អ្នកភូមិជើងខាល រៃអង្គាសលុយគ្នា កសាងទីសក្ការៈគោរពបូជា នៅលើទីតាំងប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវ ខណៈអាជ្ញាធរ​ខេត្តត្បូងឃ្មុំ មិនយកចិត្តទុកដាក់

ខេត្តត្បូងឃ្មុំ ៖ ក្រុមប្រជាពលរដ្ឋ បានអះអាងថា តំបន់​ប្រវត្តិសាស្រ្ត​ដើមពោធិ៍ទុំទាវ (រឿងទុំទាវ) ដែលមានទីតាំង នៅភូមិ​ជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីមិនឃើញមាន អាជ្ញាធរស្ថាប័នពាក់ព័ន្ធផ្នែកណាមួយ ជួយឈឺឆ្អាលលើការងារអភិរក្ស ឬកសាងអ្វីទាល់តែសោះនោះ បច្ចុប្បន្ន ត្រូវបានប្រជាពុទ្ធបរិស័ទ ឬប្រជាពលរដ្ឋ រស់នៅក្នុង​មូលដ្ឋានខាងលើនេះ បានរួមសហការ​គ្នា រៃអង្គាសលុយ ដើម្បីយកស្ថាបនាផ្លូវលំ និងសាងសង់ទីសក្ការៈ ឬកន្លែងសម្រាប់គោរពបូជា ដោយខ្លួនឯង​។
​ក្រុមប្រជាពលរដ្ឋ បានឲ្យគេហទំព័រ «កម្ពុជាថ្ងៃនេះ» ដឹងនៅថ្ងៃពុធ ទី​២០ ខែមីនា ឆ្នាំ​២០២៤​ថា ដោយសារតែតំបន់ប្រវត្តិសាស្ត្រមួយនេះ ហាក់ត្រូវបានអាជ្ញាធរស្ថាប័នពាក់ព័ន្ធបំភ្លេចចោល ដោយគ្មានការអភិវឌ្ឍន៍កែលម្អអ្វីទាល់​តែ​សោះ​នោះ ទើបពួកគាត់ ​បានរួមសហការគ្នាប្រមូលលុយ ដើម្បីកសាងផ្លូវលំ និងស្ថាបនាទីសក្ការៈ ទុកសម្រាប់គោរពបូជា ទៅតាមប្រពៃណី​តាំងពីដូនតា ឬដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនា និងគោរពបូជាទៅតាមជំនឿ​រៀងៗខ្លួន។
ប្រជាពលរដ្ឋបន្តថា តំបន់ប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវ ពិតជាត្រូវបានអាជ្ញាធរមូលដ្ឋាននេះ បំភ្លេចចោល​ ខណៈ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏ធ្លាប់បាន​សន្យា​​​ថា ​នឹងប្រែក្លាយ​តំបន់ប្រវត្តិ​សាស្ត្រមួយនេះ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនា នាថ្ងៃអនាគត។ ប៉ុន្តែការសន្យា របស់​លោកអភិបាលខេត្តត្បូងឃ្មុំ បានអូសបន្លាយពេលតាំងពីឆ្នាំ​២០២១​ រហូតមកដល់ដើម​ឆ្នាំ​២០២៤ គឺស្ងាត់ឈឹងតែម្តង។ 
ក្រុមប្រជាពលរដ្ឋ រៀបរាប់ទៀតថា ដោយសង្កេតឃើញ មិនមានថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ដូចជា ​អាជ្ញាធរស្ថាប័ន​ពាក់ព័ន្ធ មិន​រវល់អើពើលើការងារអភិរក្ស ឬស្ថាបនាទីសក្ការៈ គោរពបូជា ក៏ដូចជាផ្លូវចេញ-ចូលទៅ នៅតំបន់ប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវនេះ ទើបពួកគាត់ បានសហការរៃអង្គាសលុយគ្នា ដើម្បីអភិវឌ្ឍន៍ ឬប្រែក្លាយតំបន់ប្រវត្តិសាស្ត្រ នៅភូមិជើងខាលនេះ ដោយខ្លួន​ឯង។ ហើយជាជំហ៊ានដំបូង បានរួមគ្នាសង់ទីសក្ការៈពីថ្មប្រកក្បឿង ទុកសម្រាប់ ​ឲ្យប្រជាពុទ្ធបរិស័ទជិតឆ្លាយ ឬភ្ញៀវទេសចរ​ ចូលមកទស្សនា និងគោរពបូជា​។
យ៉ាងណា គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចសុំការបំភ្លឺពី លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បួងឃ្មុំ ជុំវិញការងារអភិរក្ស ក៏ដូចជាការស្ថាបនាទីសក្ការៈបូជា នៅលើទីតាំងប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវ នៅភូមិជើងខាល ខាងលើបានទេ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២៤នេះ។
កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ ដើមពោធិ៍មួយដើម ឬដើមពោធិ៍ទុំទាវ (ដើមពោធិ៍អ្នកតាក្រហមក) ដែលមានរៀបរាប់នៅក្នុង​ប្រវត្តិរឿងទុំ​ទាវ ត្រូវបានដួលរលំដោយខ្យល់កន្រ្តាក់។ ក្រោយការដួលរលំភ្លាមៗ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងនោះ អាជ្ញាធររដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានចុះមកពិនិត្យ និងបានស្ទូចដើមពោធិ៍នោះ ដាំឡើងវិញ។
ព្រមជាមួយគ្នានេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានសន្យា នឹង​បន្តអភិរក្សតំបន់់នេះ ឲ្យប្រែក្លាយ​ជា តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ថែមទៀតផង។ ប៉ុន្តែបើគិតមកដល់ដើមឆ្នាំ​២០២៤ ​​មិនទាន់ឃើញ អាជ្ញាខេត្តត្បូងឃ្មុំ ពិសេស លោក ជាម ច័ន្ទសោភ័ណ ចាត់ក្រុមការងារឲ្យចុះមក ​អភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រនេះ​ទេ​។ ហើយ សូម្បី​តែ ផ្លូវធ្វើដំណើរ បត់ចេញពីផ្លូវជាតិ​លេខ៧ ចូលទៅតំបន់ដើមពោធិ៍ទុំទាវ ដែលមានចំងាយជាង ១០០​ម៉ែត្រ ក៏មិនបានជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ឬអ្នកទេសចរ​ដែរ។
ទាក់ទិនបញ្ហានេះ លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ ធ្លាប់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មូលហេតុដែលយឺតយ៉ាវក្នុងការស្ថាបនាផ្លូវ ឬទីសក្ការៈបូជា នៅតំបន់ប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវ ដ៏ដោយសារតែគម្រោងអភិវឌ្ឍន៍ ​តំបន់ប្រវត្តិសាស្ត្រ​នេះ បានប៉ះពាល់ដល់ដីកម្មសិទ្ធិ របស់ប្រជាពលរដ្ឋ ដែលមានព្រំ​ជាប់គ្នា​ ទើបទាមទារពេលវេលា ធ្វើការសម្របសម្រួលដោះស្រាយឲ្យរួចរាល់ជាមុន​។ ជាងនេះទៀត ចំពោះការងារអភិរក្សតំបន់ប្រវត្តិសាស្ត្រខាងលើនេះ គឺខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ ជាអ្នកទទួលខុសត្រូវ។
ឆ្លើយតបបញ្ហានេះ លោក គួ ហុក ប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានប្រាប់គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅព្រឹកថ្ងៃ​ពុធ ទី​២០ ខែមីនាថា មូលហេតុនាំឲ្យមានការយឺតយ៉ាវ ក្នុងការអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវ ក៏ព្រោះតែការស្ថាបនា​ផ្លូវចូលទៅកាន់តំបន់ប្រវត្តិសាស្ត្រនេះ បានប៉ះពាល់ដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋមួយគ្រួសារ។ ប៉ុន្តែបច្ចុប្បន្ននេះ ​លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់មន្ត្រីជំនាញ ឲ្យចុះសម្របសម្រួលជាមួយ ប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់ នោះរួចហើយៗ នឹងជម្រុញការអភិវឌ្ឍន៍ផ្លូវនៅតំបន់ខាងលើនេះ ឲ្យបានរួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់។
យ៉ាងណា លោក គួ ហុក ទទួលស្គាល់ថា ​សប្តាហ៍កន្លងមកនេះ ពិតជាមានប្រជាពលរដ្ឋ រស់នៅមូលដ្ឋានខាងលើ បានរួមគ្នាសង់ទីសក្ការៈ សម្រាប់គោរពបូជា នៅលើទីតាំងប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវ ​ពិតមែន។ ហើយរូបលោក បានគាំទ្រចំពោះសកម្មភាព របស់ប្រជាពលរដ្ឋ និងបានចូលរួមជាថវិកាខ្លះ ​ដើម្បីចំណាយទៅលើការងារស្ថាបនាទីសក្ការៈគោរពបូជានេះផងដែរ។
លោកទទួលស្គាល់ថា ការយឺតយ៉ាវ លើការងារអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រខាងលើនេះ ក៏ព្រោះតែគម្រោងស្ថាបនាទីសក្ការៈខាងលើ បានប៉ះពាល់ដល់ដីកម្មសិទ្ធិ របស់ប្រជាពលរដ្ឋ នៅជុំវិញតំបន់នោះ។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានរួមគ្នាកសាងទីសក្ការៈ សម្រាប់គោរពបូជា នៅលើទីតាំងប្រវត្តិសាស្ត្រនេះ ដោយខ្លួនឯង ដោយគ្រោងស្ថាបនា ឲ្យរួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះ។
ទោះជាបែបនេះក្តី ប្រជាពលរដ្ឋ ថ្លែងថា ដោយពួកគាត់អស់ជំនឿ ទៅលើការសន្យា របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​ខេត្តនេះ ទើបពួកគាត់ បានរួមសហការគ្នារៃអង្គាសលុយ ដើម្បីស្ថាបនា ផ្លូវលំ និងកសាងទីសក្ការៈសម្រាប់គោរពបូជា នៅតំបន់ប្រវត្តិសាស្ត្រខាងលើដោយខ្លួន។ ខណៈការទន្ទឹងរង់ចាំ ការចុះមកអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ  បានអូសបន្លាយពេលរាប់ឆ្នាំ​។

ពលរដ្ឋបន្តទៀតថា កន្លងមក មានស្ត្រីវ័យចំណាស់ម្នាក់ បានចូលលុយ ឬចូលជាបច្ច័យជូន លោក គួ ហុក ប្រធាន​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ ចំនួន ២០លានរៀល ដើម្បីកសាងទីសក្ការៈ​គោរពបូជា នៅ​លើ​ទីតាំងបំបន់ប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវនេះ​ ប៉ុន្តែបែរជា មិនដែលឃើញមន្ត្រីស្ថាប័នខាងលើ ចុះទៅកសាង​​​អ្វីបន្តិចនោះទេ គឺបានត្រឹម​លើកយកហេតុផលផ្សេងៗ មកដោះស្រាយ ពេលពលរដ្ឋ ឬអ្នកសារព័ត៌មាន សួរនាំរឿងនេះ។

ឆ្លើយតបលុយចំនួន ២០លានរៀល ដែលស្ត្រីចំណាស់ម្នាក់ បានផ្តល់សម្រាប់​កសាងទីសក្ការៈបូជា នៅតំបន់ប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវខាងលើនេះ ត្រូវបាន លោក​ គួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ ​បំភ្លឺថា រូបគាត់បាន​ប្រគល់លុយ ២០លានរៀលនោះ​ ត្រឡប់​ទៅម្ចាស់​ដើមគេវិញហើយ។ លោកបន្តថា មូលហេតុ ​រូបលោក ប្រគល់លុយ ២០លានរៀល ទៅឲ្យម្ចាស់លុយគេវិញ ក៏ព្រោះតែ​គម្រោងកសាងទីសក្ការៈ​ នៅតំបន់ប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវនេះ បានប៉ះពាល​ដីធ្លី របស់​ប្រជាពលរដ្ឋ ​ដែលមានរបង ឬព្រំជាប់គ្នា​ ហើយមិនទាន់​ដោះស្រាយ​​រួចនៅឡើយ។

ទោះជាបែបនេះក្តី ស្ត្រីវ័យចំណាស់ម្នាក់ ដែលគេស្គាល់ឈ្មោះ លោកយាយ ញ៉ ជាម្ចាស់លុយ ២០លានរៀល ដែលបានប្រគល់ជូន លោក គួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ បាន​ប្រាប់អ្នកសារព័ត៌មានថា រូបគាត់​មិនបានទទួលយកលុយ ២០លានរៀល ដែលបានប្រគល់ជូនអាជ្ញាធរនោះ មកវិញទេ។ ព្រោះលុយនេះ រូបគាត់បាន​ផ្តល់ជូន​ទុក​កសាងទីសក្ការៈ​គោរពបូជា នៅលើទីតាំងប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវ ដើម្បីទុកឲ្យប្រជាពលរដ្ឋ ឬកូនចៅជំនាន់ក្រោយ ​ធ្វើបុណ្យតាមប្រពៃណី ជំនឿពីដូនតា និងទុកសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចង់ឃើញតំបន់ប្រវត្តិសាស្ត្រមួយនេះ នាថ្ងៃអនាគត៕ ​ដែន សីមា

អត្ថបទដែលជាប់ទាក់ទង