កំណាត់ផ្លូវជាតិលេខ៤៨ បានកែសម្រួលឱ្យយានយន្ត ធ្វើដំណើរធម្មតាឡើងវិញ

ខេត្តកោះកុង ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លោក អន ដាវុធ បានឱ្យដឹងកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដាថា ទីតាំងចំណោតវរៈ ២ លើកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់ចំណុច គីឡូលេខ១៤២ ​ក្នុងភូមិសាស្ត្ររឃុំទទួលគរគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបាន​កែសម្រួលផ្លូវធ្វើដំណើរដែលខូចខាតធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀង បើកឱ្យយានយន្តគ្រប់ប្រភេទអាចធ្វើចរាចរណ៍ ជាបណ្តោះអាសន្នឡើងវិញ​ហើយ។ លោកបន្តថា ទីតាំងខាងលើនេះ គឺជា ​ទីតាំង​មានគ្រឿងចក្រកំពុងស្ថាបនាផ្លូវនេះ។
លោក អន ដាវុធ ​បន្ថែមថា ​រយៈពេល២ថ្ងៃកន្លងមកនេះ អាកាសធាតុមានភ្លៀងធ្លាក់ច្រើន ដែលបណ្តាលឱ្យកំណាត់ផ្លូវជាតិ​លេខ ៤៨មួយចំនួន រងផលប៉ះពាល់ ដោយសារ​ចរន្តទឹកហូរកាត់លើផ្លូវ ធ្វើឱ្យផ្លូវនេះ ​ច្រោះដីពិបាកក្នុងការធ្វើដំណើរចរាចរណ៍ទៅមក។
​ផ្តើមពីបញ្ហានេះ អាជ្ញាធរជំនាញ បានអំពាវនាវដល់ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤៨  ត្រូវ​ប្រុងប្រយ័ត្នខ្ពស់ ចំពោះការបើកបរ ព្រោះស្ថានភាពនៅលើកំណាត់ផ្លូវជាតិលេខ៤៨ មួយចំនួន មានភាពរអិល ជាពិសេសសូម​កុំបើកបរលឿន នៅទីតាំងផ្លូវមានចុះចំណោតបត់បែន ​ពេលមានភ្លៀងធ្លាក់ខ្លាំង ដើម្បី​បង្ការទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ៕
អត្ថបទដែលជាប់ទាក់ទង