អ្នកនេសាទ៦នាក់ ត្រូវជួយសង្គ្រោះពីក្នុងសមុទ្រ ក្រោយទូកពួកគេ៣គ្រឿងលិច

ខេត្តព្រះសីហនុ ៖ បុរសអ្នកនេសាទជនជាតិខ្មែរ ៦នាក់ ដែលលិចទូកចំនួន ៣គ្រឿង (ប្រភេទកន្ទុយវែង) វៃម៉ងក្ដាម នៅកណ្តាលសមុទ្រ ម្តុំនៅចំណុចអាវយ៉ៃ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានអ្នកនេសាទដូចគ្នាជួយស្រង់ បន្ទាប់មក ក៏ត្រូវបានក្រុមការងារ អូប័រពេទ្យល្បឿនលឿន របស់អ្នកឧកញ៉ា ទៀ វិចិត្រ ចេញទៅទទួលយក ដើម្បីបញ្ជូនយកមកដីគោក ក្រុងព្រះសីហនុវិញ ជួបក្រុមគ្រួសារ នៅវេលាម៉ោងជាង ១២យប់ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

ជនរងគ្រោះ ឱ្យដឹងថា ទូកទាំង ៣គ្រឿង បានលិចពេលមានភ្លៀង ខ្យល់ និងរលកខ្លាំង។ ហើយ ក្រោយទូកពួកគេ បានលិច ជនរងគ្រោះទាំង ៦នាក់ ត្រូវបានទូកនេសាទដូចគ្នា នៅក្បែរកន្លែងកើតហេតុ ជួយស្រង់ រួចក៍បានរាយការណ៍ទៅក្រុមការងារសង្គ្រោះ របស់ អ្នកឧកញ៉ា ទៀ វិចិត្រ ឱ្យជួយចេញអូប័រ ទៅទទួលយក ខណៈពេល នៅលើលម្ហសមុទ្រ កំពុងមានភ្លៀងផង ខ្យល់ និងរលកធំៗ។

ទូកទាំង​ ៣គ្រឿង​ ដែលលិចចូលទៅក្នុងទឹកសមុទ្រ មាន៖

-​ ទូកកន្ទុយវែង​ ពណ៌ត្រួយចេក​ បណ្តោយ​ប្រវែង​ ១២ម៉ែត្រ​ ទទឹង​ ២.៥០ម៉ែត្រ​ ម៉ាស៉ីនម៉ាកអ៉ីស្គី​។ ម្ចាស់ទូកឈ្មោះ​ ផល​ ហយ​ ភេទប្រុស​ ជនជាតិខ្មែរ​ អាយុ​ ៣៧​ឆ្នាំ​ មុខរបរនេសាទ​ និងកូនដៃទូក​ ឈ្មោះ​ តា​ សុខ​ ភេទប្រុស​ ជនជាតិខ្មែរ​ អាយុ​ប្រហែល​ ៥៦ឆ្នាំ​។

– ទូកកន្ទុយវែង​ ពណ៌ត្រួយចេក​ បណ្តោយ​ ១១.៥០ម៉ែត្រ​ ទទឹង​ ២ម៉ែត្រ​ ម៉ាស៉ីន​ម៉ាក់​ ហុងដា​ ។ ម្ចាស់ទូកឈ្មោះ​ វន​ សាវុធ​ ភេទប្រុស​ អាយុ​ ៣៧ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរនេសាទ​ និងកូនដៃទូក​ ឈ្មោះ​ វុធ​ រ៉ាវីត​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​ ជនជាតិខ្មែរ​។

-​ ទូកកន្ទុយវែង​ ពណ៌សម្បកឪឡឹក​ បណ្តោយ​ ១១.៥០ម៉ែត្រ​ ទទឹង​ ២ម៉ែត្រ​ ម៉ាស៉ីនម៉ាក​ អ៉ីស្គី​ ។ ម្ចាស់ឈ្មោះ​ ឈឿន​ វី​ ភេទប្រុស​ អាយុ​ ៣៥ឆ្នាំ​ ជនជាតិខ្មែរ​ និងកូនដៃទូកឈ្មោះ​ ឈឿន​ វិន​ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ​ ជនជាតិខ្មែរ​ ។

អ្នកនេសាទទាំង៦នាក់ ស្នាក់នៅទំនប់រលក ស្ថិតនៅក្រុម៣១ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ៕

 

អត្ថបទដែលជាប់ទាក់ទង