អភិបាលខេត្តត្បូងឃ្មុំ នាំយកជំនួយចែកជូនពលរដ្ឋក្រីក្រ ៣០០គ្រួសារ នៅស្រុកមេមត់

ខេត្តត្បូងឃ្មុំ ៖ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក ប៉ែន កុសល្យ បាននាំយកជំនួយ របស់រាជរដ្ឋាភិបាល តាមរយ:មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវសម្បទា ខេត្តត្បូងឃ្មុំ ប្រគល់ជូន ប្រជាពលរដ្ឋក្រីក្រ គ្រួសារជនរងគ្រោះ និងងាយរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ចំនួន ៣០០គ្រួសារ នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ។

នាឱកាសនោះ លោក ប៉ែន កុសល្យ បញ្ជាក់ថា ដោយមើលឃើញពីស្ថានភាព របស់ប្រជាពលរដ្ឋ ជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេស ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ ផ្សេងៗ ត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា ទើបនៅថ្ងៃនេះ តាមរយៈមន្ទីរសង្គមកិច្ច ជាសេនាធិការ បាននាំយកអំណោយ របស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយ សំរាលជីវភាព បានមួយកំរិត ។

លោកបន្តថា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា អាណត្តិទី៧នេះ បន្តធ្វើឲ្យប្រទេសមានសុខសន្តិភាព និងបានអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័នលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស  ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានថ្នាក់ដឹកនាំ មន្ត្រីរាជការចាំជួយជានិច្ច។

តាមរបាយការណ៍ របស់លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ជំនួយដែលចែកជូន ប្រជាពលរដ្ឋនេះ គឺក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប ភួយ១ និងថវិការមួយចំនួនផង៕

អត្ថបទដែលជាប់ទាក់ទង