ជនជាតិចិនពីរក្រុម ផ្ទុះអាវុធជាច្រើនគ្រាប់ កក្រើកក្រុងព្រះសីហនុ រងរបួសចិន២នាក់ និងខ្មែរម្នាក់
ខេត្តព្រះសីហនុ ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា ស្នូរសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ បានបន្លឺឡើង នៅម៉ោងជាង ១១យប់ថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៤ នៅត្រង់ចំណុចមុខសណ្ឋាគារ ប្លូ បេ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ អ្នកធ្វើដំណើរ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ។
ហេតុការណ៍នេះ បានបណ្ដាលឱ្យរងរបួសជនជាតិចិនចំនួនពីរនាក់ និងសន្តិសុខជនជាតិខ្មែរម្នាក់។
ទាក់ទិនករណីនេះ សមត្ថកិច្ច បានឱ្យដឹងព័ត៌មានបឋមថា នៅម៉ោងកើតហេតុខាងលើ មានករណីផ្ទុះអាវុធមួយកើតឡើងបណ្ដាលឱ្យមនុស្សចំនួន ៣នាក់រងរបួស។ ក្នុងនោះជនជាតិចិនចំនួនពីរនាក់ និងសន្តិសុខជនជាតិខ្មែរម្នាក់ រងរបួស។
ប្រភពដដែល បន្តថា យោងតាមការសាកសួរបឋម បានឱ្យដឹងថា ភាគីទាំងពីរ គឺភាគីជនបង្ករ និងភាគីជនរងគ្រោះ បានណាត់គ្នាមកនិយាយការងារ នៅក្នុងសណ្ឋាគារយីហោ ប្លូបេ ប៉ុន្តែមិនដឹងមានបញ្ហាអ្វីកើតទេ ក៏បានទាស់សម្ដីគ្នា ហើយភាគីជនរងគ្រោះបានដើរចេញពី សណ្ឋាគារ រួចក៏ត្រូវភាគីម្ខាងទៀត បានយកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់រះជាច្រើនគ្រាប់ បណ្ដាលឱ្យភាគីម្ខាងទៀត រងរបួស ២នាក់ និងផ្លាតគ្រាប់ទៅត្រូវ កងសន្តិសុខឯកជន ដែលកំពុង ឈរយាមនៅខាងមុខសណ្ឋាគារ បណ្ដាលឱ្យរងរបួស។
ក្រោយផ្ទុះអាវុធ សមត្ថកិច្ចចម្រុះ ក៏បានចុះទៅដល់ទីតាំងកើតហេតុ ហើយក៏បានបញ្ជូនជនរងគ្រោះ ទៅកាន់សង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញា ជនសង្ស័យខាងលើ ដើម្បីឈានទៅឃាត់ចាប់ខ្លួន ជនបង្ក មកផ្តន្ទាទោសតាមច្បាប់។
យ៉ាងណាក៏ដោយចុះ យោងតាមប្រភពសាក្សី នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈរូបពេលគាត់ កំពុងអង្គុយនៅលើ ផាសអែប ដើម្បីរង់ចាំម៉ូយ ឬភ្ញៀវ ពួកគាត់បានឮសំឡេងស្រែកជជែកគ្នាខ្លាំងៗ ហើយមិនបានប៉ុន្មាននាទីផង ក៏បានឃើញមនុស្សមួយចំនួន បានរត់ចេញពីក្នុងសណ្ឋាគារ ប្លូបេ។ ប៉ុនែ្តទន្ទឹមគ្នានេះ ក៏ឮស្នូរផ្ទុះអាវុធជាច្រើនគ្រាប់ ធ្វើឱ្យស្ថានភាពពេលនោះ មានភាពច្របូកច្របល់ ទាំងពួកគាត់ និងប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ នៅលើដងផ្លូវមុខសណ្ឋាគារខាងលើនេះ។
ក្រោយកើតហេតុ ប្រមាណជចន្លោះពី ៥ទៅ១០នាទី សមត្ថកិច្ចចម្រុះ ក៏បានមកដល់ទីតាំងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍ ហើយក៏បានចូលទៅក្នុងសណ្ឋាគារ ដើម្បីសាកសួរជុំវិញករណីផ្ទុះអាវុធខាងលើ ទៅតាមជំនាញ។ ចំណែករឿងផ្សេងៗទៀត ពួកគាត់ពុំដឹងទេ៕