ស្ត្រីម្នាក់ត្រូវកូនប្រុសបង្កើត អារ.កសម្លាប់ ស្លាប់ក្នុងថ្លុកឈាម
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ បានស្លាប់ក្នុងថ្លុកឈាមគួរឱ្យអាណោចអាធ័ម បន្ទាប់ពីត្រូវកូនប្រុសបង្កើត របស់ខ្លួន បានយកកាំបិតអារ.កសម្លាប់ កាលពីវេលាម៉ោង ៨ និង២០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ផ្ទះជួលជាន់ទី១ ស្ថិតក្នុងភូមិ២៣ ក្រុម១០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពជនរងគ្រោះជាម្ដាយ មានឈ្មោះ តយ លឿ ភេទស្រី អាយុប្រហែល ៦០ឆ្នាំ មុខរបរផ្នែកអនាម័យ នៅផ្ទះសំណាក់មួយកន្លែង ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិច្រេះ ឃុំច្រេះស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកជនដៃដល់ជាកូន មានឈ្មោះ ឈាត ឆែ ភេទប្រុស អាយុជាង ៣០ឆ្នាំ មុខរបរលើកអីវ៉ាន់នៅផ្សារនាគមាស ស្នាក់នៅជាមួយគ្នា។
ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ជាកូនមានជំងឺសរសៃប្រសាទ ជាយូរណាស់មកហើយៗ នៅមុនកើតហេតុជនដៃដល់ជាកូនបានសុំលុយម្ដាយចំនួន ៣៥ម៉ឺនរៀល តែម្ដាយមិនឱ្យ លុះដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែឃើញជនរងគ្រោះជាម្ដាយ បានស្រែកឆោឡោឱ្យគេជួយ ក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាទៅមើល ក៏ឃើញជនរងគ្រោះជាម្ដាយ ត្រូវកូនអារកសម្លាប់ ស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ។
បេីតាមការបញ្ជាក់ពីបុរសម្នាក់ ត្រូវជាប្អូនថ្លៃជនរងគ្រោះ បានឱ្យដឹងថា កាលពីម្សិលមិញ គឺកូនប្រុសជាជនដៃដល់ បានសុំលុយម្ដាយជនរងគ្រោះចំនួន ៣៥ម៉ឺនរៀល តែម្តាយមិនឱ្យ ដោយប្រាប់កូនថា លុយម្តាយទិញចិញ្ចៀនអស់ហើយៗ នៅខ្លះទុកគ្រាន់ទៅលេងស្រុកចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។
ប្រភពដដែលបានបន្តថា កូនប្រុសរបស់គាត់ ដែលជាជនដៃដល់តែងតែសុំលុយម្ដាយយកទៅលេងល្បែង តាមអនឡាញជាញឹកញាប់ ហើយចាញ់អស់មកសុំទៀត ដោយនៅថ្ងៃកេីតហេតុ ម្ដាយមិនឱ្យក៏បែកសតិយកកាំបិតអារ.ក ម្ដាយដេកស្លាប់យ៉ាងអាណោធអាធ័ម នៅក្នុងបន្ទប់ជួលតែម្ដង។ ភ្លាមៗនោះជនដៃដល់ ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួន ប្រគល់ឱ្យ សមត្ថកិច្ចចាត់ការតាមច្បាប់ផងដែរ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ បានចុះមកពិនិត្យនិងធ្វេីកំណត់ហេតុប្រគល់សពឱ្យទៅសាច់ញាតិបងប្អូន ចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕