រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យអភិបាលខេត្តត្បូងឃ្មុំថ្មី ត្រូវទប់ស្កាត់បទល្មើសតាមព្រំដែន ពិសេសគ្រឿងញៀន
ខេត្តត្បូងឃ្មុំ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ដល់ លោក ប៉ែន កុសល្យ ដែលទើបប្រកាសចូលកាន់តំណែងជា អភិបាលខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងនោះត្រូវសហការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ពិសេសការចរាចរណ៍គ្រឿងញៀនតាមបន្ទាត់ព្រំដែន ។
លើកឡើងដូច្នេះ ធ្វើឡើងក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
លោក ស សុខា មានប្រសាសន៍ថា នៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ទាក់ទាញ និងចូលរួមគាំទ្រគម្រោងវិនិយោគ ជាមួយវិស័យឯកជន ដើម្បីបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ព្រោះថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើ អ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។
លោកឧបនាយករដ្ឋមន្ត្រី បន្តថា ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះ មានភាគរយខ្ពស់បំផុត ក្នុងការប្រែក្លាយជនរងគ្រោះ ឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន និងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់ និងប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើសមាហរណ៍ចូលទៅក្នុងសហគមន៍វិញ។
ជាមួយគ្នានោះ លោក ស សុខា ក៏បានណែនាំទៅកាន់ អភិបាលខេត្តត្បូងឃ្មុំថ្មី ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខតាមខ្សែបន្ទាប់ព្រំដែន ជាពិសេសធានាការពារបូរណភាពទឹកដី ទប់ស្កាត់ឱ្យបាន នូវការនាំចូលទំនិញគ្មានគុណភាព ដើម្បីការពារសុខុមាលភាពប្រជាជន ទប់ស្កាត់និងបង្ក្រាបគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ និងក្រុមក្មេងទំនើង។
លោករដ្ឋមន្ត្រី បន្ថែមថា អភិបាលខេត្តថ្មី ត្រូវខិតខំប្រើប្រាស់គ្រប់វិធីសាស្ត្រ ដើម្បីកៀរគរគម្រោងវិនិយោគតម្លៃ ៥លានដុល្លារចុះ ដែលរាជរដ្ឋាភិបាលប្រគល់សិទ្ធិសម្រេច និងខិតខំរៀបចំកែច្នៃ បង្កើតកញ្ចប់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញទេចរណ៍ក្នុងស្រុក។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ត្រូវធ្វើជាគម្រូក្នុងការបណ្ដុះ និងសាបព្រោះវប្បធម៌ ស្អាតស្អំ តម្លាភាព និងគុណភាព នៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ចាប់ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ឃុំ សង្កាត់ ដូចជាការស្ថាបនាផ្លូវជាដើម ដែលកន្លងមកមានខេត្តមួយចំនួនមានភាពរញ៉េរញ៉ៃ ។
ឆ្លើយតប ការណែនាំខាងលើនេះលោក ប៉ែន កុសល្យ ដែលទើបទទួលតំណែងជាអភិបាលខេត្តត្បូងឃ្មុំ បានធ្វើការប្តេជ្ញាចិត្ត ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពតាមរដ្ឋធម្មនុញ្ញ ថែរក្សាសុខសន្តិភាព ដោយអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដោយធ្វើកិច្ចសការជាមួយ អាជ្ញាធរពាក់ព័ន្ធ មន្ទីជំនាញទាំងអស់ ពោលគឺធ្វើយ៉ាងរក្សាឱ្យបានដាច់ខាតនូវ សន្តិសុខសណ្តាប់ធ្នាប់ និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានល្អ និងទាន់ពេលវេលា ៕