អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ដាំកូនឈើ១៦០០ដើម ដើម្បីអបអរពិធីបុណ្យរុក្ខទិវា ៩ កក្កដា
ខេត្តត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រារពពិធីបុណ្យរុក្ខទិវា នៅក្នុងបរិវេណវត្តហោង ភូមិឆ្លូងទី២ ឃុំកំពាន់ ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ជាមួយការដាំកូនឈើ ១ ៦០០ដើម លើផ្ទៃដីជាង ១ហិកតា រួមមាន៖ ប្រភេទឈើ ក្រញូង បេង ធ្នង់ គគីរ ក្ងោក និងឥន្ធនេល ។
នាឱកាសនោះ លោក ប៉ែន កុសល្យ មានប្រសាសន៍ថា ការរៀបចំប្រារព្ធពិធីបុណ្យ រុក្ខទិវា ក្នុងថ្ងៃនេះគឺ ជាទិវាពលកម្មដាំដើមឈើ ជាប្រពៃណីជាតិ ក្នុងគោលបំណងចម្បង ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យព្រៃឈើ ដែលជាសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ មាតុភូមិ របស់សហគមន៍ និងរបស់ប្រជាពលរដ្ឋយើងគ្រប់ៗរូប ក៏ដូចជាការបង្ហាញឱ្យឃើញ អំពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាការពារ បង្កើនការយកចិត្តទុកដាក់លើ សម្បត្តិធម្មជាតិ ឱ្យរក្សាបានភាពគង់វង្សយូរអង្វែង សម្រេច នូវគោលដៅអភិវឌ្ឍសហសវត្សរ៍ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជំរុញចលនាបង្កើតគម្របបៃតង ឱ្យកាន់តែស្រស់ត្រកាល។
ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមដាំដើមឈើ និងផ្កាឱ្យបានគ្រប់ៗគ្នា ដើម្បីលើកសម្រសធម្មជាតិ ខេត្តត្បូងឃ្មុំ ទាំងមូល ក្នុងនោះត្រូវរួមគ្នាផុសអ្វី ដែលល្អៗ ដូចជា ៖ តំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្ត ដែលអាចផ្តល់ប្រយោជន៍យើងវិញទាំងអស់គ្នា ។
យោងតាមរបាយការណ៍ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤នេះ ដោយមានការយកចិត្តទុកដាក់ពី លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចរៀបចំពិធីដាំកូនឈើ អបអរសាទរពិធីបុណ្យ “រុក្ខទិវា ៩កក្កដា” នៅក្នុងបរិវេណវត្តហោង ភូមិឆ្លូងទី២ ឃុំកំពាន់ ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ដែលគ្រោងដាំកូនឈើចំនួន ១ ៦០០ដើម លើផ្ទៃដីជាង ១ហិកតា រួមមាន ៖ ប្រភេទឈើ ក្រញូង បេង ធ្នង់ គគីរ ក្ងោក និងឥន្ធនេល ។ ក្នុងនោះខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ ដែលជាសេនាធិការឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបណ្តុះកូនឈើជាច្រើនប្រភេទ ហើយបានចែកចាយកូនឈើទាំងនោះ ជូនដល់ ប្រជាពលរដ្ឋ ព្រះសង្ឃ អង្គភាពនានា ដាំតាមសាលារៀន វត្តអារាម ទីសាធារណៈ និងដាំក្នុងពិធីបុណ្យ រុក្ខទិវា សរុបចំនួន ៣៩,១៥០ដើម ។
នៅរយៈ៦ខែដើមឆ្នាំ២០២៤នេះ ខណ្ឌរដ្ឋបាលព្រៃឈើបានបណ្តុះកូនឈើចម្រុះប្រភេទ និងបានដាំក្នុងតំបន់រដ្ឋបាលខេត្ត និងចែកជូនទៅតាមបណ្តាអង្គភាព សាលារៀន វត្តអារាម និងប្រជាពលរដ្ឋ យកទៅដាំជាបន្តបន្ទាប់។
ទន្ទឹមនោះ មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ បានផ្សព្វផ្សាយ ជំរុញការអនុវត្តច្បាប់ លិខិតបទ ដ្ឋានគតិយុត្តជាបន្តបន្ទាប់៕