ប្រធានក្រុម Wagner ត្រូវគេសន្មត់ថាបានស្លាប់ ដោយធ្លាក់យន្តហោះ នៅរុស្ស៊ី កាលពីថ្ងៃទី២៣ ខែសីហា
ក្រុងមូស្គូ ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរុស្ស៊ី បានអះអាងថា ប្រធានក្រុម Wagner លោក Yevgeny Prigozhin ស្ថិតនៅក្នុងបញ្ជីអ្នកដំណើរ នៃយន្តហោះមួយគ្រឿង ដែលបានធ្លាក់ ហើយសម្លាប់អ្នកដំណើរទាំងអស់ នៅលើយន្តហោះ។
ទន្ទឹមនោះ បណ្តាញ Telegram របស់ក្រុម Wagner-linked Gray Zone បានរាយការណ៍ថា យន្តហោះឯកជន ដែលជាកម្មសិទ្ធិ របស់បុរសវ័យ ៦២ឆ្នាំ ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារអាកាសរុស្ស៊ី។
គេហទំព័រព័ត៌មានឯករាជ្យ Gray Zone បានបង្ហោះ កាលពីថ្ងៃពុធថា ការស្លាប់របស់លោក Prigozhin ជាលទ្ធផល របស់ជនក្បត់រុស្ស៊ីរូបនេះ ខណៈកាលពីខែមិថុនា មេដឹកនាំក្រុម Wagner បានដឹកនាំការបះបោរ ប៉ុន្តែបរាជ័យប្រឆាំង នឹងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
គ្រោះថ្នាក់នេះ បានកើតឡើងនៅជិតភូមិ Kuzhenkino ក្នុងតំបន់ Tver ភាគពាយ័ព្យ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
សារព័ត៌មាន របស់រុស្ស៊ីមួយចំនួន បានកំណត់យន្តហោះនេះ មានឈ្មោះថា Embraer Legacy 600 មានលេខកន្ទុយ RA-02795 ដែលគេជឿថាជា របស់លោក Prigozhin។
គួរបញ្ជាក់ថា បើតាមរបាយការណ៍សារព័ត៌មាន បញ្ជាក់ថា យន្តហោះនេះ បានធ្លាក់ អំឡុងពេលធ្វើដំណើរ ចេញពីទីក្រុងមូស្គូ ឆ្ពោះទៅកាន់ទីក្រុង St Petersburg ដោយសម្លាប់អ្នកដំណើរទាំងអស់។ ហើយ អ្នកនៅលើយន្តហោះនោះ មានមនុស្សសរុប ៧នាក់ និងអ្នកបើក ៣នាក់ ហើយត្រូវបានគេសន្មត់ថា មានវត្តមាន របស់ លោក Prigozhin ផងដែរ៕