អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លីស្តីពី «កុលាលភាជន៍ខ្មែរ និងកុលាលភាជន៍ចិន»
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា សហការជាមួយ The Chinese University of Hong Kong បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កុលាលភាជន៍ខ្មែរ និងកុលាលភាជន៍ចិន» ដល់បុរាណវិទូ របស់អាជ្ញាធរជាតិអប្សរា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអាជ្ញាធរជាតិអប្សរា។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៣។
គោលបំណងសំខាន់ ក្នុងវគ្គបណ្តុះបណ្តាលនេះ គឺផ្តោតសំខាន់លើ៖ ការសិក្សាពីកុលាលភាជន៍ ក្នុងវិស័យបុរាណវិទ្យា ការសិក្សាពីកុលាលភាជន៍ខ្មែរ និងការរកឃើញថ្មីៗ ការផលិតនិងការប្រើប្រាស់កុលាលភាជន៍ខ្មែរ កុលាលភាជន៍ចិន និងកុលាលភាជន៍ខ្មែរ កុលាលភាជន៍ចិន និងអង្គរ ការរកឃើញកុលាលភាជន៍អាស៊ី នៅក្នុងនាវា ដែលលិចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ល។
វគ្គបណ្តុះបណ្តាលនេះ លោកស្រី Sharon Wong Wai-yee តំណាងសាកលវិទ្យាល័យចិនហុងកុង បានបង្ហាញពីអត្តសញ្ញាណកុលាលភាជន៍ ក្នុងរាជវង្សចិននីមួយៗដល់សិក្ខាកាម ព្រោះក្នុងពេលធ្វើកំណាយស្រាវជ្រាវ ឬកំណាយសង្រ្គោះនៅក្នុងតំបន់អង្គរ បុរាណវិទូតែងតែប្រទះឃើញបំណែក ឬកុលាលភាជន៍ខ្មែរ និងចិននៅក្នុងស្រទាប់ដី។ បំណែក ឬកុលាលភាជន៍ ដែលរកឃើញទាំងនោះ អាចនាំឱ្យអ្នកស្រាវជ្រាវអាចកំណត់អាយុកាល ស្រទាប់ដី ឬរមណីយដ្ឋានបានមួយចំណែកធំដែរ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានចុះអនុស្សារណៈ នៃការយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យចិនហុងកុង ដើម្បីសិក្សាស្តីពីឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរ នៅសម័យអង្គរ (ពីស.វ.ទី៩ដល់ស.វ.ទី១៤) និងសម័យក្រោយអង្គរ (ស.វ.ទី១៥ដល់ស.វ.ទី១៩) និងទំនាក់ទំនង រវាងអារ្យធម៌ខ្មែរ ជាមួយអារ្យធម៌ចិន៕