ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី នីតិកាលទី៧ ប្រកាសសមាសភាព និងបើកកិច្ចប្រជុំលើកដំបូង នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសសមាសភាព និងបើកកិច្ចប្រជុំលើកដំបូង របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំង លោក-លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង ០៥ ក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ជាច្រើនរូប ប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។

លោក ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានទាំងអស់ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី និងភាកិច្ច របស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ នាពេលកន្លងមក។

ដើម្បីតម្រង់ទិស និងជំរុញប្រសិទ្ធភាព ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល លោកឧ ស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន នៃខេត្តមណ្ឌលគិរី យកចិត្តទុកដាក់លើការងារសំខាន់ៗ រួមមាន៖

១- ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវមានការទទួលខុសត្រូវក្នុងការដឹកនាំ និងចាត់ចែងអនុវត្តការងារចុះមូលដ្ឋាន ក្នុងក្រុមការងាររបស់ខ្លួន ផ្អែកតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី។

២- ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ពុំមានតួនាទី ឬសិទ្ធិសម្រេចកិច្ចការជំនួសក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានាឡើយ។

ទី៣- ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត ត្រូវសម្រេចផែនការសកម្មភាព ការធ្វើវេទិកាសាធារណៈផ្ទាល់ជាមួយ ប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យបានចប់ គ្រប់ភូមិក្នុង ២១ឃុំ សង្កាត់ទូទាំងខេត្ត ដោយក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ត្រូវរៀបចំកម្មវិធីចុះវេទិកាសាធារណៈ តាមភូមិនីមួយៗ។

លោក ថង សាវុន អភិបាលខេត្ត មានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់ថា្នក់ បានប្រជុំផ្ទៃក្នុង និងបានចូលរួម សកម្មភាព ក្នុងព្រឹត្តិការណ៍នានា នៅមូលដ្ឋានជាច្រើនលើក ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា នាពេលកន្លងមក ដោយបាន ចុះជួបប្រាស្រ័យផ្ទាល់ ជាមួយ ប្រជាពលរដ្ឋ តាមខ្នងផ្ទះសរុប ចំនួន ១៣៣លើក និងបានរៀបចំវេទិកាសាធារណៈ ចំនួន ៩០លើក ក្នុងនោះទទួល បានសំណើ សំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងសរុបចំនួន ៨១៣ករណី ពាក់ព័ន្ធវិស័យចំនួន ២៣ បានដោះស្រាយរួចចំនួន ៣៨៥ករណី (ស្មើនឹង ៤៧%) កំពុងដោះស្រាយ ៣៦៥ករណី(ស្មើនឹង ៤៥%) បញ្ហានៅសេសសល់មិនទាន់ដោះ ស្រាយចំនួន ៦៣ករណី (ស្មើនឹង ៨%)។

សូមញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី នីតិកាលទី៧នេះ មានសមាជិកសរុប ៥៩រូប និងសមាសភាពក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានថ្នាក់ខេត្ត និងក្រុង -ស្រុក ឃុំ-សង្កាត់ សរុបចំនួន ១៧០រូប៕ ដោយ ៖ សារ៉េត

អត្ថបទដែលជាប់ទាក់ទង