ប្រជាពលរដ្ឋឃុំគោកស្រុក ស្រុកតំបែរ ទទួលបានការពិនិត្យព្យាបាលជំងឺឥតគិត២ថ្ងៃ

ខេត្តត្បូងឃ្មុំ ៖ ក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកតំបែរ និងឃុំគោគស្រុក បានសហការជាមួយអង្គការព័ន្ធកិច្ចគ្រឹះបរិស័ទកម្ពុជា រៀបចំពិធី ពិនិត្យ ព្យាបាលជំងឺ និងចែកវែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ រស់នៅឃុំគោគស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅក្នុងបរិវេណស្នាក់ការគណបក្សបក្សប្រជាជនកម្ពុជា ឃុំគោគស្រុក ។

លោក ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះមូលដ្ឋាន ស្រុកតំបែរ មានប្រសាសន៍ថា ការរៀបចំពិធីនេះឡើង គឺដើម្បីចំណែកកាត់បន្ថយលើការចំណាយ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការពិនិត្យ និងព្យាបាលជំងឺ បានមួយកំរិត។ ដូច្នេះ បើប្រជាពលរដ្ឋណាសង្ស័យ មានជំងឺអ្វីសូមពិនិត្យឱ្យបានគ្រប់ៗគ្នា ព្រោះថា ក្រុមគ្រូពេទ្យរបស់យើង និងទទួលពិនិត្យ ព្យាបាលរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៤ ។

លោកបន្តថា នេះគឺជាការយកចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលតែងគិតគួរពីសុខមាលភាព របស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកបន្ថែមថា ក្រៅពីការពិនិត្យ និងព្យាបាល នៅថ្ងៃនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជន កម្ពុជា ដែលមានសម្តេចធិបតីជាប្រមុខ បានគិតគូរខ្លាំងពីសុខទុក្ខ សុខមាលភាព របស់ប្រជាពលរដ្ឋ ដោយបង្កើតឱ្យមាន មណ្ឌល និងប៉ុស្តិ៍ សុខភាពគ្រប់ ឃុំ / សង្កាត់ ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋ មកទទួលសេវាពិនិត្យ ព្យាបាល កាន់តែជិត និងទាន់ពេលវេលា ។

ចំណែក លោក ហ៊ុន សុខុម ប្រធានអង្គការព័ន្ធកិច្ចគ្រឹះបរិស័ទកម្ពុជា ក៏បានឱ្យដឹងដែរថា ក្នុងនាមលោកជាកូន ខ្មែរ ដែលបាននៅរស់នៅក្រៅប្រទេស គឺមិនភ្លេចទេទឹកដី ដែលបានផ្តល់កំណើតដល់លោក ហេតុនេះហើយទើបរូបលោក សម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយបងប្អូនតាមអ្វី ដែលអាចជួយបាន។ ជាក់ស្តែងនៅថ្ងៃនេះព្រះយេស៊ូជាម្ចាស់ បាននាំរូបលោក និងក្រុមគ្រូពេទ្យ មកពិនិត្យ និងព្យាបាលជំងឺ ជូនបងប្អូនទាំងអស់គ្នា។

លោក សុខ សារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកតំបែរ បានសម្តែងក្តីសប្បាយរីរាយ ក្នុងនាមតំណាងប្រជាពលរដ្ឋ ឃុំគោគស្រុក ដែលនៅថ្ងៃនេះក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះមូលដ្ឋានស្រុកតំបែរ បានហការណ៍ជាមួយ អង្គការព័ន្ធកិច្ចគ្រឹះបរិស័ទកម្ពុជា រៀបចំពីធីពិនិត្យ ព្យាបាលជំងឺ និងចែកវែនតា ជូនប្រជាពលរដ្ឋនៅក្នុង ឃុំគោកស្រុក ដោយឥតគិតថ្លៃ ។

លោកថា កម្មវិធីនេះ បានស្តែងចេញ នូវសកម្មភាពដ៏សប្បុរសធម៌ របស់ក្រុមការងារ និងក្រុមគ្រូពេទ្យ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព និងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្រមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ៕

អត្ថបទដែលជាប់ទាក់ទង