ប៉េអឹមចាប់ខ្លួនជនឆបោក ថាជាដៃស្តាំនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត
រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាប់ខ្លួន អ្នកដែលអះអាងថា មានឋានន្តរស័ក្តិពាក់ផ្កាយពីរ និងជាដៃស្តាំ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ហើយបានដើរឆបោក ប្រជាពលរដ្ឋ យកលុយរត់ការចូលក្របខណ្ឌកងទ័ព។
កម្លាំងកងរាជអាវុធហត្ថ បញ្ជាក់ថា ជនសង្ស័យ ដែលចាប់ខ្លួនឈ្មោះ ផន ច័ន្ទផានិត ត្រូវប៉េអឹមឃាត់ខ្លួននៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។
មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ ដោយជនសង្ស័យ បាន អះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិ ឧត្តមសេនីយ៍ទោ ហើយជាដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឲ្យជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ ១០,០០០ដុល្លារ ហើយជនសង្ស័យ បានបង្ហាញរូបថត ដែលមានរូបខ្លួន ថតជាមួយ ឯកឧត្តម ហ៊ុន ម៉ាណែត និង ថតជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត ទៅជនរងគ្រោះមើល ទើបធ្វើឲ្យជនរងគ្រោះ មានការជឿទុកចិត្ត ព្រមប្រគល់ប្រាក់ជាដំណាក់កាល ឲ្យទៅជនសង្ស័យ ដើម្បីរត់ការចូលក្របខ័ណ្ឌ។
ហើយចំពោះករណីនេះ ជនសង្ស័យ បានឲ្យជនរងគ្រោះផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន រូបថត និងឯកសារផ្សេងៗ ដើម្បីបំពេញបែបបទបញ្ចូលក្របខ័ណ្ឌ។ បន្ទាប់មក ជនសង្ស័យក៏បានប្រគល់ អត្តសញ្ញាណប័ណ្ណកងទ័ព និងលិខិតបញ្ជាបេសកកម្ម ទៅជនរងគ្រោះប្រើប្រាស់។
ក្រោយមកជនរងគ្រោះ បានសួររកប្រាក់ខែរដ្ឋ អង្គភាព និងមេកើយ ស្រាប់តែជនសង្ស័យ បានប្រាប់ថា ចាំសួរថ្នាក់លើឲ្យ និងរកលេសដោះសាររហូត ទើបជនរងគ្រោះដឹងថា ខ្លួនត្រូវបានចាញ់បោកគេ ក៏ដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថ រាជធានីភ្នំពេញតែម្តង។
បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះ អាវុធហត្ថភ្នំពេញ ក៏បានបើកការស្រាវជ្រាវជាបន្ទាន់ និងឈានទៅ ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ផន ច័ន្ទផានិត នៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ជនសង្ស័យខាងលើនេះ មានមុខរបរត្រឹមតែ ជាអ្នកគួកជេរដី និងជាតៃកុងឡានប៉ុណ្ណោះ ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចាប់យកអាវុធខ្លីកែច្នៃ ០១ដើម ពុំមានម៉ាក និងឯកសារក្លែងមួយចំនួន ពីជនសង្ស័យផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានទទួលស្គាល់ថា ខ្លួន ពិតជាបានទទួលប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូលក្របខ័ណ្ណពិតប្រាកដមែន ដែលការរត់ការចូលក្របខ័ណ្ឌនេះ គឺខ្លួនបានក្លែងឯកសារប្រគល់ឲ្យ ជនរងគ្រោះ និងបានទទួលលុយពីជនរងគ្រោះ ទើបតែបាន ៨,០០០ដុល្លារប៉ុណ្ណោះ ក៏ត្រូវជនរងគ្រោះចាប់ចំណុចខ្សោយបានថា ខ្លួនឆបោកតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តតាមនីតិវិធី៕