គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំជីគរ ស្ថាបនាផ្លូវ២គម្រោង បានដាក់ដេញថ្លៃ ជាសាធារណៈ នៅស្រុកត្បូងឃ្មុំ 

ខេត្តត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤ នៅសាលាឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបចំដំណើរការដាក់ដេញថ្លៃ ជាសាធារណៈនូវ គម្រោងសា្ថបនាផ្លូវ ចំនួន ២គម្រោង ដែលជាគម្រោងអភិវឌ្ឍន៍មូលនិធិឃុំជីគរ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ផ្ទាល់នៅមូលដ្ឋាន ស្រុកត្បូងឃ្មុំ ហើយដំណើការ នៃការដេញថ្លៃនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងមានតម្លាភាព។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោក ស៊ឺង គិរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលសាលាខេត្ត លោកមេឃុំជីគរ និងគណៈកម្មការឃុំ មន្រ្តីបច្ចេកទេសស្រុក ព្រមទាំងបណ្ដាក្រុមហ៊ុន ដេញថ្លៃសាងសង់ផ្លូវ និងមានអ្នកសារព័ត៌មានជាច្រើនអង្គភាព ចូលរួមផងដែរ។

មុនដំណើការដាក់ឲ្យដេញថ្លៃ លោកមេឃុំជីគរ បានឡើងសំណូមពរ ដល់ក្រុមហ៊ុន ដែលចូលរួមដេញថ្លៃ រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងគោរពតាមនីតិវិធី ផ្សេងៗ របស់ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដើម្បីធានាបានតម្លាភាព យុត្តិធម៌ គុណភាព និងទទួលយកបានទាំងអស់គ្នា។

បន្ទាប់ពីបានដំណើរការ ដាក់ប៊ីត (សំណើរដេញថ្លៃ) ដោយអនុវត្តន៍គោរពតាមគោលការណ៍ បានត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៍ គម្រោងមូលនិធិឃុំ រួចមក លោកមេឃុំជីគរ ក៏បានជម្រុញដល់ តំណាងក្រុមហ៊ុន ដែលទទួលបានសិទ្ធិស្ថាបនាគម្រោងទាំង២ ត្រូវអនុវត្តន៍អោយបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណា អនុវត្តគម្រោងសាងសង់ផ្លូវ ប្រកបដោយគុណភាព បម្រើផលប្រយោជន៍ជូន ប្រជាពលរដ្ឋ បានយូអង្វែង ។

សូមបញ្ជាក់ថា ជាលទ្ធផល ការដេញថ្លៃ នៃគម្រោងមូលនិធិអភិវឌ្ឍ ឃុំជីគរ គម្រោងទី១ គឺការសាងសង់ផ្លូវក្រាលគ្រួសក្រហម មានប្រវែង ៩៩០ម៉ែត្រ ទទឹង ៤ម៉ែត្រ ក្នុងភូមិសាស្រ្តភូមិវាលលិច និងភូមិវាលកើត បានទៅលើក្រុមហ៊ុនទទួលការ ឈ្មោះ សាម ស្រ៊ិន និងគម្រោងទី២ សាងសង់ផ្លូវបេតុង អាមេ ប្រវែង ៩០ ម៉ែត្រ ទទឹង ៤ម៉ែត្រ និងមានដាក់លូមូលមុខ បី ចំនួន ១ កន្លែង បានទៅលើក្រុមហ៊ុនទទួលការ ឈ្មោះ សៅ លីនដា សរុប ប៊ីត ដាក់ដេញថ្លៃទាំងអស់ មានចំនួន ៨ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង