ក្រុមការងារខ្មែរនិងអាមរិក កំពុងជួសជុលជណ្ដើរ៥ថ្នាក់ និងចម្លាក់តោនៅទិសខាងត្បូង នៃប្រាសាទភ្នំបាខែង

ខេត្តសៀមរាប ៖ ក្រោមកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិ ប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក កំពុងជួសជុលរចនាសម្ពន្ធជណ្តើរទាំង ៥ថ្នាក់ ទិសខាងត្បូង នៃប្រាសាទភ្នំបាខែង មកដល់ពាក់កណ្តាលឆ្នាំ២០២៤នេះ ជួសជុលសម្រេចបានជណ្ដើរចំនួន ៤ថ្នាក់ ចម្លាក់តោអមសងខាងជណ្តើរចំនួន៥ ហើយបន្តជួសជុលរចនាសម្ពន្ធជណ្ដើរចំនួន ១ថ្នាក់ទៀត។

ប្រធានការដ្ឋានជួសជុល នៅប្រាសាទភ្នំបាខែង លោក វ៉ាន វ៉ា ឱ្យដឹងថា ការងារជួសជុលកាំជណ្តើរចំនួន៥ថ្នាក់ របស់ប្រាសាទភ្នំបាខែងទិសខាងត្បូងសម្រេចបាន ៨០%ហើយ នៅសល់តែចំនួន១ថ្នាក់ទៀត ក្នុងចំណោមរចនាសម្ពន្ធជណ្តើរចំនួន៥ថ្នាក់ ដែលត្រូវនឹងប្រើពេលវេលាប្រមាណជា ៥ខែទៀត។

ចំណែកចម្លាក់តោអមសងខាងជណ្តើរ ទិសខាងត្បូងនេះ ប្រធានការដ្ឋានរូបនេះបញ្ជាក់ថា នៅសេសសល់តែតោចំនួន៥ ក្នុងចំណោមតោទាំង១២ ត្រូវបានក្រុមការងារជួសជុលរួចរាល់ហើយដែរ ព្រោះថាតោនីមួយៗខ្លះបាក់បែកផ្នែកជើងទម្រជើង ឬដងខ្លួន និងក្បាលជាដើម។

ចម្លាក់តោទាំងនោះ ក៏ធ្លាប់មានការជួសជុលម្តងមកហើយនៅសម័យអាណាព្យាបាលបារាំង។ ក្រៅពីនេះ គេឃើញមានបំណែកតោមួយចំនួនទៀត ដែលរងការខូចខាតធ្ងន់ធ្ងរ មិនអាចកំណត់អត្តសញ្ញាណ និងផ្គុំឡើងវិញបានទេ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា និងលោក វ៉ាន វា

អត្ថបទដែលជាប់ទាក់ទង