អភិបាលខេត្តត្បូងឃ្មុំ ណែនាំឱ្យបង្ក្រាបល្បែងស៊ីសង បទល្មើសគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង
ខេត្តត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំឱ្យស្ថាប័នតុលាការ កងកម្លាំងទាំង ៣ប្រភេទ ពន្ធនាគារខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង ៧ ត្រូវសហការគ្នាលុបបំបាត់ ឱ្យបាន ល្បែងជល់មាន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាក្មេងទំនើង ត្រូវជាន់ឱ្យជាប់ ហាមដាច់ខាតអន្តរាគមន៍។
ការលើកឡើង របស់លោក ប៉ែន កុសល្យ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ លោក ប៉ែន កុសល្យ មានប្រសាសន៍ថា មន្ត្រីរាជការទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីរដ្ឋបាលខេត្តត្បូងឃ្មុំទាំងមូល។ ក្នុងនោះ អ្នកពាក់ព័ន្ធទាំងអស់ ចាប់ពី ថ្នាក់ខេត្ត ដល់ភូមិ ត្រូវបន្តខិតខំជំរុញការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន ឱ្យល្អប្រសើរ ការពារឱ្យមានសុខដុមរមនា ផ្លូវកាយ និងផ្លូវចិត្ត តម្កល់ទុក នូវផលប្រយោជន៍ប្រជាជនជាធំ។
លោក ប៉ែន កុសល្យ បន្តថា សម្រាប់រដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើឱ្យមានភាពច្បាស់លាស់លើរបាយការណ៍ សម្រាប់គម្រោងអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ដើម្បីធានា ឱ្យបាននៅការអភិវឌ្ឍន៍របស់យើង ចំគោលដៅ និងគោលបំណងពលរដ្ឋ។
ជាមួយគ្នានេះ លោក ប៉ែន កុសល្យ ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំទូងស្គរ វាយគង ប្រគុំតន្ត្រីខ្នាតធំ និងអុជកាំជ្រួច ដើម្បីធ្វើការអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ហើយ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងអស់ ត្រូវចូលរួមអបអរសាទរទាំងអស់គ្នា ៕