អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិត អ្នកនេសាទ​ពីរនាក់ លិចទូកកណ្តាលសមុទ្រ

ខេត្តព្រះសីហនុ ៖ ក្រុមគ្រួសារ និងជនរ​ងគ្រោះ បុរសអ្នកនេសាទពីរនាក់ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់អ្នកឧកញ៉ាទៀ វិចិត្រ និងក្រុមការងារ របស់ក្រុមហ៊ុន​ ជី.ធី.វី.ស៊ី ( G.T.V.C ) ទាំងអស់ ដែលបានជួយសង្គ្រោះពួកគាត់ពីការលិចទូក នៅលើលម្ហសមុទ្រ នៅពេលយប់ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ខ្យល់ព្យុះបោកបក់ និងរលកសមុទ្រធំៗ​។
ស្ត្រីម្នាក់ ដែលជាគ្រួសារជនរងគ្រោះ បានថ្លែងទាំងទឹកភ្នែក ជាមួយលើកដៃទាំងពីរសំពះ អរគុណដល់ ទឹកចិត្តសប្បុរសធម៌ ក៏ដូចជាការជួយយកចិត្តទុកដាក់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារ ​ដែលបានជួយសង្គ្រោះ សាច់ញាតិ របស់គាត់ ទាន់ពេលវេលា ខណៈរូបគាត់ស្ទើរមិនជឿថា នឹងអាចមានជីវិតរស់នៅលើផែនដីនេះវិញទេ។
សូមបញ្ជាក់ថា អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី ( G.T.V.C ) បានបញ្ជូនអូរប័រ​ល្បឿនលឿន ឳ្យចុះល្បាត ​នៅលើលម្ហសមុទ្រ ​ខេត្តព្រះសីហនុ ដើម្បីស្វែងរក និងជួយសង្គ្រោះ បុរសអ្នកនេសាទ ចំនួន ២នាក់ ដែលទូក របស់គាត់ ត្រូវខ្យល់ព្យុះ រលកសមុទ្របោកបក់​ លិចនៅ​កណ្តាលសមុទ្រ ម្តុំខាងជើងកោះថាស នៅម៉ោងជាង ៨យប់ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០២៤។
បុរសរងគ្រោះទាំងពីរនាក់ ​មាន ​ឈ្មោះ​ ឃឹម​ ហូវ​ ភេទប្រុស​ អាយុ ​៤៥​ឆ្នាំ​ ​ជាម្ចាស់ទូក និងឈ្មោះ​ ផេន​ វុទ្ធី​ ភេទប្រុស​ អាយុ ២៦ឆ្នាំ​ មុខរបរកូនដៃទូក​ ។ ហើយ អ្នកទាំង​ ២​ ស្នាក់នៅទំនប់រលក ស្ថិតនៅភូមិ​៣​ សង្កាត់​៣​ ក្រុង​-ខេត្តព្រះសីហនុ​។
បុរសរងគ្រោះទាំង ពីរនាក់ ត្រូវបាន​ក្រុមការងារអូបរ័ល្បឿនលឿន របស់ អ្នកឧកញ៉ា ទៀ វិចិត្រ ​ស្វែងរកឃើញ និងបានជួយ​សង្គ្រោះ រួចផុតពីគ្រោះថ្នា​ក់ដល់អាយុជីវិត រួចដឹកមកកាន់កំពង់ផែក្រុងព្រះសីហនុ ដោយសុរវត្ថិភាព។
​ជនរ​ងគ្រោះ បានឳ្យដឹងថា ទូកនេសាទ របស់គាត់ ​បានលិចពេលមានភ្លៀងខ្លាំង ខ្យល់ព្យុះបោកបក់ និងរលកសមុទ្រខ្លាំង​ ។ ហើយ​ក្រោយទូក ​ក៏បានលិច ដោយពួកគាត់ បានតោងប៊ីដុងជ័រ ហែលបណ្តែតខ្លួន នៅលើទឹកសមុទ្រ ​ជិតមួយម៉ោង។ ទើប​សំណាង​ល្អ  ​បានក្រុមការងារសង្គ្រោះ របស់ អ្នកឧកញ៉ា ទៀ វិចិត្រ ស្វែងរកឃើញ និង​ជួយសង្គ្រោះ ទាំង​ក្នុងពេល​នៅលើ​លម្ហ​សមុទ្រ កំពុងមានភ្លៀងធ្លាក់ខ្លាំង  ខ្យល់បោកបក់ និងរលកធំៗផង។
បច្ចុប្បន្ន ជនរ​ងគ្រោះទាំង២នាក់ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា ទៀ វិចិត្រ បាននាំយកមកដីគោក នៅកំពង់ផែទេសចរណ៍ ដោយសុវត្ថិភាព៕
អត្ថបទដែលជាប់ទាក់ទង