ពលរដ្ឋជាង៧០០គ្រួសារ រស់នៅស្រុកកែវសីមា ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋចំនួន ៧៥៧គ្រួសារ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិអចនលវត្ថុ ក្រោយមន្ត្រីជំនាញ ដំណើរការវាស់វែងចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធរួចរាល់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

លោក ឃន សិទ្ធិ នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិអចនលវត្ថុដល់ ប្រជាពលរដ្ឋ រស់នៅខេត្តមណ្ឌលគិរី គឺដើម្បីផ្តល់សុវត្ថិភាព ក្នុងកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋទូទៅ ដោយពុំមានប្រកាន់និន្នាការនយោបាយអ្វីឡើយ។

នេះជាការបង្កលក្ខណៈសម្បត្តិដល់ការលើកកម្ពស់ កម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើអាជីវកម្ម កសិកម្ម លើដីធ្លីជាកម្មសិទ្ធិស្របច្បាប់ របស់ខ្លួន ឲ្យអស់សក្តានុពលដោយពុំមានភ័យខ្លាចអ្វីទៀតឡើយ ។

ជាការពិតណាស់ ការកាន់កាប់ដីធ្លីច្បាស់លាស់ របស់ប្រជាពលរដ្ឋ ក៏ជាលក្ខណៈសម្បត្តិច្បាស់លាស់ សម្រាប់អ្នកវិនិយោគអភិវឌ្ឍន៍ដីធ្លីផងដែរ។

លោក លឹម ចាន់សុភី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា ដោយមានការយកចិត្តទុកដាក់ពី លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយ លោកអភិបាលខេត្ត ក្នុងការពន្លឿនការងារចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ប្រកបដោយ គុណភាពខ្ពស់។

ដោយមានកិច្ចសហការណ៍ល្អពីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានខិតខំបំពេញការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ ប្រជាពលរដ្ឋ ដើម្បីទទួលបានសិទ្ធិស្របច្បាប់លើដីធ្លី។

លោកបន្តថា ដំណើរការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិចក់ចារនេះ ជាភូមិទី២៨ ដែលបានប្រកាស ចែកបណ្ណ។

សម្រាប់ក្បាលដី ដែលនឹងត្រូវចែកបណ្ណ មានចំនួន ១២៥៣ បណ្ណ ស្មើនឹង ៧៥៧ គ្រួសារ ដែលមានទំហំផ្ទៃដី សរុបប្រមាណ ២៨៦៨,៣៨៧៩ ហិកតា។

លោកបញ្ជាក់ថា បងប្អូនជាម្ចាស់ដីត្រូវតែមានកាតព្វកិច្ចបង់សេវាចុះបញ្ជីដី ក្នុងមួយម៉ែត្រការ៉េ ១០៛ សម្រាប់ដីលំនៅឋាន និង ១៛ សម្រាប់ដីកសិកម្ម តាមការកំណត់ដោយច្បាប់ ដើម្បីទទួលបានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះ ៕ ដោយ ៖ តាស្រុះ

អត្ថបទដែលជាប់ទាក់ទង