ជនជាតិចិនពីរនាក់ ប្រើកាំបិតចាក់អ្នកបើកបររបួសធ្ងន់ ប្លន់យករថយន្តទំនើប តាមផ្លូវល្បឿនលឿន ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា កាលពីម៉ោង ០១ និង៣០នាទី រំលងអាធ្រាត្រចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ មានករណី ជនសង្ស័យជនជាតិចិន ០២នាក់ បានប្រើកាំបិតចុងស្រួច ចាក់ប្លន់យករថយន្តសេរីទំនើប ០១គ្រឿង ម៉ាក អាល់ហ្វាត (ALPHARD) ពណ៌ខ្មៅ នៅតាមកំណាត់ផ្លូវល្បឿនលឿន ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ប៉ុន្តែជនសង្ស័យជនជាតិចិនទាំង០២នាក់នេះ ត្រូវបាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ស្ទាក់ចាប់ឃាត់រថយន្តខាងលើ និងជនសង្ស័យចំនួន ០២នាក់ នៅចំណុច បញ្ជរបង់ប្រាក់ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ទាក់ទិនបញ្ហានេះ បុរសម្នាក់ ដែលអះអាងថា ជាថៅកែ របស់ជនរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា អ្នកបើកបររថយន្តរបស់គាត់ បានជិះរថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 ដឹកភ្ញៀវបុរសជនជាតិចិនចំនួន ០២នាក់ ពីភ្នំពេញ មកខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លុះមកដល់ចំណុច ស្ថានីយ៍ប្រេង តូតាល់ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្រាប់តែជនជាតិចិនទាំង ០២នាក់បានហៅឲ្យគាត់ឈប់រថយន្ត និងបានព្រួតគ្នាវាយ និងប្រើកាំបិតចាក់ គាត់ប្លន់យករថយន្ត រួចបានបើករថយន្តគេចខ្លួន។

ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានចាត់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលចរាចរណ៍ ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ស្ទាក់ចាប់រថយន្ត និងបុរសចិនចំនួន ០២នាក់ នៅចំណុច បញ្ជរបង់ប្រាក់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃដដែលនេះ។

សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បញ្ជាក់ថា បុរសជនរងគ្រោះ គឺជាជនជាតិខ្មែរ និងមានមុខរបរអ្នកបើកបរ ត្រូវជនសង្ស័យជនជាតិចិន ប្រើកាំបិតចុងស្រួច ចាក់ឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។

ចំណែក ជនសង្ស័យទាំង ០២នាក់ មានឈ្មោះ ៖
១- ឈ្មោះ JIN JR-HAN ភេទប្រុស កើតថ្ងៃទី ១៣-០៧-២០០២ ជនជាតិចិន (ចិនតៃវ៉ាន់) កាន់លិខិតឆ្លងដែនលេខ 360041268 ។

២- ឈ្មោះ KANG JIH-YAO ឬ ឈ្មោះ SAE-E PHANSAK (ឈ្មោះក្នុងលិខិតឆ្លងដែនថៃ) ភេទប្រុស ជនជាតិចិន (ចិនតៃវ៉ាន់ សញ្ជាតិថៃ) កើតថ្ងៃទី ១៨-០១-១៩៩៦ កាន់លិខិតឆ្លងដែនលេខ AB3380084 (លិខិតឆ្លងដែនថៃ)។

សម្ភារៈដកហូតបានរួមមាន ៖
១- រថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 និងសម្ភារៈមួយចំនួនទៀត។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល  នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បាននាំទៅសាកសួរ និងឈានទៅកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការផ្តន្ទាទោស តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង