គាំទ្រជិះទូកកម្សាន្ត នៅបារាយណ៍ជយតដាក ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ ក្នុងសហគមន៍ជុំវិញ

ខេត្តសៀមរាប ៖ សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ដែលបម្រើសេវាទេសចរជិះទូកកម្សាន្ត នៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកជិះទូកកម្សាន្តទស្សនាប្រាសាទនាគព័ន្ធ ស្ថិតនៅលើកោះកណ្តាលបារាយណ៍ ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជន រួមទាំងអភិវឌ្ឍន៍ក្នុងសហគមន៍ជុំវិញ បារាយណ៍ប្រវត្តិសាស្ត្រមួយនេះ បានកាន់តែល្អប្រសើរ។

លោក អ៊ា នាង ជាអ្នកភូមិសំរោង ឃុំលាងដៃ ក្នុងចំណោមអ្នកបម្រើសេវាចែវទូក របស់សហគមន៍បារាយណ៍ជយតដាក បានឱ្យដឹងថា ភ្ញៀវទេសចរ នឹងទទួលបានអារម្មណ៍សប្បាយប្លែក ជាមួយនឹងធម្មជាតិផ្សេងៗ ដែលលាក់ខ្លួននៅក្នុងបារាយណ៍បុរាណមួយនេះ លើសពីការដើរឆ្លងស្ពាន។

ការងារចែវទូកដឹកភ្ញៀវទេសចរ មួយផ្នែកបានផ្តល់ឱ្យលោក មានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងមួយផ្នែកទៀតសម្រាប់អភិវឌ្ឍក្នុងសហគមន៍ផង។

អ្នកចែវទូកម្នាក់ទៀត រស់នៅភូមិលាងដៃ ឃុំលាងដៃ ដែលជាជនពិការជើងម្ខាងផង លោក សឿន សុភាព បង្ហាញអារម្មណ៍សប្បាយចិត្តដែលសហគមន៍ ផ្តល់ការងារឱ្យលោកធ្វើជាអ្នកចែវទូក។

លោកបន្តថា ការគាំទ្រជិះទូកកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិពិតជាសំខាន់ណាស់ ដើម្បីឱ្យពលរដ្ឋនៅជុំវិញបារាយណ៍នេះ មានការងារធ្វើ។ ជាពិសេសជនពិការ ដូចជារូបលោក ដែលពិបាកស្វែងរកការងារធ្វើនៅឆ្ងាយផ្ទះ៕

អត្ថបទ: លោក យី សុថា

រូបភាព: លោក ភោគ ជា និងក្រុមការងារសហគមន៍

អត្ថបទដែលជាប់ទាក់ទង