នគរបាលពាក់ស័ក្ដិ៥ម្នាក់ បម្រើការងារនៅក្រសួងមហាផ្ទៃ ដកកាំភ្លើងបាញ់ ប្ដីប្រពន្ធពីរនាក់របួសធ្ងន់ ផ្តើមទំនាស់ពាក្យសំដី
ខេត្តកណ្ដាល ៖ មន្ដ្រីនគរបាលពាក់ស័ក្ដិ៥ម្នាក់ បម្រើការនៅអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល ចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពបាញ់ប្រហារ ទៅលើប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធ បណ្ដាលឲ្យរងរបួស ធ្ងន់ ផ្ដើមចេញពីទំនាស់ពាក្យសម្ដី។
ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ៣ ភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្រ្តីនគរបាល បញ្ជាក់ថា ជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ មានឈ្មោះ ស៊ាង តូម៉ា អាយុ ៥៤ឆ្នាំ មុខរបរលក់កង់បី (ត្រូវចំនួន៣គ្រាប់) និងប្រពន្ធឈ្មោះ ជា សុភី អាយ ៥៤ឆ្នាំ មុខរបរនៅផ្ទះ (ត្រូវ១គ្រាប់ ចំជើងខាងស្តាំ)។
ចំណែក ខ្មាន់កាំភ្លើងឈ្មោះ សយ សុផានី អាយុ ៥៩ឆ្នាំ ជាមន្ដ្រីនគរបាល ឋានន្តរស័ក្តិ វរសេនីយ៍ឯក តួនាទីជា ប្រធានសាខាប្រមូលថវិកាចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មានទីលំនៅភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ដកណ្តាល ត្រូវសមត្ថកិច្ច ចាប់ខ្លួនភ្លាមៗក្រោយកើតហេតុ។
ប្រភពពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ បានជួលបន្ទប់លេខ២ រស់នៅជាមួយប្តីប្រពន្ធ និងចៅចំនួន ២នាក់ គឺនៅជាប់បន្ទប់ជាមួយ ជនសង្ស័យដែលជួលបន្ទប់លេខ៣ ជាប់គ្នា តែងតែមានពាក្យសំដីមិនត្រូវគ្នា រឿងបញ្ហាផឹកស៊ីមាត់ឡូឡាលឺៗ នៅមុខបន្ទប់។
លុះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០ និង៣០នាទី ជនសង្ស័យឈ្មោះ សយ សុផានី បានអង្គុយសរសេរ របាយការណ៍នៅមុខបន្ទប់ ក៏ស្រាប់តែជនរងគ្រោះទាំង ២នាក់ បានជិះម៉ូតូកង់បី (PassApp) មកដល់បន្ទប់មានសភាពស្រវឹងទាំង ២នាក់ បានមកដល់មុខបន្ទប់ ក៏ធាក់ទ្វារបន្ទប់ ហើយដើរធាក់ដើមស្វាយ ហើយស្រែកជេរ ដោយពាក្យសំដីធ្ងន់ៗ និងមានសំឡេងឮៗផង។
ភ្លាមៗនោះ ជនសង្ស័យ ក៏បានស្រែកហៅម្ទាស់ផ្ទះជួល ឲ្យជួយមកមើលឬអន្តរាគមន៍ ស្រាប់តែជនរងគ្រោះ បានដើរចេញមកក្រៅ ជេរក្នុងសំឡេងខ្លាំងៗ ក៏ធ្វើឲ្យជនសង្ស័យប៉ះពាក្យសំដី ហើយជនរងគ្រោះ ក៏បានដើរចូលបន្ទប់ជនសង្ស័យ ធ្វើឲ្យជនសង្ស័យយកកាំភ្លើងចេញមក រួចបាញ់ទៅលើជនរងគ្រោះចំនួន ៤គ្រាប់ បណ្ដាលឲ្យជនរងគ្រោះ ត្រូវរបួសដេកដួលមុខបន្ទប់ និងប្រពន្ធជនរងគ្រោះត្រូវចំភ្លៅ។
បន្ទាប់មក កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី បានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
តាមការរៀបរាប់របស់ជនស្ស័យ បានឲ្យដឹងថា ជនរងគ្រោះមកពីផឹកស៊ីស្រវឹង បានជេរទៅលើជនសង្ស័យ ដោយមិនមានមូលហេតុ ហើយបានរករឿងជនសង្ស័យដល់ក្នុងបន្ទប់ ក៏មានចិត្តខឹងទាញកាំភ្លើងបាញ់ទៅលើ ជនរងគ្រោះប្រាកដមែន។
ក្រោយសមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ គេក៏ឃើញវត្តមាន លោក គួច ចំរើន អភិបាលខេត្តកណ្តាល ក៏បានចុះទៅដល់ទីកន្លែងកើតហេតុភ្លាមៗដែរ..។
បច្ចុប្បន្ន ជនសង្ស័យខាងលើ បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕