លោក ប៉ែន កុសល្យ ចុះសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ អភិបាលខេត្តត្បូងឃ្មុំដែលទើបឡើងកាន់ដំណែងថ្មី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានចុះជួបសួរសុខទុក និងជួបសំណេះសំណាល ជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបង្កើនភាពស្និតស្នាល និងទំនាក់ទំនងល្អ ប្រយោជន៍បម្រើសេវាជូន ប្រជាពលរដ្ឋ បានលឿន និងមានតម្លាភាព។
នៅក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់ រដ្ឋបាលស្រុកពញាក្រែក ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធិភាពបន្ថែមទៀត ជាពិសេសរក្សាបាននៅសាមគ្គីភាព រួបរួមគ្នា និងបំពេញនៅកិច្ចការងារភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរដើម្បីជួយឱ្យខេត្តត្បូងឃ្មុំ ទទួលបានភាពរីកចម្រើនជឿនលឿនទៅមុខជាបន្តទៀត។ ក្នុងនោះ លោកអភិបាល ក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងស្រុកពញាក្រែកទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីភាពរីកចម្រើនរបស់រដ្ឋបាលស្រុកទាំងមូល។
លោក អភិបាលបន្តថា ក្រៅពីបម្រើសេវាសាធារណៈ ការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ យើងទាំងអស់គ្នាត្រូវស្រាវជ្រាវ ទប់ស្កាត់ឱ្យបានដាច់ខាត ការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក្នុងនោះត្រូវបង្ក្រាបក្រុមក្មេងទំនើង ដែលបង្ករភាពអនាធិបតេយ្យ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត ដោយគ្មានការលើកលែង ឬអន្តរាគមន៍ដាច់ខាត ។
តាមរបាយការណ៍ របស់លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា សមិទ្ធិផលដែលស្រុកពញាក្រែកសម្រេចបាន និងកិច្ចការងារ ដែលនឹងកំពុងអនុវត្តបន្ត គិតត្រឹមសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ស្រុកពញាក្រែកយើង មានល្បឿនបង្ករបង្កើនផល ដំណាំស្រូវវស្សា សម្រេចបាន១៧,៥២៥ ហិកតា ដែលស្មើនឹង ៩៩,៤៩% នៃផែនការដាំដុះ។ រីឯវិស័យដទៃៗទៀតក៏មើលឃើញថា មានសន្ទុះនៃការកើនឡើងជាលំដាប់។ ក្នុងនោះ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈសរុបចំនួន ១៨,៩៤៥នាក់ ស្រីចំនួន១០,៨៩០នាក់ ផងដែរ៕