ប្រជាពលរដ្ឋ ៣ភូមិ នៅស្រុកកៀនស្វាយ ទទួលបានប្លង់ដីស្របច្បាប់ ពីរដ្ឋបាលខេត្តកណ្ដាល 

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិកណ្តាល និងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក និងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្ដាល បានឱ្យដឹងថា ថ្ងៃនេះគឺជាលើកទី២១៧ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិជ័យឧត្តម ឃុំសំរោងធំ ភូមិកណ្តាលក្រោម និងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ សរុបចំនួន ៤,១៦៣ប័ណ្ណ ដែលក្នុងនោះ៖ ភូមិជ័យឧត្តម ចេញប័ណ្ណបានចំនួន ១,២០៩ក្បាលដី ។ ភូមិកណ្តាលក្រោម ចេញប័ណ្ណបាន ១,៨៥៩ក្បាលដី និងភូមិកណ្តាល ចេញប័ណ្ណបាន ១,០៩៥ក្បាលដី។

នាឱកាសនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអបអរសាទរជាមួយ បងប្អូនប្រជាពលរដ្ឋ នៅភូមិកណ្តាល និងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក និងភូមិជ័យឧត្តម ឃុំសំរោងធំ នៃស្រុកកៀនស្វាយ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធិ របស់ខ្លួន។

លោកអភិបាលខេត្ត បន្តថា ការវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋគឺ ដើម្បីឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជា៖ យកទៅលក់. ជួល. បញ្ចាំ. ធ្វើអំណោយ។ល។

ម្យ៉ាងវិញទៀត ផ្អែកតាមប្រកាសរួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតម្រូវឱ្យម្ចាស់ដី/អ្នក កាន់កាប់ដី ចូលរួមចំណែកបង់សេវានៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែម្តងគត់ គឺនៅពេលមកទទួល យកប្លង់ដី ។

បន្ថែមលើនេះ លោកអភិបាលខេត្ត កណ្តាល ក៏បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាល​ស្រុក ត្រូវការពារសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ ដោយបន្តការខិតខំប្រឹងប្រែង​ សហការល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ​ ដេីម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនថ្នាក់ដឹកនាំ និងជូនប្រជាពលរដ្ឋ​ ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរ​ និងអ្នកវិនិយោគ​មកកាន់មូលដ្ឋានស្រុក​។ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ​របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ លេីការបង្រ្កាប​ ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មេីសគ្រឿងញៀន​ ល្បែងស៊ីសង​ ក្មេងទំនេីង​ និងគ្រោះថ្នាក់ចរាចរណ៍ ជាមួយគ្នានេះ ត្រូវបម្រេីសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសេីរ ក្នុងនៃនេះមេឃុំ​ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​ ស្មៀនឃុំ​ ត្រូវបង្កេីនសកម្មភាពបម្រេីសេវាសាធារណៈជូន ប្រជាពលរដ្ឋ​ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋានជូន ប្រជាពលរដ្ឋដល់ខ្នងផ្ទះ​ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង