ក្រសួងព័ត៌មាន បើកសិក្ខាសាលាពិគ្រោះយោបល់ បន្តលើកសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន”
រាជធានីភ្នំពេញ ៖ នៅសាលចតុមុខមង្គល ទីស្តីការក្រសួងពត៌មាន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ មានរៀបចំសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់លើសេចក្តីព្រាង ” ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ” ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
គោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្ហាញ និងពិគ្រោះយោបល់លេី សេចក្តីព្រាង ” ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ” ដែលបានតាក់តែងឡើង ដោយផ្អែកលើធាតុចូល និងមតិយោបល់ របស់អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធ ក្នុងវិស័យព័ត៌មាន។
យោងតាមសេចក្តីព្រាង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលបានប្រមូលធាតុចូលកន្លងមកនេះ បានកត់ត្រា នូវក្របខណ្ឌនៃការងារប្រចាំថ្ងៃរបស់ខ្លួន ដែលអ្នកសារព័ត៌មាន ត្រូវអនុវត្តសកម្មភាព ក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ ត្រូវប្រកាន់ខ្ជាប់នូវការប្រតិបត្តិកាតព្វកិច្ច និងការទទួលខុសត្រូវ។
យ៉ាងណាក៏ដោយ កិច្ចទទួលខុសត្រូវលើវិជ្ជាជីវៈសារព័ត៌មាននៅក្នុងសេចក្តីព្រាង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ នឹងមានការផ្លាស់ប្តូរ រឺថែមថយ ខណៈមានសមាគមអ្នកសារព័ត៌មានចំនួន ៧ បានចូលរួមផ្លាស់ប្តូរមតិយោបល់ទៅលើសេចក្តីព្រាងនោះដែលមកពី ៖
១-) តំណាងអង្គការយូណេស្កូ
២-) ក្លឹបអ្នកកាសែតកម្ពុជា (CCJ)
៣-) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja)
៤-) សមាគមសារព័ត៌មានកម្ពុជា-ចិន
៥-) សមាគមសារព័ត៌មាន អភិវឌ្ឍវិជ្ជាជីវៈសារព័ត៌មាន
៦-) សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ (MSJ) និង
៧-) មជ្ឈមណ្ឌលព័ត៌មាន មូស្លីមកម្ពុជា បានអញ្ជើញចូលរួម។
សូមបញ្ជាក់ដែរថា គោលបំណង នៃការបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជានេះគឺ ដើម្បីរួមចំណែកគាំទ្រការលើកកម្ពស់ សេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការពង្រឹងគុណភាព និងសមត្ថភាពជំនាញ ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគ្រប់គ្រងសណ្តាប់ធ្នាប់ ក្នុងវិស័យព័ត៌មាន។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នេីបងប្អូន អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់អោយបាន នូវសីលធម៌ជាអ្នកសារព័ត៌មាន ព្រោះសារព័ត៌មាន បានដេីរតួនាទីសំខាន់ណាស់ ព្រោះសារព័ត៌មានជាអំណាចទី៤ គឺអំណាចសង្គម។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យអ្នកសារព័ត៌មាន ត្រូវសិក្សាបំពេញបន្ថែមពី ចំណេះដឹងផ្នែកសារព័ត៌មាន និងការអនុវត្តន៍ ឱ្យមានសណ្ដាប់ធ្នាប់សារព័ត៌មាន ស្របទៅតាម ធម្មនុញ្ញសារព័ត៌មាន ដេីម្បីដេីរឱ្យយទាន់សម័យកាល ជីឌីថល និងបច្ចេកវិទ្យាAI ។
ក្រៅពីនេះ ក៏បានកំណត់ផងដែរ នូវទិដ្ឋភាព ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ប្រកបដោយតុល្យភាព និងមានប្រភពច្បាស់លាស់ ព្រមទាំងចូលរួមទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាភាពជឿជាក់ និងទុកចិត្ត ក្នុងសង្គមជាតិទាំងមូល សំដៅលើកកម្ពស់វិស័យព័ត៌ មានដែលជាអំណាចទី៤ តាមគន្លងមាគ៌ានៃសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ ក្នុងការរួមចំណែក ការពារ និងថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
ក្រោយពេលដែល ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ត្រូវបានបង្កើតឡើង និងប្រកាសដាក់ឱ្យប្រើប្រាស់ហើយ នោះ និងធ្វើអោយបរិយាកាសអំណោយផល សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ នូវសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា ព្រមទាំងធានាបានលំហ និងសន្តិសុខព័ត៌មាន នៅប្រទេសកម្ពុជា៕