អភិបាលក្រុងសួង ដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ខាងជើងផ្សារសួង

ខេត្តត្បូងឃ្មុំ  អភិបាលក្រុងសួង លោក ងួន ប៊ុណ្ណាន នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមួយចំនួននៅខាងជើងផ្សារសួង ដែលបងប្អូនប្រជាពលរដ្ឋបានយកចំណីផ្លូវដាក់តាំងទំនិញ បន្លែ ផ្លែឈើ ត្រី សាច់ លក់ដូរ រំលោភលើផ្លូវសាធារណៈ បង្ករការកកស្ទះពិបាក់ធ្វើដំណើរ ឳ្យមានភាពប្រសើរឡើងវិញ ។

មានប្រសាសន៍ទៅកាន់ ប្រជាពលរដ្ឋទាំងម្ចាស់ ផ្ទះ និងអ្នកជួលកន្លែងលក់ដូរ លោក ងួន ប៉ុណ្ណាន បានស្នើឲ្យមានការចូលរួមសហការ ទាំងអស់គ្នា ដើម្បីផលប្រយោជន៍រួមទាំងអ្នកលក់ និងអ្នកធ្វើដំណើរ ក្នុងនោះក៏ដើម្បីសោភ័ណ្ឌភាពក្រុងទាំងមូលផងដែរ ។ លោកបន្តថា ការចុះរៀបចំនេះនឹងបន្តធ្វើរហូត ទាល់តែបងប្អូនប្រជាពលរដ្ឋយល់ និងចូលរួមសហការទាំងអស់គ្នា ។

ជាមួយការចុះរៀបចំនេះ ប្រជាពលរដ្ឋ ដែលបានតាំងទំនិញលក់ដូរគឺ មិនបានតវ៉ា ឬជំទាស់អ្វីឡើយ ដោយពួកគាត់ស្ម័គ្រចិត្តចូលរួមសហការជាមួយអជ្ញាធរ ដើម្បីធ្វើយ៉ាងណាឲ្យមានរបៀបរៀបរយល្អស្អាត់ទាំងអស់គ្នា ។ ពួកគាត់បញ្ជាក់ថា មូលហេតុដែលតាំងទំនិញលក់ដូរ ចូលដល់ផ្លូវធ្វើដំណើរគឺដោយសារ ម្នាក់ៗចេះតែ រុញចេញទៅមុខតាមគ្នា ដើម្បីធ្វើយ៉ាងណាឲ្យទំនិញ របស់ខ្លួនងាយមើលឃើញ និងមានចំណាប់អារម្មពីអ្នកទិញ ។

បើតាមការរៀបរាប់ របស់អាជីវករ ដែលកំពុងតាំងទំនិញ បន្លែ ផ្លែឈើ ត្រីសាច់ លក់ដូរតាមចញ្ចើមផ្លូវផ្នែកខាងជើងផ្សារសួង បានឲ្យដឹងថា ពួកគាត់អាចលក់ដូរបានគឺ ជួលទីតាំងពីម្ចាស់ផ្ទះដោយក្នុង ១ខែៗ ចាប់ពី ១៥ម៉ឺនរៀលឡើងទៅ ខណៈខ្លះទៀតគឺជួលគិតជាឆ្នាំតែម្តង ដោយតម្លៃតាមទីតាំងតូច ឬធំ ។

សូមជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរក្រុងសួងចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវចំនួន ៣ ខ្សែរ នៅខាងជើងផ្សារសួង បន្ទាប់ពីផ្លូវទាំង៣ ខ្សែនោះត្រូវ បានម្ចាស់ផ្ទះជួលឲ្យ ប្រជាពលរដ្ឋ ដាក់តាំងទំនិញលក់ដូរទាំងពី ជំនាន់ផ្ទុះជំងឺ កូវីដ-១៩ មក។ តែយ៉ាងណាការចុះរៀបចំមិនទទួលបានលទ្ធផលដូចការរំពឹងទុកឡើយ ពោលគឺមានសណ្តាប់ធ្នាប់តែពេលមន្ត្រីពាក់ព័ន្ធចុះប៉ុណ្ណោះ ហេតុនេះហើយទើបមកដល់ពេល នេះផ្លូវទាំង៣ខ្សែ នៅតែមានភាពរញ៉េរញ៉ៃ កកស្ទះពិបាក់ធ្វើដំណើរយ៉ាងខ្លាំង ៕

អត្ថបទដែលជាប់ទាក់ទង