អ្នកជំនួញ បន្តព្រួយបារម្ភចំពោះបទល្មើស ចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ បង្កដោយក្រុមសង្គមងងឹតជនជាតិចិន នៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ក្រុមអាជីវិកររស់នៅក្រុងព្រះសីហនុ ក៏ដូចជាអ្នកជំនួញជាតិ-អន្តរជាតិ បានសម្តែងការព្រួយបារម្ភជាថ្មីទៀត ចំពោះបទល្មើសចាប់ជំរិតមនុស្សបង្ខាំងទារប្រាក់ ផ្តើមដោយជនសង្គមងងឹតជនជាតិចិន ដែលកំពុងបន្តធ្វើសកម្មភាពយ៉ាងសកម្ម នៅមូលដ្ឋានក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រ នៃខេត្តព្រះសីហនុ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាអ្នកជំនួញជាតិ-អន្តរជាតិ ដែលកំពុងប្រកបមុខរបរស្របច្បាប់ នៅក្នុងមូលដ្ឋាននេះ។
ការព្រួយបារម្ភនេះ បានកើតឡើងបន្ទាប់ពី កាលពីពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ មានករណី ជនជាតិចិន មានគ្នាប្រមាណ ៤ទៅ៥នាក់ បានធ្វើសកម្មភាពចាប់បង្ខាំងបុរសជនជាតិចិនដូចគ្នា ធ្វើទារុណកម្មលើរាងកាយ រួចបង្ខំឲ្យជនរងគ្រោះ ទាក់ទងតាមទូរស័ព្ទទៅសាច់ញាតិ ដើម្បីយកលុយចំនួន ១២ម៉ឺនដុល្លារអាមេរិក មកឲ្យពួកគេ ជាថ្នូរដោះលែងឲ្យមានសេរីភាពវិញ។ ហើយករណីនេះ ជនរងគ្រោះ ក៏បានទូរស័ព្ទទៅកាន់បងជីដូនមួយជាជនជាតិចិន និងមានភរិយាជាជនជាតិខ្មែរ រស់នៅក្រុងព្រះសីហនុ ពីដើមរឿង ដែលត្រូវជនល្មើសចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់ និងស្នើឲ្យជួយសង្គ្រោះរូបគាត់។ ក្រោយទទួលបានព័ត៌មាននេះភ្លាម បងប្រុសជីដូនមួយជាជនជាតិចិន របស់ជនរងគ្រោះ ដែលមានភរិយាជនជាតិខ្មែរ ក៏បានសហការជាមួយកម្លាំងសមត្ថកិច្ច និងបានចុះទៅដល់បន្ទប់បង្ខាំងខ្លួនលេខ៦១៣ ជាន់ទី៦ នៃអគារក្រុមហ៊ុន ហ្សុងស៊ីង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ហើយបានរំដោះជនរងគ្រោះ ពីការបង្ខាំងខ្លួន។ ហើយក្រោយមក មេខ្លោងជនល្មើស ដែលជាជនជាតិចិន ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនភ្លាមៗ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
ជនរងគ្រោះមានឈ្មោះ ជាង ម៉ីង ហ៊ួយ (JIANG MING HUI) ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មុខរបរអាជីវករ ស្នាក់នៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ចំពោះករណីនេះ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅកាន់ បញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយបានបញ្ជាក់ក្នុងកម្មវត្ថុថា «សុំប្ដឹងទៅលើឈ្មោះ ស៊ើ អ៊ិ (SHI YI) ភេទប្រុស ជនជាតិចិន។ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងបក្ខពួកជនជាតិចិនចំនួន ៤នាក់ទៀត»។
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទសូមជម្រាបជូន លោកមេបញ្ជាការ មេត្តាជ្រាបថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង៣០នាទី ឈ្មោះ ស៊ើ អ៊ិ (SHI YI) បានហៅខ្ញុំ ទៅពិភាក្សាការងាររកស៊ីស្ថិតក្នុងបន្ទប់លេខ៦១៣ ជាន់ទី៦ នៃអគារ ក្រុមហ៊ុនហ្សុងស៊ីង ដែលមានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ពេលដែលខ្ញុំបាទ ចូលពិភាក្សាជាមួយឈ្មោះ ស៊ើ អ៊ិ (SHI YI) បានបន្ដិច ស្រាប់តែឈ្មោះ ស៊ើ អ៊ិ (SHI YI) ដើរចេញទៅក្រៅបន្ទប់ បានបន្តិចក្រោយមក ក៏ឃើញគេដើរមកវិញ។ រួចខ្ញុំបាទ និងគេ ក៏បន្តការជជែកគ្នាតទៅទៀត ពេលកំពុងតែជជែកគ្នា ឈ្មោះ SHI YI ក៏ដើរទៅក្រៅបន្ទប់ម្ដងទៀត គឺចេញទៅមួយសន្ទុះធំ ហើយពេលត្រឡប់មកវិញឃើញមានបក្ខពួក របស់គេចំនួន ៤នាក់ទៀត ជាជនជាតិចិន ចូលមកក្នុងបន្ទប់នោះជាមួយគេដែរ រួចគ្ នារបស់ឈ្មោះ ស៊ើ អ៊ិ (SHI YI) ទាំង ៤នាក់នោះ ក៏បានព្រួតគ្នាវាយធ្វើបាបខ្ញុំបាទ ដោយប្រើដៃ និងយកប៉ាន់តែ វាយក្បាលខ្ញុំបាទ បណ្ដាលឲ្យបែកក្បាលដេរចំនួន ១២ថ្នេរ និងឈឺចុកពេញរាងកាយ និងបង្ខំឲ្យខ្ញុំបាទ សរសេរកិច្ចសន្យាខ្ចីប្រាក់ ព្រមទាំងថតវីដេអូ អំពីសកម្មភាព របស់ខ្ញុំបាទ ផងដែរ។
ជនរងគ្រោះបន្តថា បន្ទាប់ពីពួកគេវាយ និងថតវីដេអូ ខ្ញុំបាទរួច ជនជាតិចិន ៤នាក់នោះ ក៏ចាប់ផ្ដើមទារប្រាក់ពីខ្ញុំបាទ ចំនួនប្រហែល ១២ម៉ឺនដុល្លារ (ដប់ពីរម៉ឺនដុល្លារ) ជាថ្នូរនៃការដោះលែងខ្ញុំបាទ។ ហើយបើសិនជាខ្ញុំបាទ មិនមានប្រាក់ឱ្យទៅពួកគេនោះទេ ពួកគេនឹងសម្លាប់ខ្ញុំ រួចពួកគេទាំង ៤នាក់ បានដកហូតទូរស័ព្ទដៃ របស់ខ្ញុំ និងបានលុបទិន្នន័យ ដែលខ្ញុំបានទាក់ទងជាមួយឈ្មោះ SHI YI និងទិន្នន័យ អ៊ែប (APP) នៅក្នុងទូរស័ព្ទដៃ របស់ខ្ញុំបាទ ចោលទាំងអស់។
ជនរងគ្រោះបន្តទៀតថា បន្ទាប់ពីជនល្មើសទាំងនោះ បានលុបទិន្នន័យអស់ហើយ ពួកគេ ក៏បានហុចទូរស័ព្ទដៃមកឱ្យខ្ញុំបាទ ដើម្បីទាក់ទងទៅរកប្រាក់ឲ្យពួកគេ។ គ្រាន់តែខ្ញុំបាទ ទទួលបានទូរស័ព្ទ ខ្ញុំបាទក៏បានទាក់ទងទៅបងប្រុសជីដូនមួយ របស់ខ្ញុំ ឈ្មោះ អាង ហ៊ួយ (HAUNG HUI) ជនជាតិចិន ដើម្បីឱ្យគាត់មកជួយខ្ញុំបាទផង។ ហើយ រហូតដល់ម៉ោង ២ និង៣៤នាទី ថ្ងៃទី២២ ខែមិថុនា ក៏ស្រាប់តែឃើញបងជីដូនមួយឈ្មោះ អាង ហ៊ួយ (HAUNG HUI) និងប្រពន្ធរបស់គាត់ ដែលជាជនជាតិខ្មែរ ចុះមកដល់ទីតាំង ក្រុមហ៊ុន ហ្សុងស៊ីង និងបានមកជួយរំដោះ ខ្ញុំបាទចេញពីទីនោះតែម្ដងទៅ។ ហើយពេលដែលឈ្មោះ ស៊ើ អ៊ិ (SHI YI) នាំគ្នាគេមកវាយធ្វើ បាបលើរូបខ្ញុំនោះ គឺឈ្មោះ ស៊ើ អ៊ិ (SHI YI) មិនបានចូលរួមវាយធ្វើបាបខ្ញុំទេ ដោយគេជាអ្នកបញ្ជា និងឈរមើលគេវាយធ្វើបាបលើរូបខ្ញុំបាទ ហើយនៅពេលគ្នា របស់គេយកទូរស័ព្ទដៃ របស់ខ្ញុំបាទ លុបទិន្នន័យនោះក៏ឈ្មោះ SHI YI នៅក្នុងបន្ទប់នោះដែរ។
សាច់ញាតិជនរងគ្រោះឲ្យដឹងថា បន្ទាប់ពីជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងរួចហើយ ជនរងគ្រោះ ក៏ត្រូវបានក្រុមគ្រួសារសាច់ញាតិ បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ នាទីក្រុងភ្នំពេញ ព្រោះជនរងគ្រោះមានអាការៈក្អួត ហើយបដិសេធមិនព្រមព្យាបាលនៅក្រុងព្រះសីហនុ ដោយបារម្ភមិនមានសុវត្ថិភាព ទើបសម្រេចចិត្តទៅព្យាបាលនៅរាជធានីភ្នំពេញ។
ទាក់ទិនករណីនេះ មន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ស្នើមិនបង្ហាញអត្តសញ្ញាណម្នាក់ បានឲ្យដឹងថា ឈ្មោះ ស៊ើ អ៊ិ ដែលជាមេខ្លោង បានឆ្លើយសារភាពតបទៅនឹងពាក្យបណ្ដឹង របស់ជនរងគ្រោះថា ក្នុងហេតុការណ៍ខាងលើ គឺគេជាអ្នកប្រព្រឹត្តតែម្នាក់ឯង ពុំមានបក្ខពួកណាចូលរួមនោះទេ។ ឈ្មោះ ស៊ើ អ៊ី រូបនេះ ក៏ត្រូវបានកងរាជអាវុធហត្ថព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែមិថុនា ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ហើយត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ចោទប្រកាន់មេខ្លោងរូបនេះពីបទ «ចាប់មនុស្សឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស»។
យ៉ាងណាក៏ដោយចុះសំណុំរឿងនេះ គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង មន្ត្រីអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ និងតំណាងអយ្យការអមសាលាដំបូងខេត្តនេះ ដើម្បីបញ្ជាក់បន្ថែមបានទេ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ៕