា្ថន ជាបញ្ហា ដែលក្រសួង ត្រូវគិតគូរបង្ការ និងទប់ស្កាត់ នូវសកម្មភាព ការដាក់អន្ទាក់យកសត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិ ដែលសំខាន់ៗ ដើម្បីកុំឲ្យមានការកើនឡើង នូវចំនួនការបាត់បង់សត្វដ៏កម្រជាបន្តទៀត។

បន្ថែមលើនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានជំរុញអង្គការដៃគូពាក់ព័ន្ធ និងក្រសួងពាក់ព័ន្ធ អាជ្ញាធរពាក់នឹងរួមគ្នាផ្សព្វផ្សាយអំពីផលប៉ះពាល់ និងអប់រំណែនាំអំពីកិច្ចការការពារសត្វព្រៃ និងធនធានធម្មជាតិ។

ជាមួយគ្នានេះ ក្រសួងនឹងជំរុញឲ្យសហគមន៍ នៅតាមតំបន់ធនធានធម្មជាតិពង្រឹងលើកិច្ចការពារ និងអភិរក្ស ដើម្បីទាក់ទាញភ្ញៀវទេសចរ មកកម្សាន្ត នៅតាមតំបន់ធនធានធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង