មេឃុំស្រែជាខាងជើង ទទួលស្គាល់ថា ទីតាំងល្បែងស៊ីសងអនឡាញ បានលួចបើកក្នុងមូលដ្ឋាននេះ
ខេត្តកំពត ៖ ប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាលមួយចំនួន រស់នៅឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត បានអះអាងថា ល្បែងស៊ីសង ឬឆ្នោតផ្សងសំណាងតាមអនឡាញ រួមមាន៖ ឡូតូ និងជល់មាន់ ជាដើម កំពុងកើតមាននៅតាមភូមិនានា ក្នុងមូលដ្ឋាននេះ។
អាណាព្យាបាល បញ្ជាក់ថា ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសការដាក់បទបញ្ជាក្តៅ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលថ្មីៗនេះ ហាក់គ្មានប្រសិទ្ធភាពទេ ព្រោះឃើញមានទីតាំងបើកលេងល្បែងស៊ីសង ឬឆ្នោតផ្សងសំណាងតាមអនឡាញ កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ដោយគ្មានសមត្ថកិច្ចចុះបង្ក្រាបទេ។
អាណាព្យាបាល រស់នៅឃុំស្រែជាខាងជើង សំណូមពរដល់ លោកស្នងការនគរបាលខេត្តកំពត ជាពិសេស លោកអភិបាលខេត្តកំពត ជួយមានវិធានការចុះបង្ក្រាបឆ្នោតផ្សងសំណាងតាមអនឡាញទាំងនោះ ឱ្យមានប្រសិទ្ធភាព ដ្បិតពលរដ្ឋក្នុងមូលដ្ឋាននេះ ទាំងក្មេងចាស់ បានងប់ងល់លេងល្បែងស៊ីសងទាំងនេះ។
ទាក់ទិនបញ្ហានេះ មេឃុំស្រែជាខាងជើង លោក ខឹម ហ៊ាង បានប្រាប់សារព័ត៌មាន “កម្ពុជាថ្ងៃនេះ” នៅថ្ងៃទី២៩ ខែកក្កដា ដោយទទួលស្គាល់ថា នៅក្នុងឃុំរបស់លោក ពិតជាមានក្រុមហ៊ុនឆ្នោតឡូតូផ្សងសំណាង និងជល់មាន់អនឡាញ លួចបើកលេងល្បែងភ្នាល់នេះពិតមែន។ លោកបន្តថា កន្លងទៅលោកធ្លាប់ចុះសហការណែនាំ ទីតាំងក្បែងស៊ីសងទាំងនោះ ហើយក៏បិទបានមួយរយៈពេលដែរ ប៉ុន្តែ លោកថា ការណែនាំ ប្រៀបបានវែកចក ឬដេញមាន់ ពោលគឺមួយរយៈក្រោយមក សកម្មភាពល្បែងទាំងនេះ បានបន្តកើតឡើងវិញដដែល។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាឱ្យអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់ នូវការត្រួតពិនិត្យល្បែងផ្សងសំណាង នៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីដែលមានបន្តបើកថ្មីថែមទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់។
ទោះយ៉ាងណា ពលរដ្ឋមើលឃើញថា សកម្មភាពលួចលាក់បើកកន្លែងឆ្នោតឡូតូអនឡាញ និងជល់មាន់នេះ បានស្ងាត់តែរយៈពេលខ្លី ក្រោយមានបទបញ្ជាពីថ្នាក់ដឹកនាំកំពូល។ ប៉ុន្តែ ភ្លេចត្រចៀកតែ ២-៣ខែ សកម្មភាពល្មើសច្បាប់នេះ បានកើតឡើងវិញ។ ករណីជាក់ស្ដែង នៅក្នុងឃុំស្រែជាខាងជើង ស្រុកដងទង់ មានផ្ទះបើកកន្លែងលេងឆ្នោតឡូតូអនឡាញ និងជល់មាន់ជិត ១០កន្លែង ដោយរាប់គិតពីសាលាឃុំស្រែជាខាងជើង ទៅភាគខាងលិច រហូតដល់ភូមិខ្នាចប្រីយ៍ តែចំងាយប្រមាណ ៣គីឡូម៉ែត្រប៉ុណ្ណោះ។
តំបន់នេះ បានផ្អាកសកម្មភាពភ្នាល់នេះ មួយរយៈពេល ក្រោយមានបទបញ្ជាពីនាយករដ្ឋមន្ត្រី រហូតដល់ពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៤ បានកក្រើកឡើងវិញ។ កន្លែងលេងឆ្នោតឡូតូអនឡាញ និងជល់មាន់ទាំងនេះ ទីតាំងខ្លះដាក់ចំហនៅតាមផ្លូវក្នុងភូមិ ឯខ្លះទៀតបិទបាំងដោយស្បៃពណ៌ខៀវ ក្រោមផ្ទះ របស់ពលរដ្ឋ មានលក់ដូរអីវ៉ាន់ចាប់ហ៊ួយ និងហាងបាយជាដើម។
ពលរដ្ឋ បន្តថា ក្នុងចំណោមកន្លែងលេងឆ្នោតឡូតូអនឡាញ និងជល់មាន់ទាំងនោះ មានកន្លែងខ្លះនៅទល់មុខនឹងផ្ទះអាជ្ញាធរភូមិ ហើយកន្លែងខ្លះនៅក្បែរនៅផ្លូវធំ (ផ្លូវថ្មី ១៣៣៥) ដែលមានមន្ត្រីប៉ូលិសប៉ុស្តិ៍ជិះឆ្លងកាត់ញឹកញាប់ ប៉ុន្តែ ហាក់គ្មានវិធានការចុះបង្ក្រាប ឱ្យមានប្រសិទ្ធភាពទេ។
ត្រង់ចំណុចនេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ធ្លាប់បានឱ្យ គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ ជាមួយ អាជ្ញាធររាជធានី-ខេត្ត ដើម្បីពិនិត្យឡើងវិញ នូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានា នៅទូទាំងប្រទេសកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់ នូវការត្រួតពិនិត្យល្បែងផ្សងសំណាង នៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីដែលមានបន្តបើកថ្មីថែមទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការដើម្បីឈានទៅដកអាជ្ញាប័ណ្ណ នៅក្នុងខេត្ត គឺនៅទូទាំងប្រទេសតែម្តង»។
ទោះជាបែបនេះក្តី បច្ចុប្បន្ននេះ ទីតាំងប្រកបរបរឆ្នោតឡូតូអនឡាញ និងជល់មាន់នេះ គេសង្កេតឃើញ បន្តលួចបើកសឹងគ្រប់ភូមិ នៅទូទាំងប្រទេស ដោយអាជ្ញាធរមូលដ្ឋាន ហាក់មិនសូវរវល់អើពើ ហើយបង្កជាក្ដីកង្វល់ដល់ថ្នាក់ដឹកនាំប្រទេសជាប្រចាំ។ ព្រោះសកម្មភាពនេះ នៅតែបន្តកើតមានជាហូរហែ ប្រៀបបានជាមុខរបរ របស់អាជ្ញាធរមូលដ្ឋាន នឹងក្រុមហ៊ុនឆ្នោតឡូតូអនឡាញ និងជល់មាន់នេះ។
ផ្តើមពីបញ្ហានេះ ពលរដ្ឋមើលឃើញដូចៗគ្នាថា ការចាប់ ឬបិទក្រុមហ៊ុនឆ្នោតអនឡាញនេះ គឺធ្វើត្រឹមតែរយៈពេលខ្លី ក្រោយពីមានបទបញ្ជាពី ថ្នាក់លើតែប៉ុណ្ណោះ៕