អ្នកស្រុកអង្គរ នៅបន្តបំពេញតួនាទី ជាអ្នកថែរក្សា និងការពារអង្គរ

ខេត្តសៀមរាប ៖ មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញតាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។ ជាក់ស្តែង លោក ព្រាន ដូរ អាយុ ៣២ឆ្នាំ និងលោក តប់ តង អាយុ ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជាច្រើន កំពុងបំពេញតួនាទី របស់ខ្លួន ជាអ្នកស្វែងរកថ្ម ដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្ម ដែលទទួលរងការខូចខាត បាក់ស្រុតរលុះថ្ម ស្ទើរតែទាំងស្រុង ជាយូរមកហើយ ឱ្យរឹងមាំឡើងវិញ។

លោក ព្រាន ដូរ ឱ្យដឹងថា នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម មានចំនួន២នាក់ ហើយការស្វែងរកថ្មប្រាសាទ ដែលរលុះធ្លាក់ និងចល័តខុសពីទីតាំងដើម យកមករៀបផ្គុំឱ្យត្រូវឡើងវិញ ជួបការលំបាកច្រើន ដោយចំនួនថ្ម នៃតួខ្លោងទ្វារមានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ។ ការស្វែងរកថ្ម ដែលរលុះធ្លាក់ទាំងនោះបាន ទាល់តែមានចិត្តព្យាយាមរកឱ្យឃើញ ផ្នែកណាមួយ ជាមុនសិន ទើបមានមូលដ្ឋានស្វែងរកថ្មទៅតាមល្បាក់ ជាបន្តបន្ទាប់។

លោក ព្រាន ដូរ បញ្ជាក់ថា ក្នុងចំណោមថ្មប្រាសាទ ដែលងាយស្រួលស្វែងរក គឺថ្មដែលមានក្បាច់។

ចំណែកលោក តប់ តង អាយុ ៥៨ឆ្នាំ ជាកម្មករជំនាញ ស្វែងរកថ្មម្នាក់ទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការរកថ្ម សម្រាប់យកទៅជួសជុលប្រាសាទ ឱ្យត្រូវតាមទីតាំងដើម និងបានពេញទម្រង់ដើម ឡើងវិញមានសារសំខាន់ណាស់ ដើម្បីរក្សាភាពដើម របស់ប្រាសាទផង និងធ្វើឱ្យសំណង់រឹងមាំឡើងវិញផង។

លោក តប់ តង បង្ហាញឆន្ទៈមុតមាំថា ក្នុងនាមលោក ជាអ្នកទទួលខុសត្រូវលើការងាររកថ្ម គឺលោកនឹងខិតខំប្រើជំនាញ និងទេពកោសល្យ ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះខ្លោងទ្វារខាងត្បូង របស់ប្រាសាទតាព្រហ្ម ដែលកំពុងដួលបាក់បែកឱ្យឈរដូចដើមវិញ នៅពេលខាងមុខ។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកស្រុកអង្គរ ដែលបានចូលរួមជួសជុល ថែរក្សាប្រាសាទ បុរាណកន្លងមក អ្នកខ្លះមានវង្សត្រកូល ជាអ្នកជួសជុលអង្គរអស់ជាច្រើនជំនាន់មកហើយ ដោយបន្តតាំងពីជំនាន់ជីតា ដល់ឪពុក រហូតកូនៗ ហើយពួកគាត់សប្បាយចិត្តនឹងការផ្ទេរចំណេះដឹង ដល់អ្នកជំនាន់ក្រោយ ដើម្បីរួមគ្នាថែរក្សាកេរដូនតាឱ្យនៅគង់វង្ស ជាបន្តទៀតបន្តពីមួយជំនាន់ទៅមួយជំនាន់៕

អត្ថបទ៖ លោក យីសុថា

រូបភាព៖ លោក ភោគ ជា

អត្ថបទដែលជាប់ទាក់ទង