ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ បើកដំណើរការសាកល្បង ខ្សែរថភ្លើងលើផ្លូវដែក ទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត)ឡើងវិញ នៅព្រឹកថ្ងៃទី២៤ កក្កដានេះ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC) បានដំណើរការបើកសាកល្បងខ្សែរថ Kiha183-182 លើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូរ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ គឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558។
ដំណើរការបើកសាកលល្បង រថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ)នេះ គឺដើម្បីពិនិត្យមើលផ្លូវដែក សម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅ អ្នកដំណើរពីការដំណើរការឡើងវិញ ខ្សែរថ សម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាករយៈពេលវែង។
ដំណើរការសាកល្បងនេះ ក៏ដើម្បីឱ្យក្រុមការងារបច្ចេកត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម, ទ្វារចេញ-ចូល, ម៉ាស៊ីនត្រជាក់, ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថា មានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗ ដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ថា ខ្សែរថសម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) បានផ្អាករយៈពេលវែង ចាប់ពីការរីករាលដាល នៃជំងឺកូវីដ-១៩មក។ ចំពោះការដឹកទំនិញ បានធ្វើឡើងជាប្រចាំ (៣ជើងក្នុងមួយសប្តាហ៍)៕