គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្សរាល់ថ្ងៃ ក្នុងខេត្តព្រះសីហនុ មន្ត្រីនគរបាលជំនាញ អំពាវនាវដល់អ្នកបើកបរជិះយឺតៗ
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ ផ្លុវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបរ ត្រូវចូលរួមអនុវត្តច្បាប់ចរាចរណ៍ ឳ្យបានជាប្រចាំ និងត្រូវប្រុងប្រយ័ត្ន ក្នុងការបើកបរ គ្រប់វិនាទី ត្បិតគ្រោះថ្នាក់នេះ បានបណ្តាលឳ្យមានមនុស្សស្លាប់ និងរងរបួសរាល់ថ្ងៃ។
សារអំពាវនាវនេះ បានកើតឡើងបន្ទាប់ពី ក្នុងមូលដ្ឋានក្រុងព្រះសីហនុ បានកើតមានគ្រោះថ្នាក់ចរាចរណ៍រាល់យប់ថ្ងៃ ហើយភាគច្រើនកើតឡើងដោយសារកត្តាមនុស្ស ឬអ្នកបើកបរមិនគោរពភ្លើង ឬស្លាកសញ្ញាបញ្ជាចរាចរណ៍ ជាពិសេសបើកបរវ៉ាជែង ក្នុងល្បឿនលឿន ទើបបណ្តាលឳ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃបែបនេះ។
នគរបាលចរាចរណ៍ បន្តថា ដើម្បីកាន់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឬអត្រាស្លាប់ និងរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ គឺទាមទារ ឳ្យអ្នកបើកបរគ្រប់ៗរូប ចូលរួមគោរពច្បាប់ចរាចរណ៍ ឳ្យបានជាប្រចាំ ទោះចម្ហាយផ្លូវជិត ឬឆ្ងាយបែបណាក្តី។
សូមបញ្ជាក់ថា នៅម៉ោងប្រមាណ ៥ជិតភ្លឺ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ករណីទៀត បានកើតឡើង រវាងម៉ូតូ បុកប៉ះគ្នាជាមួយម៉ូតូ នៅម្តុំអណ្តូងអ៊ុនតាក់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឳ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ៕