ហេតុការណ៍ Singapore Airlines បង្ហាញសារសំខាន់ នៃការដាក់ខ្សែក្រវាត់ ពេលជិះយន្តហោះ
សិង្ហបុរី ៖ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ត្រូវបានចាត់ទុកថាជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានសុវត្ថិភាពបំផុត ដោយសារកំណត់ត្រាក្រុមហ៊ុននេះ មិនដែលមានគ្រោះថ្នាក់ធំណាមួយ នៅប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ ដូច្នេះហើយ គ្រោះថ្នាក់នៅថ្ងៃទី២១ ខែឧសភា បានបង្កការភ្ញាក់ផ្អើលដល់មនុស្សភាគច្រើន។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។
យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២១ ខែឧសភា យន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ត្រូវចុះចតជាបន្ទាន់នៅទីក្រុងបាងកក ដោយសារខ្យល់ព្យុះបោកបក់ខ្លាំង។ ឧបទ្ទវហេតុនេះ បានធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួស និងយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ភ្លាមៗ នៅពេលដែលពួកគេជួបប្រទះខ្យល់កន្រ្តាក់នៅលើអាកាស បុគ្គលិកជើងហោះហើរលេខ SQ321 ភ្លាមៗ បានប្រាប់អ្នកដំណើរឱ្យរឹតបន្តឹងខ្សែក្រវ៉ាត់សុវត្ថិភាព របស់ពួកគេ។
ទិន្នន័យពី Flightradar24 បង្ហាញថា ជើងហោះហើរពីទីក្រុងឡុងដ៍ ទៅកាន់សិង្ហបុរី បានជួបប្រទះខ្យល់កន្រ្តាក់យ៉ាងខ្លាំង អស់រយៈពេលជាង១នាទី ខណៈកំពុងហោះហើរលើប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈកម្ពស់ ១១៣០០ម៉ែត្រ ដែលបណ្តាលឱ្យយន្តហោះញ័រឡើងលើ ចុះក្រោមជាច្រើនដង។
សេវាកម្មព្យាករណ៍អាកាសធាតុ AccuWeather បាននិយាយថា ទិន្នន័យផ្កាយរណប និងផ្លេកបន្ទោរបង្ហាញពីព្យុះផ្គររន្ទះ នៅជិតផ្លូវហោះហើរ ដែលអាចទុកពេលឱ្យអ្នកបើកយន្តហោះ មានប្រតិកម្មតិចតួច។
នាយកប្រតិបត្តិក្រុមហ៊ុន Singapore Airlines លោក Goh Choon Phong បានប្រកាសថា យន្តហោះបានជួបប្រទះខ្យល់ព្យុះខ្លាំង និងមិននឹកស្មានដល់។
លោកស្រី Sara Nelson ប្រធានសមាគម អ្នកបម្រើលើយន្តហោះអន្តរជាតិ CWA មានប្រសាសន៍ថា «ការរំខាននៅលើផ្ទៃមេឃស្រឡះ គឺមើលមិនឃើញ ហើយស្ទើរតែមិនអាចរកឃើញជាមួយ នឹងបច្ចេកវិទ្យាបច្ចុប្បន្ន។ ដូច្នេះវាកាន់តែមានសារៈសំខាន់ សម្រាប់អ្នកដំណើរក្នុងការពាក់ខ្សែក្រវាត់គ្រប់ពេល ដែលពួកគេអង្គុយ។ វាជាបញ្ហានៃជីវិត និងការស្លាប់»។
សមាគមអ្នកបើកយន្តហោះ Airline (ALPA) ដែលតំណាងឱ្យអ្នកបើកយន្តហោះជាង ៧៧០០០នាក់ នៅក្រុមហ៊ុនអាកាសចរណ៍ ៤១ របស់អាម៉េរិក និងកាណាដា បានឲ្យដឹងដែរថា មធ្យោបាយសុវត្ថិភាពបំផុត សម្រាប់អ្នកដំណើរ ដើម្បីការពារខ្លួនគឺ ត្រូវប្រាកដថាខ្សែក្រវាត់សុវត្ថិភាព របស់ពួកគេ ត្រូវបានរឹតបន្តឹងគ្រប់ពេលវេលា។
ការសិក្សាឆ្នាំ២០២១ ដោយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាម៉េរិក បានបញ្ជាក់ថា គ្រោះថ្នាក់អាកាសចរណ៍ ដែលពាក់ព័ន្ធនឹងភាពខ្យល់កន្រ្ទាក់ គឺជាប្រភេទគ្រោះថ្នាក់ទូទៅបំផុត។ ថ្មីៗនេះ នៅក្នុងខែមីនា ឆ្នាំ២០២៤ យន្តហោះ Boeing BA.N 787 ដំណើរការដោយ ក្រុមហ៊ុនអាកាសចរណ៍ LATAM ស្រាប់តែជួបបញ្ហាស្រដៀងគ្នានេះ នៅពាក់កណ្តាលជើងហោះហើរ បណ្តាលឲ្យមនុស្សជាង ៥០នាក់រងរបួស៕ ប្រភព ៖ FB Hout Songhak