ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ស្ញប់ស្ញែងសំណង់ ប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្ហាញភាពស្ញប់ស្ញែងពេលធ្វើដំណើរមកទស្សនា ប្រាសាទអង្គរវត្ត នាខេត្តសៀមរាប ថាជាសំណង់ប្រាសាទបែបប្រវត្តិសាស្ត្រ ដ៏អស្ចារ្យគ្មានពីរលើលោក អមដោយព្រៃឈើធម្មជាតិ និងបរិស្ថាន ដ៏ប្រណិត។

ភ្ញៀវទេសចរទាំងនោះ ចាត់ទុក សំណង់ប្រាសាទអង្គវត្ត ថាជាចំណុចទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនា ម្តងហើយម្តងទៀត  ដើម្បីបន្ធូរភាពតានតឹង ឬបំបាត់កង្វល់ផ្សេងៗ។ ក្នុងនោះ ទិដ្ឋភាព នៃកសិន្ធុទឹកថ្លាយង់ ដ៏ធំល្វឹងល្វើយ និងមានវាលស្មៅពណ៌បៃតងខ្ចី ប្រៀបដូច កំពុង​ស្ថិតនៅក្នុងឋានដ៏ពិសិដ្ឋមួយ។

ភ្ញៀវទេសចរជាតិ លោក ផល វណ្ណៈ ស្ថិតក្នុងចំណោម ក្រុមការងារ របស់គាត់ជាច្រើននាក់ទៀត​ បានបង្ហាញអារម្មណ៍រីករាយ និងស្រស់ស្រាយ ពេលធ្វើដំណើរមកកម្សាន្ត និងទស្សនាប្រាសាទអង្គរវត្ត។

លោក វណ្ណៈ ឱ្យដឹងបន្តថា អង្គរវត្តពិតជាអស្ចារ្យ ហើយវារិតតែពិសេសទៅទៀត នៅពេលដែលមគ្គុទ្ទេសក៍ ទេសចរណ៍ បានរៀបរាប់ពីរឿងរ៉ាវនានា នៅតាមប្រាង្គប្រាសាទ ក៏ដូចជានៅតាមប្រាសាទមួយចំនួន ឱ្យលោកស្ដាប់។

ភ្ញៀវទេសចរ ដែលមានទីលំនៅក្នុងទីក្រុងភ្នំពេញរូបនេះ បានចាត់ទុកអង្គរវត្តគឺជាសំណង់ដ៏ល្អឯក ដែលមានចម្លាក់នៅតាមផ្ទាំងថ្មជាច្រើនដ៏រស់រវើក ព្រមទាំងមានធម្មជាតិ ដ៏ស្រស់ស្អាតនៅជុំវិញបរិវេណផង គឺកាន់តែធ្វើឱ្យរូបលោក ​មិនស្ងើចសរសើរមិនបាន។

ចំណែកអ្នកស្រី សាម សេត ដែលជាអ្នកទេសចរ មកដល់អង្គរវត្តជាលើកដំបូង​ ក៏មានចិត្តសប្បាយរីករាយដែរ។ អ្នកស្រីបានឱ្យដឹងដែរថា ពេលដែលគាត់បានឃើញកំពូលប្រាសាទអង្គរវត្ត កសិន្ធុទឹក​ និងវាលស្មៅបៃតងស្រស់ស្អាតភ្លាម គឺមានអារម្មណ៍រីករាយ រំភើបរីករាយ និងស្បើយពីកង្វល់​នានាភ្លាមៗ។

មិនត្រឹមតែភ្ញៀវទេសចរជាតិប៉ុណ្ណោះទេដែលស្ងើចសសើរអំពីភាពអច្ឆរិយៈ នៃប្រាសាទអង្គរវត្ត និងទេសភាពដ៏ស្រស់ស្អាតនោះ សូម្បីតែភ្ញៀវទេសចរបរទេស ក៏បង្ហាញអារម្មណ៍ដូចគ្នានេះដែរ។

បុរសជនជាតិអេស្ប៉ាញ ដែលបាននាំភរិយា និងកូន២នាក់ទៀតមកទស្សនាអង្គរវត្ត បានបង្ហាញអារម្មណ៍ស្ញប់ស្ញែញជាមួយសំណង់ស្ថាបត្យកម្ម ដែលមានអាយុជិតមួយពាន់ឆ្នាំនេះដែរ។

លោកមានប្រសាសន៍ថា ​វាពិតជាមានភាពអស្ចារ្យបំផុត ដែលធ្វើឱ្យលោក​ និងក្រុមគ្រួសារ​ បានឃើញជាលើកដំបូង។

បុរសដដែលបញ្ជាក់ថា បានជាប់ចិត្តជាមួយប្រាសាទបុរាណនៅទីនេះយ៉ាងខ្លាំង ហើយលោកនឹងបន្តនាំភរិយា និងកូនដើរទស្សនាក្រុងអង្គរធំ ព្រមទាំងប្រាសាទតាព្រហ្មថែមទៀត៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា

អត្ថបទដែលជាប់ទាក់ទង