ដំណាក់កាលចុងក្រោយ នៃសកម្មភាពជួសជុលខឿន ព្រះលានជល់ដំរី
ខេត្តសៀមរាប ៖ មន្ត្រីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិ បេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) រំពឹងថា ការជួសជុលខឿន របស់ព្រះលានជល់ដំរីអាចនឹងបញ្ចប់ នៅចុងឆ្នាំ២០២៤ ខាងមុខ។ ការងារជួសជុលខឿន ព្រះលានជល់ដំរីនេះ បែងចែកជាចំនួន២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង ១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១មក។
អ្នកបុរាណវិទ្យា និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ប្រចាំការនៅការដ្ឋានជួសជុល ព្រះលានជល់ដំរីទីតាំងA អ្នកស្រី សៀង សុផានី ឱ្យដឹងថា ការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការងារកំណាយស្រាវជ្រាវបែបបុរាណវិទ្យា និងជួសជុលសម្រាល ថ្មបាយក្រៀមផ្នែកខាងលើដែលស្រុត ព្រមទាំងបានពង្រីកការជួសជុល កម្រាលនៅទិសខាងត្បូង ប្រវែង ៣ម៉ែត្រ បន្ថែមទៀតនូវផ្នែកដែលស្រុតបញ្ចៀសការហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ ហើយរៀបជញ្ជាំងថ្មភក់ផ្នែកខាងកើត នៃព្រះលានជល់ដំរីបានចំនួន៥រួត។
ចំណែក ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ប្រចាំការនៅការដ្ឋានទីតាំងC លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រុមការងារបានជួសជុលពង្រឹង និងរៀបជញ្ជាំងដែលទ្រេតមកខាងមុខ ត្រឹមត្រូវតាមលំនាំដើមបាន ៩០ភាគរយ។
រីឯផ្នែកកម្រាលខាងលើ កំពុងសិក្សារៀបចំប្រព័ន្ធរំដោះទឹក ទៅតាមអនុសាសន៍ របស់ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ។ ដូច្នេះការងារដែលនៅសេសសល់មានតែ ការរៀបចំប្រព័ន្ធរំដោះទឹក រៀបចំកម្រាលផ្នែកខាងលើឡើងវិញ និងបង្កាន់ដៃនាគជាដើម៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា និងអ្នកស្រី សៀង សុផានី